សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃដំឡើងអត្រាការប្រាក់គោលដល់២,២៥ភាគរយ ដើម្បីទប់ស្កាត់កំណើនអតិផរណា
03, Aug 2023 , 10:19 pm        
រូបភាព
បុគ្គលិកធនាគារកំពុងរាប់ប្រាក់បាតថៃ ។ រូបភាពពី AFP ។
បុគ្គលិកធនាគារកំពុងរាប់ប្រាក់បាតថៃ ។ រូបភាពពី AFP ។
ស្របពេលដែលមានការព្រួយបារម្ភអំពីអតិផរណាដែលអាចកើនឡើងវិញ និងភាពមិនច្បាស់លាស់ផ្នែកនយោបាយ ធនាគារកណ្តាលថៃ (BoT) បានដំឡើងអត្រាការប្រាក់ដល់ ២,២៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំ ។

 
នៅថ្ងៃទី២ ខែសីហា ធនាគារកណ្តាលថៃ (BoT) បានដំឡើងអត្រាការប្រាក់របស់ខ្លួនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ ឆ្នាំចុងក្រោយនេះ ស្របពេលមានការព្រួយបារម្ភអំពីអតិផរណាដែលអាចកើនឡើង និងអស្ថិរភាពនយោបាយ។
 
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃធនាគារកណ្តាលថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីដំឡើងអត្រាមូលដ្ឋានចំនួន ០,២៥ភាគរយបន្ថែមទៀត ដែលធ្វើឱ្យអត្រាការប្រាក់គោលបច្ចុប្បន្នមានរហូតដល់ ២,២៥ភាគរយ។
 
ទោះបីជាអតិផរណាបានធ្លាក់ចុះជារៀងរាល់ខែចាប់តាំងពីដើមឆ្នាំនេះ ហើយបានធ្លាក់ចុះក្រោមគោលដៅដែលធនាគារកណ្តាលថៃបានកំណត់ចន្លោះពី ១ភាគរយ ទៅ៣ភាគរយ ក្នុងរយៈពេលពីរខែកន្លងមកក៏ដោយ អ្នកបង្កើតគោលនយោបាយថៃនៅតែបង្កើនអត្រាការប្រាក់គោល ដើម្បីធានាថាអតិផរណានៅតែមានកម្រិតទាបក្នុងរយៈពេលយូរ។ 
 
បើតាមរបាយការណ៍ធនាគារកណ្តាលថៃ កំណើនសេដ្ឋកិច្ចនឹងនៅតែបន្ត ដោយសារតែការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសន្ទុះនៃការប្រើប្រាស់ ប៉ុន្តែហានិភ័យក៏មានផងដែរ ព្រោះតែការនាំចេញថយចុះ និងអស្ថិរភាពក្នុងស្រុក។
 
នៅក្នុងសេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលថៃបានសង្កត់ធ្ងន់ថា អតិផរណាបានធ្លាក់ចុះដោយសារតម្លៃថាមពល ប្រាក់ឧបត្ថម្ភការរស់នៅ និងការចំណាយមូលដ្ឋានកាលពីឆ្នាំមុនស្ថិតនៅកម្រិតខ្ពស់ ប៉ុន្តែនឹងស្ទុះងើបឡើងវិញនៅឆមាសទីពីរនៃឆ្នាំនេះ ។ 
 
លើសពីនេះ ហានិភ័យនៃការកើនអតិផរណាដែលបណ្តាលមកពីតម្លៃអាហារឡើងថ្លៃ ស្របពេលមានបាតុភូត El Niño កំពុងជះឥទ្ធិពលជាបណ្តើរៗ។ 
 
មួយវិញទៀត ការនាំចេញទំនិញបានធ្លាក់ចុះក្នុងប៉ុន្មានខែថ្មីៗនេះ ជាផ្នែកមួយជំរុញពីក្រោយតម្រូវការទន់ខ្សោយរបស់ចិន ប៉ុន្តែអាចនឹងកើនឡើងក្នុងរយៈពេលដ៏ខ្លីនៅពេលដែលសេដ្ឋកិច្ចពិភពលោកមានសន្ទុះមកវិញ ។
 
នៅក្នុងខែឧសភា ធនាគារកណ្តាលថៃបានព្យាករថា អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងដល់ ៣,៦ភាគរយនៅឆ្នាំនេះ និង ៣,៨ភាគរយនៅឆ្នាំក្រោយ ជាមួយនឹងសញ្ញាវិជ្ជមាននៃវិស័យទេសចរណ៍ និងសន្ទុះការប្រើប្រាស់។
 
ការព្យាករពេល​នោះ មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានការណ៍​ក្នុង​ស្រុក​ឡើយ។ ការបង្កើតរដ្ឋាភិបាលថ្មីនៅថៃ ជាធម្មតាចំណាយពេលលើសពីមួយខែ។ រហូតមកដល់បច្ចុប្បន្ន ពេលវេលាបង្កើតរដ្ឋាភិបាលថ្មីអាចយូរជាងការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៩ ។ 
 
ភាពចលាចលក្នុងស្រុកបានវាយប្រហារភាគហ៊ុនថៃ ខណៈដែលវិនិយោគិនបរទេសបានលក់ភាគហ៊ុនចំនួន ១២០ពាន់លានបាត (ប្រហែល ៣,៤ពាន់លានដុល្លារ) ក្នុងឆ្នាំនេះ។
 
យ៉ាងណាមិញ ប្រាក់បាតបានងើបឡើងវិញបន្ទាប់ពីការបោះឆ្នោតក្នុងខែឧសភា ហើយបានកើនឡើងច្រើនជាង ៣ភាគរយនៅក្នុងខែកក្កដា៕
 

Tag:
 ថៃ
  អតិផរណា
  អត្រាការប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com