អន្តរជាតិ
នាវាទ័ពជើងទឹកឥណ្ឌាចូលចតនៅប៉ាពូអាស៊ីនូវែលហ្គីណេ ស្របពេលក្រុងញូវដែលី សម្លឹងឃើញផលប្រយោជន៍នៅប៉ាស៊ីហ្វិក
03, Aug 2023 , 8:59 pm        
រូបភាព
នាវាកងទ័ពជើងទឹកឥណ្ឌាពីរគ្រឿងបានចូលចតនៅប៉ាពូអាស៊ីនូវែលហ្គីណេនាថ្ងៃទី២ ខែសីហា។ វត្តមានរបស់នាវាឥណ្ឌា បញ្ជាក់ពីសារសំខាន់ជាយុទ្ធសាស្ត្ររបស់ប្រទេសនេះចំពោះមហាអំណាច​ពិភពលោកដែលសម្លឹងឃើញផលប្រយោជន៍នៅតំបន់ប៉ាស៊ីហ្វិក។

 
នាវាពិឃាតផ្ទុកមីស៊ីល INS Kolkata និងនាវាចម្បាំង INS Sahyadri ត្រូវចត​នៅក្នុង​រដ្ឋធានីព័រម៉ូរេសប៊ីរបស់ប៉ាពូអាស៊ីនូវែលហ្គីណេរយៈពេលពីរថ្ងៃ។ បើតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតឥណ្ឌា ដំណើរ​ទស្សនកិច្ចនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងសន្តិសុខនៅក្នុងតំបន់ ខណៈបច្ចុប្បន្ន​ឥណ្ឌា​កាន់​តំណែង​ជា​ប្រធាន​ប្តូរវេន​នៃ​ក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ។
 
បន្ទាប់មក នាវាទាំងនោះនឹងចូលរួមសមយុទ្ធកងទ័ពជើងទឹនៅអូស្ត្រាលីដែលជាផ្នែកមួយនៃដៃគូ​សន្ទនាសន្តិសុខចតុភាគី Quad ដែលមានបញ្ចូលជប៉ុន និងអាម៉េរិកផងដែរ។ សមយុទ្ធ Malabar ចាប់​ផ្តើមនៅថ្ងៃទី៤ ខែសីហា។
 
នាយករដ្ឋមន្ត្រីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី កាលពីខែឧសភា ក៏បានទៅកាន់ប៉ាពូអាស៊ីនូវែលហ្គីណេដែលជា​ប្រទេសមិនទាន់អភិវឌ្ឍមួយ ប៉ុន្តែសម្បូរធនធាន។ លោក ម៉ូឌី បានចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេសប៉ាស៊ីហ្វិកផងដែរ។ បន្ថែមពីលើនេះ មេដឹកនាំទាំងបារាំង និងឥណ្ឌូណេស៊ី ក៏​ដូចជា​មន្ត្រី​ជាន់​ខ្ពស់របស់អាម៉េរិក និងអង់គ្លេស ក៏បានធ្វើទស្សនកិច្ចនៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ជា​បន្តបន្ទាប់ផងដែរ។ 
 
គួរបញ្ជាក់ថា អាម៉េរិក និងសម្ព័ន្ធមិត្ត បានព្យាយាមទប់ទល់ប្រទេសកោះប៉ាស៊ីហ្វិកកុំឱ្យចូលកៀកចិនដែលបញ្ជា្របឥទ្ធិពលរបស់ខ្លួនចូលតំបន់នេះដែរ។ ទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សន្តិសុខជាមួយកោះសាឡូម៉ូនថែមទៀត៕
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com