អន្តរជាតិ
លោក ឡយ អូស្ទីន ថា អាម៉េរិកមិនចង់មានមូលដ្ឋានទ័ពអចិន្ត្រៃយ៍ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ឡើយ
28, Jul 2023 , 9:59 am        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន អះអាងថា អាម៉េរិកមិនស្វែងរក មូលដ្ឋានយោធាអចិន្ត្រៃយ៍នៅប៉ាពូអាស៊ីនូវែលហ្គីណេឡើយ ប៉ុន្តែនឹងជំរុញសមត្ថភាពរបស់ប្រទេសប៉ាស៊ីហ្វិកមួយនេះក្រោមកិច្ចព្រម​ព្រៀងការពារជាតិថ្មីមួយ។

 
ក្នុង​ដំណើរទស្សនកិច្ចលើកដំបូងនៅទីក្រុងព័រម៉ូរេសប៊ី ប្រមុខការពារជាតិអាម៉េរិក ឡយអូស្ទីន បានជួបជាមួយនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ James Marape ហើយបានពិភាក្សាអំពីទំនាក់ ទំនងកាន់តែស៊ីជម្រៅ។ លោក អូស្ទីន ប្រកាសថា នាវាឆ្មាំសមុទ្រអាម៉េរិកនឹងទៅប៉ាពូអាស៊ីនូវែលហ្គីណេក្នុងខែសីហាក្រោមកិច្ចព្រមព្រៀងអនុវត្តច្បាប់ដែនសមុទ្រ។
 
កន្លងមក ប៉ាពូអាស៊ីនូវែលហ្គីណេ និងអាម៉េរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិ​ការ​ការពារជាតិដែលកំណត់ក្របខ័ណ្ឌសម្រាប់ក្រុងវ៉ាស៊ីនតោនក្នុងការជួសជុលកំពង់ផែ និង​អាកាសយានដ្ឋានសម្រាប់ការប្រើប្រាស់សម្រាប់យោធា និងស៊ីវិលរយៈពេល១៥ឆ្នាំ។
 
«ខ្ញុំគ្រាន់តែចង់ឱ្យច្បាស់យើងមិនស្វែងរកមូលដ្ឋានអចិន្ត្រៃយ៍នៅក្នុងប៉ាពូអាស៊ីនូវែលហ្គីណេទេ»។ លោក អូស្ទីន ថ្លែងក្នុងសន្និសីទសារព័ត៌មានបែបនេះមួយនៅរដ្ឋធានីព័រម៉ូរេសប៊ី។ 
 
​បើតាមលោក អូស្ទីន ប្រទេសទាំងពីរនឹងធ្វើទំនើបកម្មកម្លាំងការពាររបស់ប្រទេសនៅតំបន់​ប៉ាស៊ីហ្វិក​នេះ ហើយជំរុញប្រតិបត្តិការរួមគ្នា។ គោលដៅរបស់ប្រទេសទាំងពីរគឺធ្វើឱ្យប្រាកដថាមានការពង្រឹង​សមត្ថភាពរបស់ប៉ាពូអាស៊ីនូវែលហ្គីណេដើម្បីការពារខ្លួន និងការពារផលប្រយោជន៍ប្រទេស។
 
សភារបស់ប៉ាពូអាស៊ីនូវែលហ្គីណេមិនទាន់បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារជាតិខាងលើនៅឡើយទេ។ អ្នកនយោបាយប្រឆាំងក៏មិនពេញចិត្តកិច្ចព្រមព្រៀងនេះព្រោះអាចខកឱកាសធ្វើ​ជា​ដៃគូ​ពាណិជ្ជកម្មដ៏សំខាន់ជាមួយចិន។ 
 
ឯលោក Marape និយាយថា តំបន់ប៉ាស៊ីហ្វិកមិនមែននិយាយអំពីសង្រ្គាមទេ ប៉ុន្តែលើកឡើងពីសន្តិភាព ការអត់ឱន ការលើកកម្ពស់តម្លៃលទ្ធិប្រជាធិបតេយ្យជាដើម។
 
«អាម៉េរិក មិនត្រូវការដីរបស់ប៉ាពូអាស៊ីនូវែលហ្គីណេដើម្បីធ្វើជាទីលានបាញ់បោះឡើយ»។ លោក Marape ប្រាប់អ្នកសារព័ត៌មានបែបនេះរួចបន្តថា អាម៉េរិក​មាន​មូលដ្ឋាន​នៅហ្វីលីពីន នៅ​កូរ៉េ និង​ទីតាំងផ្សេង​ទៀត​កាន់តែ​ជិត​ជាមួយ​​ចិនរួចហើយ។ ទោះជាយ៉ាងណា លោក Marape បង្ហើប​ថា​ទីក្រុង Lae ដែលជាទីក្រុងធំទីពីររបស់ប៉ាពូអាស៊ីនូវែលហ្គីណេ និងជាកំពង់ផែដឹក​ទំនិញដ៏សំខាន់មួយ ត្រូវ​បាន​កំណត់ជាមូលដ្ឋានរបស់អាម៉េរិកសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ។
 
គួរបញ្ជាក់ថា អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងប្រឹងប្រែងរារាំងប្រជាជាតិកោះប៉ាស៊ីហ្វិកកុំឱ្យខិតជិតចិន ពិសេសកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសន្តិសុខដូចនៅកោះសូឡូម៉ុន៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com