អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ៖ បក្សឆ្ពោះទៅមុខសុំទោសម្ចាស់ឆ្នោត ដែលមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន
03, Aug 2023 , 4:39 pm        
រូបភាព
​លោក Chaitawat Tulathon អគ្គលេខាធិការបក្សឆ្ពោះទៅមុខ បាននិយាយសុំទោសចំពោះការមិនអាចបង្កើតរដ្ឋាភិបាលដែលប្រជាជនចង់បាន។ អគ្គលេខាធិការរូបនេះ អះអាងថា បក្សឆ្ពោះទៅមុខនឹងតស៊ូរហូតដល់ទីបញ្ចប់ដើម្បីទទួលបានសមភាព ក្រោយចែកផ្លូវជាមួយបក្សភឿថៃ និងបក្សសម្ព័ន្ធទាំងប្រាំមួយផ្សេងទៀត។

 
នៅថ្ងៃទី២ ខែសីហា បក្សភឿថៃបានប្រកាសពីការចែកផ្លូវជាមួយបក្សឆ្ពោះទៅមុខ ដោយនឹងត្រូវបង្កើតសម្ព័ន្ធថ្មីមួយផ្សេងទៀត ។ ភ្លាមៗនោះលោក Chaitawat Tulathon ក៏បាននិយាយថាអនុស្សរណយោគយល់គ្នា​ (MOU) ដែលចុះហត្ថលេខាដោយគណបក្សចំនួនប្រាំបីត្រូវបានចាត់ទុកជាមោឃៈផងដែរ ។ 
 
ដោយសុំទោសអ្នកគាំទ្រចំពោះការបរាជ័យក្នុងការបង្កើតសម្ព័ន្ធថ្មីជាមួយគណបក្សភឿថៃ និងគណបក្សចំនួនប្រាំមួយផ្សេងទៀត លោក Chaithawat បានប្តេជ្ញាថា បក្សឆ្ពោះទៅមុខនឹងតស៊ូរហូតដល់ទីបញ្ចប់ដើម្បីទទួលបានសមភាព ទោះបីក្លាយជាបក្សប្រឆាំងក៏ដោយ។
 
លោក Chaithawat បាននិយាយថា ៖« អ្វីដែលបានកើតឡើង គឺជាភស្តុតាងច្បាស់លាស់នៃការបង្ខូចនយោបាយថៃ ដែលអំណាចខ្ពស់បំផុតមិនមែនជារបស់ប្រជាជននោះទេ។ ចាប់ពីពេលនេះតទៅ យើងមានបេសកកម្មប្រយុទ្ធដើម្បីការផ្លាស់ប្តូរ»។
 
បក្សភឿថៃបានជូនដំណឹងដល់បក្សឆ្ពោះទៅមុខដោយអះអាងថា ស្ទើរតែគ្រប់ភាគីដែលពួកគេបានពិភាក្សាជាមួយ នឹងមិនចូលរួម ឬបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីបក្សភឿថៃទេ ប្រសិនបើបក្សឆ្ពោះទៅមុខនៅក្នុងសម្ព័ន្ធនេះ។ 
 
ជាងនេះទៅទៀត បក្ស​ភឿ​ថៃ​ក៏មិន​បាន​ស្នើ​ឱ្យបក្សឆ្ពោះទៅមុខបោះឆ្នោត​ឱ្យ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់ខ្លួន លោក Srettha Thavisin នោះទេដោយបារម្ភថា ប្រសិនបើបក្សឆ្ពោះទៅមុខបោះឆ្នោតឱ្យបេក្ខជនភឿថៃ សមាជិកព្រឹទ្ធសភានឹងប្រើវាជាលេសមិនបោះឆ្នោតឱ្យបេក្ខជនខ្លួន។ សមាជិកព្រឹទ្ធសភាបានលើកឡើងពីលទ្ធភាពនៃការជ្រាជ្រែកចូលរួមរបស់ឆ្ពោះទៅមុខជាមួយសម្ព័ន្ធថ្មីដែលដឹកនាំដោយភឿថៃ នៅពេលក្រោយពេលបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តី។
 
មកទាល់ពេលនេះ សម្ព័ន្ធថ្មីដែលដឹកនាំដោយភឿថៃមិនទាន់ត្រូវបានប្រកាសនៅឡើយ៕ 
 

Tag:
 ថៃ
  ​ បោះឆ្នោត
  ភឿថៃ
  ឆ្ពោះទៅមុខ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com