កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករៀបចំ ចង់ឲ្យព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកប៉ារីស ផ្ដល់បទពិសោធន៍ថ្មីដល់ប្រតិភូចូលរួម
27, Jul 2023 , 7:59 am        
រូបភាព
លោក Tony Estanguet ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ ក្រុងបារីស ជឿថា Paris 2024 មានសារៈសំខាន់ណាស់ក្នុងការស្ដាឡើងនូវវិស័យកីឡា និងជាការបង្ហាញថាទីក្រុងនេះ នឹងផ្ដល់ជូននូវអនុស្សាវរី ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម។



យោងទៅលើការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែកក្កដា លោក Tony Estanguet បាននិយាយថា ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នឹងក្លាយជាសកម្មភាពកីឡាមួយ ដែលជាគំរូ ដល់ពិភពលោក។ ប្រធានរូបនេះ ពន្យល់ថា ប្រតិភូកីឡាចូលរួមទាំងអស់ នឹងទទួលបទពិសោធន៍ផ្សេងៗ ដែលខុសពីអ្វី ដែលពួកគេបានឆ្លងកាត់ក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក បានធ្វើកន្លងមក។ 
 
ក្រៅអំពីការផ្ដល់ជូននៅការប្រកួតប្រជែង ដ៏ល្អសម្រាប់អត្ដពលិក លោក Tony Estanguet ក៏បានផ្ដល់បទសម្ភាសទៅកាន់ France 24 ថាបញ្ហាសុវត្ថភាព គឺជារឿងចម្បង ដែលគណៈកម្មាធិការរៀបចំត្រូវយកចិត្តទុកដាក់។ ចំពោះការរៀបចំ និងត្រៀមលើបញ្ហាសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់ លោក Tony Estanguet បញ្ជាក់ថា ត្រូវបានត្រៀមចាប់តាំងពីដើមឆ្នាំ២០២០ មកម្លេះ។ សុវត្ថិភាព គឺត្រូវបានត្រៀមទាំងសម្រាប់ការប្រកួត និងសម្រាប់អ្នកចូលរួមទស្សនា។
 
«អ្វី ដែលសំខាន់នោះ គឺមធ្យោបាយ ដ៏មានប្រសិទ្ធភាព ចំពោះសុវត្ថិភាព សម្រាប់ការប្រកួត មិនធ្លាប់មានពីមុនមក ដោយមានការសហការជាមួយអន្ដរជាតិ។ ប៉ុន្ដែ សម្រាប់ប្រទេសយើង ដូចជាមិនមានបញ្ហាអ្វីចំពោះ អ្នកចូលរួមនោះទេ។ យើង ក៏មានអ្នកជំនាញផ្នែកនេះដែរ។ យើង ត្រូវជឿជាក់ លើរឿងនេះ។»។ ប្រធានរូបនេះ បានប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងប្រព្រឹត្តទៅនៅប្រទេសបារាំងចាប់ពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា រីឯ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នឹងត្រូវធ្វើពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕
 

Tag:
 Paris 2024
  Tony Estanguet
© រក្សាសិទ្ធិដោយ thmeythmey.com