កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ច្រានចោលសំណើថ្លៃពលកម្មកប់ពពកជិត៨០០លានដុល្លារ ពីក្លិប Al-Hilal
27, Jul 2023 , 5:39 pm        
រូបភាព
ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Kylian Mbappe បានប្រានចោលសំណើតម្លៃផ្ទេរបំបែកកំណត់ត្រា និងថ្លៃប្រាក់ពលកម្មដ៏មហិមារបស់ក្លិបអារ៉ាប៊ីសាអូឌីត ​Al Hilal បើទោះជារូបគេកំពុងបង្ហាញការចង់ចាកចេញពីទឹកដីបារាំងក្នុងរដូវកាលនេះក្តី​។ នេះបើតាមរបាយការណ៍ ដែលចុះផ្សាយដោយកាសែត RMC Sports។



ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង បានបដិសេធក្នុងការបន្តកិច្ចសន្យាថ្មីជាមួយនឹងក្រុម Paris Saint Germain កាលពីពេលថ្មីៗនេះ ហើយកិច្ចសន្យារយៈពេលនៅសល់រយៈពេល ១ឆ្នាំ តែប៉ុណ្ណោះ ជាមួយក្រុមជើងឯកលីគកំពូលបារាំង។ 
 
ក្លិប ​PSG ក៏បានចេញមុខអះអាងដែរថា ពួកគេនឹងមិនអនុញ្ញាតឱ្យ Mbappe ចាកចេញដោយគ្មានតម្លៃខ្លួន ដែលក្លិបមិនបានប្រាក់ចំណេញអ្វីនោះដែរ។ បច្ចុប្បន្ន PSG កំពុងតែធ្វើដំណើរប្រកួតមិត្តភាពនៅក្នុងប្រទេសជប៉ុន តែពួកគេមិនបានដាក់ឈ្មោះរបស់ Mbappe នៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្រុមឡើយ ខណៈដែលពួកគេចង់លក់ Mbappe រដូវកាលនេះ។
 
កីឡាករវ័យ ២៤ឆ្នាំ ត្រូវបានក្លិប Al-Hilal ផ្តល់សំណើនូវប្រាក់ថ្លៃពលកម្មប្រមាណ ៧០០លានអឺរ៉ូ (៧៧៧លានដុល្លារ) ក្នុងមួយឆ្នាំ ហើយថែមទាំងផ្តល់សំណើនៃក្នុងការផ្ទេរតម្លៃប្រមាណ ៣៣៣លានដុល្លារ ដល់ក្លិប PSG។
 
តម្លៃដែលក្លិប Al-Hilal បានដាក់សំណើទៅកាន់ក្រុម PSG បានក្លាយជាតម្លៃមួយ ដែលនឹងអាចបំបែកកំណត់ត្រាផ្ទេរ​ដែលមានតម្លៃថ្លៃបំផុត ដោយក្រុម PSG បានចុះកិច្ចសន្យានាំយក Neymar Jr ពីក្រុម Barcelona កាលពីឆ្នាំ ២០១៧ តម្លៃ ២២២លានអឺរ៉ូ (២៤៦,៥លានដុល្លារ)។
 
ទោះបីជា Mbappe កំពុងឈានចូលឆ្នាំដ៏សំខាន់មួយនៃអាជីពរបស់គេ ហើយកីឡាករវ័យ ២៤ឆ្នាំ ក៏ប្រហែលជាមិនចង់ផ្លាស់ទៅតំបន់មជ្ឈិមបូព៌ាឡើយ ក្រៅពីតំបន់អឺរ៉ុប ព្រោះថាកីឡាករសញ្ជាតិបារាំងរូបនេះ ចង់កសាងកេរ្តិ៍ឈ្មោះរបស់គេបន្ថែមទៀតនៅក្នុងបាល់ទាត់អឺរ៉ុប។ 
 
យ៉ាងណាលើការផ្លាស់ប្តូរនេះ ក្លិប ​Real Madrid នៅតែជាក្រុមនាំមុខគេ ដែលអាចជាទីកន្លែងបន្ទាប់ សម្រាប់កីឡាករសញ្ជាតិបារាំងចង់ទៅចូលរួម ហើយក៏ឈានមុខគេក្នុងការនាំយក Mbappe បើទោះជាមានក្លិបដទៃផ្សេងទៀត កំពុងតែដាក់ការចាប់អារម្មណ៍ដូចគ្នា៕
 

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com