អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិង្ហបុរីកាត់បន្ថយប្រាក់ខែរដ្ឋមន្រ្តីដែលពាក់ព័ន្ធអំពើពុករលួយ
03, Aug 2023 , 9:19 am        
រូបភាព
លោក S Iswaran រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរី ។
លោក S Iswaran រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរី ។
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បានកាត់បន្ថយប្រាក់ខែរបស់រដ្ឋមន្រ្តីដឹកជញ្ជូនលោក S Iswaran ចំនួន៦៣០០ដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើពុករលួយ។ នេះបើតាមទូរទស្សន៍សិង្ហបុរី CNA ។

 
លោក លី សៀនឡុង ថ្លែងទៅកាន់សភានៅថ្ងៃទី២ ខែសីហា ជុំវិញការស៊ើបអង្កេតអំពើពុករលួយពាក់ព័ន្ធនឹងលោក Iswaran ក៏ដូចជាការលាលែងពីតំណែងរបស់សមាជិកសភាពីររូបទៀត គឺអតីតប្រធានសភាលោក Tan Chuan-Jin និង លោកស្រី Cheng Li Hui  ជុំវិញរឿងអាស្រូវផ្លូវភេទរបស់ពួកគេ។ លោកថា ការស៊ើបអង្កេតអំពើពុករលួយនៅតែបន្ត។
 
រដ្ឋមន្ត្រីដឹកជញ្ជូន S Iswaran ដែលមិនអាចបំពេញការងារររបស់ខ្លួនក្រោយត្រូវបានស៊ើបអង្កេត ក៏ត្រូវកាត់បន្ថយប្រាក់ខែ ៨៥០០ដុល្លារសិង្ហបុរី (៦៣០០ដុល្លារ) ក្នុងមួយខែ រហូតដល់មានការជូនដំណឹងបន្ថែម។
 
យ៉ាងណាមិញ ប្រាក់ដែលត្រូវបានកាត់បន្ថយនេះ ជាចំណែកតូចនៃប្រាក់ខែរបស់រដ្ឋមន្រ្តីនៅសិង្ហបុរី ដែលមានជាង១លានដុល្លារក្នុងមួយឆ្នាំ។
 
លោក លី អះអាងថា ព័ត៌មានលម្អិតជុំវិញករណីរបស់រដ្ឋមន្ត្រី Iswaran អនុវត្តជាទូទៅតាមរបៀបដែលមន្ត្រីរាជការ នឹងដោះស្រាយជាមួយមន្ត្រីជាន់ខ្ពស់ក្នុងស្ថានភាពស្រដៀងគ្នានេះ។ ប៉ុន្តែសម្រាប់បរិបទជាមួយអ្នកនយោបាយជាន់ខ្ពស់បែបនេះ គឺត្រូវមានការស៊ើបអង្កេតបែបខុសគ្នាបន្តិច។
 
លោក Iswaran មានអាយុ៦១ ឆ្នាំបានក្លាយជាសមាជិកសភាតាំងពីឆ្នាំ១៩៩៧ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ការិយាល័យ​ស៊ើបអង្កេត​អំពើ​ពុករលួយ (CPIB) កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ។ 
ការស៊ើបអង្កេតកម្រិតមន្ត្រីជាន់ខ្ពស់ ជាភាពកម្រមួយនៅសិង្ហបុរី។ គណបក្សសកម្មភាពប្រជាជន (PAP) កំពុងកាន់អំណាចតាំងពីឆ្នាំ ១៩៥៩ តែងតែមានមោទនភាពក្នុងការផ្សព្វផ្សាយពីស្អាតស្អំរបស់ខ្លួនទៅកាន់ពិភពលោក៕

 

Tag:
 សិង្ហបុរី
  S Iswaran
  លី សៀនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com