ជាតិ
កម្ពុជា ជាចំណែកដ៏សំខាន់ធានាសន្តិសុខស្បៀងពិភពលោក ក្រោយប្រទេសជាច្រើនបិទការនាំចេញអង្ករ
02, Aug 2023 , 9:39 pm        
រូបភាព
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជាកំពុងក្លាយជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខស្បៀងជាតិ និងពិភពលោក បន្ទាប់ពីប្រទេសនាំចេញអង្ករធំៗ​ មួយចំនួន នៅលើពិភពលោកបិទការនាំចេញរបស់ខ្លួនជាបន្ត​ បន្ទាប់ ។



ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក យ៉ង សាំងកុមារ នៅថ្ងៃទី១ ខែសីហា បានសរសេរថា កសិករកម្ពុជាកំពុងលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក ជាពិសេសនៅពេលពិភពលោកជួបប្រទះនឹងបញ្ហាស្បៀង។ ក្នុងនោះ ឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោក ត្រូវបានបិទមិនឲ្យមានការនាំចេញអង្ករសធម្មតា ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេស។ 
  
លោក យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ រូបភាពបានពីហ្វេសប៊ុករបស់លោក 

ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលើស៦ លានតោនសម្រាប់នាំចេញ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញ ជាប់លេខរៀងទី៨នៅលើពិភពលោក។ 
 
រដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ ជឿជាក់ថា កម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កើនផលិតកម្មស្រូវ នៅលើផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀត តាមរយៈគោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ។ 
 
ការកសាងសហគមន៍កសិកម្ម ឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារ ដោយមានកិច្ចសន្យាកសិកម្ម រួមទាំងគោលនយោបាយហិរញ្ញប្បទានរបស់រដ្ឋាភិបាលដែលមានកញ្ចប់ថវិកាជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ។ ក្រៅពីនោះ កម្ពុជា ក៏ដាក់ចេញការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត ផងដែរ។
 
សូមជម្រាបថា មកទល់ពេលនេះ មានប្រទេសចំនួន៣ហើយដែលបានបិទការនាំចេញអង្កររបស់ខ្លួន ក្នុងនោះរួមមាន ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ី។ ការហាមឃាត់នេះ មានគោលបំណងស្រដៀងគ្នា គឺរក្សាស្ថិរភាពតម្លៃទីផ្សារអង្ករក្នុងស្រុក ស្របពេលដែលអតិផរណាកំពុងកើនឡើងខ្ពស់។ 
 
ការហាមឃាត់នៃបណ្តាប្រទេសខាងលើនេះ អាចដាក់សម្ពាធលើតម្លៃស្បៀងអាហារពិភពលោក ខណៈដែលប្រទេសនានាភ័យខ្លាចពីបាតុភូត អែលនីញ៉ូ (El Nino) ដែលនាំឱ្យការកើនឡើងកម្តៅផែនដី និងគ្រោះរាំងស្ងួត ឈានដល់ការបំផ្លាញដំណាំ។ តម្លៃ​គ្រាប់​ធញ្ញជាតិ​សំខាន់ៗ​ជា​ច្រើន​ទៀត​ក៏​ឡើង​ថ្លៃ​ផង​ដែរ ដោយសារ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន៕
 

Tag:
 កសិកម្ម
  បិទការនាំចេញអង្ក
  យ៉ង សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com