កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រហ្វីលីពីនសប្បាយផង យំផង ក្រោយក្រុមឈ្នះប្រកួតនៅ World Cup ដំបូងក្នុងប្រវត្តិសាស្ត្រ
26, Jul 2023 , 6:59 pm        
រូបភាព
អ្នកគាំទ្រក្រុមកីឡាបាល់ទាត់នារីហ្វីលីពីនរាប់រយនាក់បានអបអរ និងអ្នកខ្លះយំផង ក្រោយក្រុមយកឈ្នះម្ចាស់ផ្ទះនូវែលសេឡង់ក្នុងការប្រកួត FIFA Women's World Cup ដែលជាជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។



កីឡាការិនី Sarina Bolden ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះដោយតែតបញ្ចូលទីនៅនាទី២៤ ជួយហ្វីលីពីឈ្នះនូវែលសេឡង់ ១-០ ដើម្បីទទួលបាន៣ពិន្ទុដំបូងក្នុងពូល A នាជំនួបលើកទី២ នៅថ្ងៃទី២៥ ខែកក្កដា។ 
 
ជ័យជម្នះជាលើកដំបូងក្នុងប្រត្តិសាស្ត្រ World Cup របស់ក្រុមនារីហ្វីលីពីន បានធ្វើឱ្យអ្នក​គាំទ្រ​រំភើប​ចិត្ត​ ទាំងអ្នក​ទស្សនាការ​ប្រកួត​បន្ត​ផ្ទាល់ ​និងនៅ​លើ​អេក្រង់​ទូរទស្សន៍នៅក្នុងប្រទេសហ្វីលីពីន។ ក្នុង​ក្រុង​ម៉ានីល អ្នកគាំទ្របានអបអរដោយការស្រែកច្រៀង​ ហើយអ្នកខ្លះទៀតរំភើបចិត្តដល់ទប់ទឹកភ្នែកលែងជាប់។
 
អ្នកគាំទ្រហ្វីលីពីន Bethany Talbot រំជួលចិត្តយ៉ាងខ្លាំងពោលគឺតាំងពីកីឡាការិនី Bolden តែតបញ្ចូលទីម្លេះ។ អ្នកគាំត្រវ័យ២១ឆ្នាំរូបនេះអះអាងថានាងទប់ទឹកភ្នែកលែងជាប់ដោយសារក្រុមនារីហ្វីលីពីនឈ្នះក្នុងការប្រកួត World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្រៅពី Talbot អ្នកគាំទ្រជាស្ត្រី ច្រើនទៀតសុទ្ធតែបង្ហាញអារម្មណ៍រំជួលចិត្ត។
 
អ្នកគាំទ្រម្នាក់ទៀតឈ្មោះ Christopher Andrew Datu វ័យ ៤០ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា ៖ « ជាក្តីស្រមៃមួយហើយដែលបានលេងនៅ World Cup តែការឈ្នះប្រកួតដំបូងនេះ ពិតជាអស្ចារ្យបំផុត។ វាគឺជាសុបិនក្លាយជាការពិត វាដូចជាការប្រាប់ទៅកាន់ក្រុមថាអ្នកអាចធ្វើបាន អ្នកអាចលេងបាល់ទាត់បាន​ អ្នកគឺស្ថិតនៅចំណោមលំដាប់ពិភពលោក។»។
 
ឆ្លងកាត់ការប្រកួត២លើក ហ្វីលីពីនស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាងពូល A ស្មើក្រុមលេខ២នូវែលសេឡង់ ដែលមាន៣ពិន្ទុដូចគ្នា។ ស៊្វីស ឈរកំពូលតារាងមាន៤ពិន្ទុ ស្របពេលន័រវែសនៅបាតតារាងមាន១ពិន្ទុ ពីការប្រកួត២លើកដូចគ្នា។ ក្រុមទាំង៤ក្នុងពូលនេះ នៅសល់ឱ្យកាសប្រជែងទៅវគ្គខ្វែងនៅជំនួបចុងក្រោយ។
 
ជំនួបកាត់សេចក្តីចុងក្រោយពូល A ហ្វីលីពីនប៉ះន័រវែស ស្របពេលម្ចាស់ផ្ទះនូវែលសេឡង់ ជួបស៊្វីស នៅថ្ងៃទី៣០ ខែកក្កដា៕
 

Tag:
 Women\'s World Cup
© រក្សាសិទ្ធិដោយ thmeythmey.com