ជាតិ
ក្រសួងកសិកម្ម ជំរុញឱ្យបង្កើតរោងចក្រកែច្នៃ និងអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដោយផ្តើមចេញពីមច្ឆា និងអង្ករ
02, Aug 2023 , 11:19 am        
រូបភាព
 លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ក្នុងកិច្ចពិភាក្សាជាមួយក្រុមការងារច្រករបៀងមច្ឆា និងអង្ករ នៅថ្ងៃទី១ ខែសីហា។ រូបភាព៖ ក្រសួងកសិកម្ម
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ក្នុងកិច្ចពិភាក្សាជាមួយក្រុមការងារច្រករបៀងមច្ឆា និងអង្ករ នៅថ្ងៃទី១ ខែសីហា។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ ខេត្តភាគពាយ័ព្យ ដែលរួមមាន ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ត្រូវបានចាត់ទុកជាតំបន់ប៉ូលសេដ្ឋកិច្ចថ្មី សម្រាប់អភិវឌ្ឍន៍លើវិស័យកសិកម្មផ្តើមចេញពីមច្ឆា និងអង្ករ។ ដើម្បីសម្រេចតាមផែនការនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងកៀគរឱ្យមានការវិនិយោគបង្កើតរោងចក្រកែច្នៃ និងផលិតធាតុចូលកសិកម្ម នៅតំបន់នោះតែម្ដង។



លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម​ បានគូសបញ្ជាក់ថា កម្ពុជាត្រូវការរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍វិស័យកសិកម្ម សម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យដោយផ្តើមចេញពីមច្ឆា និងអង្ករ។ លើសពីនេះ ត្រូវធ្វើសេចក្ដីព្រាងសម្រាប់អនុស្ស​រណៈ​យោគ​យល់គ្នា(MOU) រវាងរដ្ឋាភិបាលកម្ពុជា និងចិន ដើម្បីសម្រួលដល់ការងារនាំចេញ-ចូល នៃពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ លោក វណ្ណហន ថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សាជាមួយក្រុមការងារច្រករបៀងមច្ឆា និងអង្ករ (Fish & Rice Coridor) នៅថ្ងៃទី១ ខែសីហា។ 
 
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានណែនាំក្រុមការងារពាក់ព័ន្ធទាំងនោះ រៀបចំឱ្យមានក្របខ័ណ្ឌអភិវឌ្ឍន៍វិស័យកសិកម្ម សម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដោយត្រូវកៀគរគម្រោងអភិវឌ្ឍន៍ និងវិនិយោគ បន្ថែម។ 
 
ក្រុមការងារច្រករបៀងមច្ឆា និងអង្ករ ត្រូវដឹកនាំរៀបចំគម្រោងជាខ្សែច្រវាក់ផលិតកម្ម និងតម្លៃដោយរក្សាបាននូវគុណភាពបរិស្ថាន ហើយសម្របសម្រួលឱ្យនាំធាតុចូលកសិកម្ម ដែលជាតម្រូវការ ជាពិសេសការបង្កើតរោងចក្រផលិតធាតុចូលកសិកម្ម និងកែច្នៃកសិផល នៅតំបន់ប៉ូលសេដ្ឋកិច្ចនោះតែម្ដង។ លើសពីនេះ ក្រុមការងារ ក៏មានតួនាទីដឹកនាំចរចា ឬសម្របសម្រួលដល់ការនាំចេញកសិផល ផងដែរ។ 
 
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី១០ ខែមីនា បានណែនាំឱ្យមន្រ្តីពាក់ព័ន្ធ ពិនិត្យលើសក្តានុពល ប្រភពអត្តសញ្ញាណផលិតផល (GI) ព្រមទាំងបែបបទពាណិជ្ជកម្មនៃប្រទេសសមាជិក WTO ដោយសហការវិនិយោគជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ ក្រៅពីការនាំចេញ លោកក៏លើកឡើងពីការនាំចូលជី និងថ្នាំកសិកម្មពីប្រទេសចិនផងដែរ៕ 
 

Tag:
 កសិកម្ម
  ប៉ូលសេដ្ឋកិច្ចពាយ័ព្យ
  ហ៊ាន វណ្ណហន
© រក្សាសិទ្ធិដោយ thmeythmey.com