សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
គ្រាន់តែរដ្ឋកាលីហ្វ័រនីញ៉ា វៀតណាមមានសហគ្រាសជាង៧០កំពុងរកស៊ី
02, Aug 2023 , 8:29 pm        
រូបភាព
ត្រឹមតែរដ្ឋកាលីហ្វ័រនីញ៉ាមួយនៅអាម៉េរិក វៀតណាមអាចពង្រីករបររកស៊ីដែលមានរហូតជាង៧០សហគ្រាស។ នេះបើតាមសារព័ត៌មានវៀតណាម VietnamPlus ។

 
នៅថ្ងៃទី១ ខែសីហាលោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាមបានជួបគណៈប្រតិភូមន្ត្រី និងធុរជនដែលមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិកដែលដឹកនាំដោយអភិបាលក្រុង Oakland លោកស្រី Sheng Thao ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 
វៀតណាមជានិច្ចកាលតែងចាត់ទុកអាម៉េរិកជាដៃគូសំខាន់បំផុតមួយ និងមានបំណងចង់បន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញ ជិញ ។
 
ក្នុងជំនួបនេះ លោកស្រី Sheng Thao បានសង្កត់ធ្ងន់ថា កាលីហ្វ័រនីញ៉ា គឺជាដៃគូក្នុងស្រុកឈានមុខគេមួយរបស់វៀតណាមដែលមានសហគ្រាសជិត១០០ បានវិនិយោគនៅវៀតណាម ស្របពេលសហគ្រាសវៀតណាមក៏មានគម្រោងវិនិយោគជាង ៧០នៅរដ្ឋកាលីហ្វ័រញ៉ាផងដែរ។
 
បើតាមលោកស្រី Sheng Thao ទីក្រុង Oakland នឹងជំរុញដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងវិស័យសំខាន់ៗជាមួយវៀតណាម ជាពិសេសលើវិស័យដឹកជញ្ជូន ភស្តុភារ ផលិតកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ ដើម្បីរួមចំណែកយ៉ាងសកម្ម និងអភិវឌ្ឍទំនាក់ទំនងរវាងរដ្ឋកាលីហ្វ័រញ៉ា ជាមួយវៀតណាម។
 
នៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មវៀតណាមជាមួយអាម៉េរិកកើនឡើងដល់ជាង ១២៣ ពាន់លានដុល្លារ ដែលធ្វើឲ្យអាម៉េរិកក្លាយជាដៃគូពាណិជ្ជកម្មធំទីពីរ និងជាទីផ្សារនាំចេញដ៏សំខាន់បំផុតរបស់វៀតណាម។ ទាក់ទិននឹងការវិនិយោគ អាម៉េរិកជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤២ ដែលវិនិយោគនៅវៀតណាម៕
 

Tag:
 អាម៉េរិក
  វៀតណាម
  សហគ្រាស
  កាលីហ្វ័រនីញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com