កីឡាអន្តរជាតិ
អន្តរជាតិ
IShowSpeed ជួប Neymar នៅជប៉ុន!​ ខ្សែប្រយុទ្ធ PSG ​​ថា IShowSpeed ចង់ទៅរក Ronaldo សោះ
26, Jul 2023 , 4:39 pm        
រូបភាព
Neymar Jr ខ្សែប្រយុទ្ធក្រុម Paris Saint Germain បង្កើតរឿងរ៉ាវដ៏អស់សំណើចមួយនៅពេលដែល IShowSpeed តារា Youtuber ដ៏ល្បីបានជួបគេនៅក្នុងការប្រកួតរវាងក្រុម Al-Nassr និង PSG ក្នុងប្រទេសជប៉ុន។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលថា IShowSpeed មករក Cristiano Ronaldo មិនមែនជារូបគេឡើយ។



IShowSpeed ជារហស្សនាមនៅលើ YouTube ដោយបុរសជនជាតិអាម៉េរិក វ័យ ១៨ឆ្នាំរូបនេះមានឈ្មោះដើមថា Darren Watkins Jr និងជាតារាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញអ៊ិនធឺណិត និង YouTube។ IShowSpeed មានចំនួនអ្នកតាមដានរូបគេនៅលើ YouTube ប្រមាណជាង ១៧លាននាក់គិតដល់ពេលនេះ ហើយគេគឺជាអ្នកគាំទ្រ Ronaldo ដ៏ងប់ងល់ម្នាក់។
  


ជំនួបមិត្តភាពក្នុងប្រទេសជប៉ុនរវាងក្រុម Al-Nassr ទល់នឹងក្រុមជើងឯកបារាំង PSG កាលពីថ្ងៃទី២៥ ខែកក្កដា បានបញ្ចប់ទៅដោយលទ្ធផល​ ០-០។ IShowSpeed បានចូលរួមការប្រកួតនោះ ដោយរូបគេទទួលបានឱកាសជួប Neymar ពេលនោះ Speed បានពាក់អាវក្រុមជម្រើសជាតិប្រេស៊ីលនាពេលជួបគ្នានោះ។
 
នៅពេលដែល Speed បានជួប Neymar ហើយបានប្រាប់ទៅកាន់តារាបាល់ទាត់ប្រេស៊ីលថារូបគេគឺទៅទីនោះដើម្បីឃើញ Neymar ភ្លាមៗនោះ ខ្សែប្រយុទ្ធក្រុម PSG បាននិយាយបកមកវិញដោយបង្កើតរឿងរ៉ាវដ៏អស់សំណើចថា Speed មកទីនេះដើម្បីតែ ​Ronaldo តែប៉ុណ្ណោះ។
 
វីដេអូផ្សាយផ្ទាល់របស់ ​IShowSpeed នៅលើបណ្តាញ YouTube ដោយមានឃ្លាមួយ «ខ្ញុំមកទីនេះដើម្បីឃើញអ្នក» បន្ទាប់មក Neymar បាននិយាយបកវិញបែបលេងសើចថា «អ្នកមកទីនេះដើម្បី Ronaldo»។
 
យ៉ាងណាក្នុងការប្រកួតទល់នឹងក្រុម PSG ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Ronaldo បានបង្ហាញទម្រង់លេងយ៉ាងល្អអំឡុងការប្រកួតត្រៀមបើករដូវកាលថ្មីនេះផងដែរ។ សកម្មភាពរបស់ Ronaldo ក្នុងការប្រកួតនោះក៏បង្កើតភាពទាក់ទាញដល់ការប្រកួតផងដែរ។
 
អំឡុងជំនួបនោះទៀតសោត Neymar មិនត្រូវបានចូលរួមប្រកួតឡើយដោយគេបានស្ថិតនៅកៅអីបម្រុងតែប៉ុណ្ណោះ កីឡាករសញ្ជាតិប្រេស៊ីល មិនទាន់វិលចូលសកម្មភាពបាល់ទាត់វិញឡើយ បន្ទាប់ពីរងរបួសដាច់សរសៃកជើងកាលេពីរដូវកាលមុនមក៕
 

Tag:
 Neymar Jr
  IShowSpeed
© រក្សាសិទ្ធិដោយ thmeythmey.com