កីឡាអន្តរជាតិ
អន្តរជាតិ
Taylor ​សមាជិកក្រុម Inter Miami សរសើរ Messi ថានៅតែមានសមត្ថភាពខ្ពស់
27, Jul 2023 , 1:59 pm        
រូបភាព
​កីឡាករ Robert Taylor ខ្សែប្រយុទ្ធក្រុម Inter Miami សរសើរមិត្តរួមក្រុមថ្មី Lionel Messi នៅតែមានសមត្ថភាពខ្ពស់ និងជាកីឡាករល្អបំផុតលើលោក តាមរយៈការបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះទោះឈានដល់វ័យ៣៦ឆ្នាំ។ Messi រួមចំណែងយ៉ាងសំខាន់ក្នុងការជួយ Miami ឈានទៅវគ្គបន្តពានរង្វាន់ League Cup។



Messi ចាប់ផ្តើមការប្រកួតដំបូងបង្អស់សម្រាប់ Inter Miami ដោយរូបគេរកបានគ្រាប់បាល់ ១គ្រាប់ ក្នុងជ័យជម្ណះលទ្ធផល ២-១ ទល់ក្រុម Cruz Azul មុនពេល រកបាន ២គ្រាប់បន្ថែមទៀត ក្នុងជ័យជម្នះលទ្ធផល ៤-០ លើក្រុម Atlanta United នៅថ្ងៃទី២៥ ខែកក្កដា។ 
  


នៅពេលឃើញ ​Messi បង្ហាញសមត្ថភាពដ៏អស្ចារ្យ  Robert Taylor ដែលជាកីឡាករម្នាក់បានបញ្ជូនបាល់ ១គ្រាប់ដល់ Messi ហើយរូបគេផ្ទាល់ក៏រកបាន ២គ្រាប់ក្នុងការប្រកួតទល់ក្រុម Atlanta United បានបង្ហាកោតសរសើរប្រធានក្រុមអាហ្សង់ទីនរូបនេះ។
 
ចំពោះសមត្ថភាពដ៏ខ្លាំងពូកែរបស់មិត្តរួមក្រុមថ្មីមានឥទ្ធិពលខ្លាំងចំពោះទម្រង់លេងក្រុម Taylor បាននិយាយដូច្នេះថា ៖ «​គេគឺជាកីឡាករល្អបំផុតលើពិភពលោក ដូច្នេះនេះជាអ្វីដែលគេបានធ្វើ។ អ្នករាល់គ្នាបានឃើញហើយនូវអ្វីដែលគេបានធ្វើ​ គេអាចគ្រប់គ្រងបាល់យ៉ាងល្អ គេអាចធ្វើអ្វីបានគ្រប់យ៉ាងជាមួយនឹងបាល់ គេអាចទាំងគ្រប់គ្រងវានៅកន្លែងចង្អៀត និងការសម្រេចចិត្តត្រឹមត្រូវ ១០០ភាគរយថែមទៀត។ […] ដូច្នេះខ្ញុំគិតថាគេនឹងអាចនាំមកនូវគុណភាពខ្លាំងសម្រាប់ក្រុម ក្នុងការប្រកួតប្រជែង។»។
 
បន្ទាប់ពីបង្ហាញខ្លួនលេងឱ្យក្រុមបានប្រមាណ ៧៨នាទីនៃការប្រកួត Messi បានប្តូរចេញ ក្រោយពេល ​Busquets អតីតមិត្តរួមក្រុមនៅ Barcelona បានផ្លាស់ចេញ ដែលជាការបង្ហាញខ្លួនលើកដំបូងសម្រាប់គេដូចគ្នាក្នុងក្របខណ្ឌ Major League Soccer។
 
បន្ទាប់ពីបានចូលរួមលេងជាមួយនឹង Messi ឡើងវិញ Busquets ក៏បានបង្ហាញ​ភាពរីករាយដែលបានលេងជាមួយនឹងអតីតមិត្តរួមក្រុមកាលនៅ ​Barca ជាថ្មី។
 
«ច្រើនឆ្នាំដែលយើងបានលេងជាមួយគ្នា វាជារឿងងាយស្រួលក្នុងការលេងជាមួយគេ ខ្ញុំពិតជារីករាយដែលបានស្ថិតនៅជាមួយគេ។ វាគឺជាការបង្ហាញទម្រង់លេងមួយដ៏ល្អហើយ ខ្ញុំពិតជាចង់ប្រាប់ថា យើងនឹងធ្វើឱ្យអ្នកគាំទ្រយើងរីករាយ។»។ Busquets បាននិយាយបែបនេះក្រោយពេលការប្រកួតដែលបង្ហាញខ្លួនលើកដំបូង។
 
ឈ្នះក្រុម Atlanta United លទ្ធផល ៤-០ បានរុញច្រានក្រុម Inter Miami ឡើងទៅកាន់វគ្គជម្រុះ ៣២ក្រុមចុងក្រោយនៃពានរង្វាន់ League Cup ដែលជាការប្រកួតរវាងក្រុមស្ថិតក្នុង MLS ទល់ក្រុមស្ថិតក្នុងក្របខណ្ឌ Liga MX របស់ប្រទេសម៉ិកស៊ិក៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com