ជាតិ
លោក អាំង សិរីពិសិដ្ឋ៖ វិស័យបាល់ទះអាចរីកចម្រើន លុះត្រាមានធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុ
01, Aug 2023 , 12:09 pm        
រូបភាព
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា រូបពី VFC
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា រូបពី VFC
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា យល់ឃើញថា វិស័យកីឡាមួយនេះ អាចរីកចម្រើនបាន លុះត្រាមានធាតុផ្សំបីដូចជា ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធកីឡា និង ហិរញ្ញវត្ថុ។ អគ្គលេខាធិការសហព័ន្ធរូបនេះ បានបង្ហាញពីទស្សនៈខ្លួនដូច្នេះ បន្ទាប់បិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះកម្រិត គ (C) កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំរបស់នាយកដ្ឋានអប់រំ កាយ និងកីឡា នៃពហុកីឡដ្ឋានជាតិអូឡាំពិក។



លោក អាំង សិរីពិសិដ្ឋ បានបង្ហោះលើហ្វេសប៊ុកដូច្នេះថា៖«ចង់អោយវិស័យបាល់ទះកម្ពុជារីកចម្រើនចាំបាច់ត្រូវមាន ធនធានមនុស្ស, ហេដ្ឋារចនាសម្ព័ន្ធកីឡា និង ហិរញ្ញវត្ថុ។»។
 
តាមរយៈសារខាងលើ អគ្គលេខាធិការសហព័ន្ធរូបនេះ ទំនងជាយល់ថា ធនធានកីឡាករ-កីឡាការិនី និងគ្រូបង្វឹក គឺជារឿងចាំបាច់ ដែលសហព័ន្ធ ត្រូវតែបណ្ដុះបណ្ដាល និងបង្កើនសមត្ថភាព។ ស្របគ្នាជាមួយនិងការបង្កើនធនធានកីឡាករ-កីឡាការិនី ហេដ្ឋារចនាសម្ព័ន្ធកីឡា ដូចជា ក្លិប និងសមាគមន៍ គឺត្រូវការបំផុត ជាពិសេសជាមួយទីលាន និងកន្លែងហ្វឹកហាត់ ដែលមានស្ដង់ដាសមរម្យ។ ប៉ុន្ដែ ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការកសាងហេដ្ឋរចនាសម្ព័ន្ធកីឡាស្ដង់ដារ ច្បាស់ណាស់ គឺត្រូវការថវិការ ដើម្បីចំណាយ។ ប្រសិនជាថវិការមិនគ្រប់គ្រាន់ទេ នោះការអភិវឌ្ឍ នឹងមិនអាចរីកចម្រើនលឿនឡើយ។
 
លោក អាំង សិរីពិសិដ្ឋ បានបង្ហោះសារនេះ លើវីដេអូ ស្ដីអំពីការបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត «គ»។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៦-៣១ ខែកក្កដា ដោយមានសិក្ខាកាមចូលរួម ៤៦នាក់ ក្នុងនោះស្ត្រី៣នាក់ មកពី ២៧សមាគមន៍ និងក្លិប៕
 

Tag:
 បាល់ទះ
  អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com