អន្តរជាតិ
ចំនួន​ប្រជាជន​ជប៉ុន​បន្តធ្លាក់​ចុះខ្លាំង ខណៈ​ជនបរទេស​កើន​ឡើង​រហ័ស
29, Jul 2023 , 8:39 am        
រូបភាព
ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនចេញផ្សាយនាថ្ងៃទី២៥ ខែកក្កដាបានបង្ហាញពីការធ្លាក់ក្នុងល្បឿនលឿនបំផុតរបស់ប្រជាជន ខណៈដែលចំនួនជនបរទេសបានកើនឡើងដល់ជិត៣លាននាក់។

 
ចំនួនប្រជាជនជប៉ុន បានបន្តធ្លាក់ចុះនៅឆ្នាំ១៤ជាប់ៗគ្នាក្នុងរបាយការណ៍ដែលចេញដោយរដ្ឋាភិបាលជប៉ុន។ និន្នាការនេះ រុញឱ្យសង្គមជប៉ុនមានវ័យចំណាស់កាន់តែច្រើនហើយ​ជនបរទេស​កំពុង​ដើរ​តួនាទីកាន់តែធំក្នុងការបង្កើនចំនួនប្រជាជន។
 
យោងតាមទិន្នន័យចុះបញ្ជីលំនៅដ្ឋានគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដែលផ្សាយ​ដោយ​ក្រសួង​កិច្ចការផ្ទៃក្នុង និងទំនាក់ទំនង ​ចំនួនប្រជាជនសរុបរបស់ជប៉ុនបានធ្លាក់ចុះមកនៅត្រឹម​១២៥,៤២​លាននាក់ដែលថយចុះប្រហែល៥១១,០០០នាក់ក្នុង​ខេត្ត​ទាំង៤៧។ ឯចំនួន​ជន​បរទេស​ដែ​ល​រស់​នៅ​ជប៉ុនមាន២,៩៩លាននាក់ កើនឡើង១០,៧ភាគរយធៀបនឹងឆ្នាំមុន។ វា​ជា​ការ​កើន​ឡើង​ដ៏​ធំ​បំផុត​ពី​មួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីក្រសួង​បាន​ចាប់ផ្តើ​ម​ប្រមូល​ទិន្នន័​យ​កាលពីមួយ​ទសវត្ស​រ៍​មុន​។
 
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលមានគោលបំណងដោះស្រាយបញ្ហានេះ​ដោយ​មធ្យោបាយផ្សេងៗរួមទាំងការផ្តល់ការងារដល់ស្ត្រីបន្ថែមទៀត។
 
«ដើម្បីទទួលបានកម្លាំងការងារដែលមានស្ថិរភាព រដ្ឋាភិបាលនឹងជំរុញកំណែទម្រង់ទីផ្សារការងារ ដើម្បី​បង្កើនការងាររបស់ស្ត្រី មនុស្សចាស់ និងក្រុមងាយរងគ្រោះដទៃទៀត។ ប្រធាន​លេខាធិការ​គណៈ​រដ្ឋ​មន្ត្រីជប៉ុនលោក Hirokazu Matsuno  លើកឡើងបែបនេះ។
 
ក្នុងអាណត្តិរបស់ខ្លួន នាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ ចាត់ទុកការបង្កើនអត្រាកំណើតជាអាទិភាពកំពូល ហើយរដ្ឋាភិបាលរបស់លោកដែលមានបំណុលខ្ពស់ក្ដី ក៏គ្រោងបញ្ចេញលុយ៣,៥ពាន់​ពាន់​លាន​យ៉េន (២៥ពាន់លានដុល្លារ) ក្នុងមួយឆ្នាំសម្រាប់ការថែទាំកុមារ និងវិធានការផ្សេង​ទៀត​ដើម្បីគាំទ្រឪពុកម្តាយ។
 
បើតាមការស្រាវជ្រាវកាលពីឆ្នាំមុន ជប៉ុនត្រូវការកម្មករបរទេសច្រើនជាង៤ដងនៅឆ្នាំ២០៤០ ដើម្បី​សម្រេចបានការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com