អន្តរជាតិ
វៀតណាម​ កាត់ទោស​មនុស្ស៥៤នាក់ពាក់ព័ន្ធនឹងសំណូកពេលដឹកប្រជាជនអំឡុងកូវីដ-១៩
29, Jul 2023 , 11:00 am        
រូបភាព
តុលាការវៀតណាមនាថ្ងៃទី២៨ ខែកក្កដា បានកាត់ទោសមនុស្សចំនួន៥៤នាក់រួម​ទាំង​អតីត​អនុ​រដ្ឋ​មន្ត្រីការបរទេសម្នាក់ អ្នកការទូតជាន់ខ្ពស់ជាច្រើននាក់ និងមន្ត្រីផ្សេងទៀតនៅក្នុង​សំណុំរឿ​ង​សូក​ប៉ាន់​ដ៏ធំបំផុត​មិន​ធ្លាប់មានរបស់ប្រទេសនេះ។

 
សំណុំរឿងពុករលួយដ៏ធំរបស់ប្រទេសកើតចេញពីការយក​លុយពីពលរដ្ឋវៀតណាមនៅបរទេសដែល​ចង់ត្រឡប់ទៅប្រទេសវិញតាមជើងហោះហើរសង្គ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩នៅពេលដែល​ជើង​ហោះហើរពាណិជ្ជកម្មត្រូវបានបិទ។ 
 
កាសែតរដ្ឋ VTC បានរាយការណ៍ថា ក្នុងចំណោមអ្នកដែលត្រូវកាត់ទោស អតីតអនុរដ្ឋមន្ត្រីការបរទេស To Anh Dung ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៦ឆ្នាំ បន្ទាប់ពីត្រូវបាន​រក​ឃើញថាមា​ន​ទោស​ពី​ទទួលសំណូកចំនួន២១,៥ពាន់លានដុង ឬ៩០ ម៉ឺនដុល្លារ។ ឯអតីតឯកអគ្គរដ្ឋ​ទូត​វៀតណាម​ប្រចាំ​នៅ​ជប៉ុន Vu Hong Nam ក៏ត្រូវបានកាត់ទោសឱ្យជាប់គុក៣០ខែ ខណៈអតីត​ឯកអគ្គរដ្ឋ​ទូត​វៀតណាម​ប្រចាំនៅម៉ាឡេស៊ី Tran Viet Thai ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ។ 
 
ដោយឡែកជំនួយការអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Pham Trung Kien ត្រូវទទួលទោសធ្ងន់ជាងគេ ដោយត្រូវជាប់ពន្ធនាគារមួយជីវិត ក្រោយរដ្ឋអាជ្ញាបានរកឃើញថា​មានពិរុទ្ធពី​បទ​ទទួលសំ​ណូកជាង៤២,៦ពាន់លានដុង (១,៧លានដុល្លារ)។ អ្នក​ខ្លះ​ទៀត​ដែល​ត្រូវ​បាន​កាត់​ទោស​នោះ​រួម​មាន​មន្ត្រី​មក​ពី​ការិយាល័យ​រដ្ឋាភិបាល ​ក្រសួង​សុខាភិបាល សន្តិសុខ​សាធារណៈ និង​ក្រសួងដឹក​ជញ្ជូន​ជា​ដើម។
 
ករណីនេះ ក៏ធ្វើឱ្យឧបនាយករដ្ឋមន្រ្តី២នាក់ លាលែងពីតំណែង ហើយបង្ខំឱ្យលោក ង្វៀន សួនហ្វ៊ុក ចុះចេញពីតំណែងប្រធានាធិបតីថែមទៀត៕

Tag:
 (វៀតណាម)
© រក្សាសិទ្ធិដោយ thmeythmey.com