ជាតិ
តំបន់មាត់សមុទ្រអាចមានរលកខ្ពស់ៗ និងខ្យល់បោកបក់ខ្លាំង
01, Aug 2023 , 2:49 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជាបន្តធ្លាក់ភ្លៀងមួយសប្ដាហ៍ទៀត ហើយតំបន់មាត់សមុទ្រអាចមានរលកខ្ពស់ៗ និងខ្យល់បោកបក់ខ្លាំង។ ការណ៍នេះ បណ្ដាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងព្យុះខាណុន(KHANUN)។



តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២ដល់៨សីហា កម្ពុជាបានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ដោយឡែក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឯណោះវិញ ក៏មានព្យុះមួយឈោ្មះថា ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិនផងដែរ។ 
 
ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក តំបន់មាត់សមុទ្រ អាចប្រឈមខ្លាំងជាងគេ ដោយមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រខ្ពស់ៗផងដែរ។ 
 
អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានបន្ថែមថា ប៉ុន្មានសប្ដាហ៍មកនេះ កម្ពុជាទទួលរងឥទ្ធិពលធម្មជាតិឥតឈប់ឈរ ហើយនៅដើមខែសីហានេះ កម្ពុជាក៏ទទួលរងឥទ្ធិពលព្យុះ «ខាណុន»ផងដែរ។ ព្យុះនេះ នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស ហើយតំបន់មាត់សមុទ្រវិញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម ហើយអាចមានខ្យល់បោកបក់ខ្លាំង និងរលកខ្ពស់ៗ។ 
 
លោក ប្រាប់ដូច្នេះថា៖« តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ តែសំខាន់គឺមានខ្យល់ ដោយសារឥទ្ធិពលនៃព្យុះនេះ វាស្រូប។ អ៊ីចឹង! វាអាចធ្វើឱ្យលំហរសមុទ្រ និងតាមឆ្នេររបស់យើង មានខ្យល់ខ្លាំង ហើយរលកខ្ពស់ៗ»។ 
 
ប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តមួយចំនួនបានរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង ជាពិសេស ប៉ែកនិរតី នៃប្រទេស។ ជុំវិញបញ្ហានេះ ត្រូវបានលោក ចាន់ យុត្ថា បញ្ជាក់ថា ជំនន់ទឹកភ្លៀងពិតជាបង្កផលប៉ះពាល់ខ្លាំងដល់ជីវភាព និងការរស់នៅរបស់ពលរដ្ឋ។ ប៉ុន្តែ​ ក្នុងរយៈពេលដែលភ្លៀងធ្លាក់ច្រើននេះ ក៏បានផ្ដល់ភាពវិជ្ជមានដល់កសិករឱ្យមានទឹកស្រោចស្រពគ្រប់គ្រាន់ ហើយអាងស្តុកទឹកធំ ក៏ត្រូវបានបញ្ចូលពេញឡើងវិញ ដើម្បីត្រៀមទប់ទល់នឹងបាតុភូតកម្ដៅ ឈ្មោះថា «El Nino» ដែលបង្កហានិភ័យធម្មជាតិជាច្រើនដូចជា គ្រោះរាំងស្ងួត និងការកើនឡើងរលកកម្ដៅ នាពេលខាងមុខដ៏ខ្លី។ 
 
ការព្យាករថ្មីមួយទៀតរបស់ក្រសួងធនធានទឹក ឱ្យដឹងថា តំបន់ទំនាបមួយចំនួនអមទន្លេមេគង្គ ក៏អាចរងការជន់លិច ដោយសារការហក់ឡើងនៃកម្រិតទឹកភ្លៀងក្នុងអាងទន្លេមេគង្គ។ ការណ៍នេះ មកពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) នឹងធ្វើឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងភូមិសាស្រ្តប្រទេសថៃ ឡាវ និងកម្ពុជាមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លមេគង្គ។ 
 
ទឹកទន្លេមេគង្គហក់ឡើងក្នុងរយៈពេលពី៣ទៅ៤ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា ដូចជា ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់៧,៦៥ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់១៦,៧០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់៩,៩០ម៉ែត្រ ។   
 
ក្រសួងធនធានទឹក បញ្ជាក់ថា ការហក់ឡើងនេះ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ប៉ុន្តែ ទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លមេគង្គ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួនផងដែរ។ ជាមួយគ្នានេះ ក្រសួង បានអំពាវនាវដល់សារធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់នៅរដូវវស្សានេះ៕
 

Tag:
 អាកាសធាតុ
  ក្រសួងធនធានទឹក
  ចាន់ យុត្ថា
  ព្យុះខាណុន
© រក្សាសិទ្ធិដោយ thmeythmey.com