អន្តរជាតិ
ឥណ្ឌូណេស៊ី​ ផ្អាក​ការ​នាំ​ចូលគោក្របី​ពី​អូស្ត្រាលី​ក្រោយ​រក​ឃើញ​ជំងឺ​ដុំពកលើស្បែក
02, Aug 2023 , 11:59 am        
រូបភាព
មន្ត្រីឥណ្ឌូណេស៊ីនាថ្ងៃទី១ ខែសីហាបានលើកឡើងថា សត្វគោក្របីរស់នាំចូលពីអូស្ត្រាលីទំនង​ជា​បាន​ឆ្លងជំងឺដុំពកលើស្បែក (LSD) ក្នុងស្រុក ហើយឥណ្ឌូណេស៊ីសម្រេចផ្អាកការនាំចូល​គោក្របី​ពី​កន្លែង​ចិញ្ចឹម និងលក់សត្វចំនួន៤។

 
ប្រធានទីភ្នាក់ងារចត្តាឡីស័កកសិកម្មរបស់ឥណ្ឌូណេស៊ីលោក Bambang បាននិយាយថា គោ​ក្របី​១៣ក្បាលបានធ្វើតេស្តវិជ្ជមានជំងឺ LSD ភ្លាមៗនៅពេលទៅដល់ឥណ្ឌូណេស៊ីនៅចន្លោះ ខែ​ឧសភា និងខែកក្កដា ដែលដឹកដោយនាវាចំនួនប្រាំបីដាច់ដោយឡែកពីគ្នា។
 
បើតាមមន្រ្តីដដែល សត្វគោមួយចំនួនមានដុំពកនៅលើស្បែករបស់ពួកវាដែលនេះបង្ហាញថា ពួកវា​បាន​ឆ្លងមេរោគមុនពេលទៅដល់ឥណ្ឌូណេស៊ី។ ក្នុងចំណោមផលប៉ះពាល់ជាច្រើន មេរោគដែលឆ្លងខ្លាំងមួយនេះ កាត់បន្ថយការ​ផលិត​ទឹកដោះគោផងដែរ។
«ការធ្វើដំណើរពីអូស្ត្រាលីចំណាយពេលប្រហែលមួយសប្តាហ៍ជាមួយនឹងរយៈពេលភ្ញាស់រយៈពេល​២៨ថ្ងៃទៀត យើងពិតជាជឿថា LSD អាចមានរួចស្រាប់»។ លោក Bambang បញ្ជាក់ បែបនេះ ជាមួយការប្រកាសផ្អាកការនាំចូលគោក្របីពីកន្លែងចិញ្ចឹម និងលក់សត្វអូស្ត្រាលីចំនួន៤។
 
លោក Bambang បង្ហាញថា LSD ត្រូវបានរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមគោនៅកោះស៊ូម៉ាត្រា និង​កោះជ្វារបស់ឥណ្ឌូណេស៊ី ហើយការស៊ើបអង្កេតរបស់អូស្ត្រាលីលើបញ្ហានេះ​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា។ ឥណ្ឌូណេស៊ីបាននាំចូលប្រហែល៥៦ភាគរយនៃការនាំចេញសត្វគោរស់សរុបរបស់អូស្ត្រាលីក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ ក្រោមកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល៦០០លានដុល្លារ។
 
យ៉ាងណាមិញ អូស្ត្រាលីអះអាងថា គោក្របីរបស់ខ្លួនមិនមានឆ្លង LSD ឡើយ ហើយប្រធាន ពេទ្យសត្វរបស់ប្រទេសនេះបញ្ជាក់ថា ការឆ្លងគឺមិននឹកស្មានដល់នោះទេ។ បន្ថែមពីនេះ រដ្ឋមន្ត្រី​កសិកម្ម​អូស្ត្រាលី​បាន ​និយាយ​ថា ឥណ្ឌូណេស៊ី​នៅ​តែ​នាំ​ចូល​គោ​រស់​ពី​កន្លែង​ផ្សេង​ទៀត។
គួរបញ្ជាក់ថា ផ្អែកលើទិន្នន័យរបស់ឥណ្ឌូណេស៊ី សត្វគោរស់ជាង៣០៣,០០០ក្បាលត្រូវបាន នាំ​ចូល​ពី​អូស្ត្រាលីកាលពីឆ្នាំមុន៕
 

Tag:
 ឥណ្ឌូណេស៊ី
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com