កីឡាអន្តរជាតិ
អន្តរជាតិ
គ្រួសារ Mbappe ព្រមទទួលសំណើពីក្លិប Al-Hilal ខណៈ Mbappe គ្មានការឆ្លើយតប
27, Jul 2023 , 9:29 am        
រូបភាព
ក្រុមគ្រួសាររបស់តារាបាល់ទាត់ក្រុម Paris Saint Germain ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានរាយការណ៍ថាយល់ព្រមទទួលសំណើក្នុងការផ្លាស់ទៅកាន់ក្លិប Al-Hilal។ យ៉ាងណា​​ការសម្រេចចិត្តលើបញ្ហាអនាគតពីសំណាក់កីឡាករ នៅមិនទាន់បានកើតឡើងនៅឡើយ​ ។



តាមរយរបាយការណ៍របស់កាសែត Di Marzio ក្រុមគ្រួសាររបស់ Mbappe ថាពួកគេរីករាយជាមួយនឹងការដាក់សំណើនូវតម្លៃបំបែកកំណត់ត្រាពិភពលោក ពីសំណាក់ក្លិប Al-Hilal មកលើ Mbappe។ 
  


ក្រុមគ្រួសារ Mbappe បានអះអាងបន្ថែមថា ពួកគេបើកចំហក្នុងការចាកចេញពីប្រទេសបារាំង សម្រាប់ការលេង ១រដូវកាល នៅក្នុងក្របខណ្ឌ Saudi Pro League មុនពេលផ្លាស់ទៅកាន់ក្រុម Real Madrid នៅរដូវកាលបន្ទាប់មួយទៀត។
 
កាលពីពេលថ្មីៗនេះ ក្លិប PSG បានប្រកាសថា ខ្លួនបានបើកឱកាសដល់ក្លិប Al-Hilal ជជែកជាមួយនឹង Mbappe បន្ទាប់ពីពួកគេបានដាក់សំណើជាទឹកប្រាក់ប្រមាណ ៣៣៣លានដុល្លារ សម្រាប់នាំយក Mbappe ចេញពីទឹកដីប្រទេសបារាំង ទៅកាន់​ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត។ តែយ៉ាងណា វាត្រូវការសម្រេចចិត្តពីសំណាក់កីឡាករផ្ទាល់។
 
ចាប់តាំងពីខ្សែប្រយុទ្ធ ២៤ឆ្នាំ បានប្រកាសអំពីគោលជំហររបស់គេទៅកាន់ក្លិប PSG កាលពីដើមខែកក្កដា ថា គេនឹងមិនព្រមបន្តកុងត្រាបន្ថែមទៀតឡើយ ក្រោយរដូវកាល ២០២៣-២៤។ ក្លិប PSG ត្រូវបង្ខំចិត្ត បើកទ្វារទទួលយកសំណើនៃការចង់បាន Mbappe ពីសំណាក់ក្លិបធំៗតំបន់អឺរ៉ុបដែលចង់បានរូបគេ។
 
«យើងចង់ឱ្យគេបន្តស្នាក់នៅ តែក៏មិនឱ្យចេញដោយគ្មានតម្លៃខ្លួនដែរ នេះជាអ្វីដែលមានក្នុងកិច្ចព្រមព្រៀងរបស់យើង។ […]»។ នេះបើតាមសម្តីរបស់ប្រធានក្លិប PSG លោក Nasser Al-Khelaifi កាលពីប៉ុន្មានសប្តាហ៍មុននេះ។
 
Mbappe នៅសល់កិច្ចសន្យារយៈពេល ១រដូវកាល ជាមួយ PSG តែគេហាក់បីជាចង់បានក្លិបថ្មី ជាពិសេស Real Madrid ដែលចង់បានរូបគេនោះឱ្យដាក់សំណើចំពោះរូបគេ ស្របពេលដែល PSG មិនចង់បាត់បង់គេដោយគ្មានតម្លៃខ្លួន។ ការផ្តល់ភ្លើងខៀវដល់ក្លិប Al-Hilal បានបញ្ជាក់ពីបំណងរបស់ PSG ក្នុងការលក់ Mbappe ដើម្បីទទួលប្រាក់មកវិញតាមតែអាចធ្វើទៅបាន។
 
PSG បានបច្ចុប្បន្នកំពុងតែធ្វើដំណើរប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីនៅក្នុងប្រទេសជប៉ុន ប៉ុន្តែវត្តមានរបស់ Mbappe ក្នុងក្រុមសម្រាប់ការប្រកួតទីពីរគឺមិនមានឡើយ បើទោះជាគេរកបានគ្រាប់បាល់នៅការប្រកួតកាលពីសប្តាហ៍មុនដ៏ដោយ។ នាថ្ងៃទី២៥ ខែកក្កដា PSG បានប្រកួតស្មោះជាមួយនឹងក្រុម Al-Nassr ០-០៕ 
 

Tag:
 Kylian Mbappe
  Al-Hilal
© រក្សាសិទ្ធិដោយ thmeythmey.com