អន្តរជាតិ
ឥណ្ឌូណេស៊ី​ត្រៀម​ដី​ ៥០ម៉ឺនហិកតា​សម្រាប់​ដំណាំ​ស្រូវ ​ចំពេល​បាតុភូត El Nino
04, Aug 2023 , 3:19 pm        
រូបភាព
រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងរៀបចំដីកសិកម្មចំនួន ៥០ម៉ឺនហិកតាសម្រាប់ផលិតស្រូវក្នុង ការប្រមើលមើលពីគ្រោះរាំងស្ងួតដ៏យូរដែលបង្កឡើងដោយបាតុភូតអាកាសធាតុ El Nino ។

 
តាមសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និង ព័ត៌មាន (BPMI) រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Syahrul Yasin Limpo នៅថ្ងៃទី២ ខែសីហា បានបញ្ជាក់ពីតំបន់មួយចំនួនក្នុងប្រទេសដែលត្រៀមខ្លួនក្នុងការរៀបចំដីកសិកម្ម ដើម្បីធានាស្តុកអង្ករសម្រាប់តម្រូវការក្នុងស្រុក។
 
«វាមានតំបន់ចំនួនប្រាំមួយ រួមមានតំបន់ស៊ូម៉ាត្រាខាងជើង ស៊ូម៉ាត្រាខាងត្បូង តំបន់ចំនួន បីនៅជ្វា និងស៊ូឡាវ៉េស៊ីខាងត្បូង។ បន្ទាប់មកមានតំបន់ទ្រនាប់ កាលីម៉ាន់តាន់ខាងត្បូង Nusa Tenggara ខាងលិច បាថេន និងឡាំពុង»។​ លោក Syahrul លើកឡើងបែបនេះ ដោយបន្តថា លោកប្រាកដ ប្រសិនបើពួកគេសម្រេចបាន ៥០ ម៉ឺនហិកតា ឥណ្ឌូណេស៊ី អាចគ្រប់គ្រងផលប៉ះពាល់នៃបាតុភូត El Nino បានយ៉ាងល្អ។
 
បន្ថែមពីនេះ តាមទស្សនាវដ្តី ​​Tempo លោក Syahrul បានអះអាងថាមានផែនទីបង្ហាញពី ផលប៉ះពាល់ដ៏អាក្រក់បំផុតលើស្តុកស្រូវនៅឥណ្ឌូណេស៊ីក្នុងកំឡុងពេលបាតុភូត El Nino ចាប់ពីខែសីហា ដល់ខែកញ្ញាឆ្នាំនេះ ទោះបីជាស្ថានភាពតម្លៃ និងស្តុកអង្ករបច្ចុប្បន្នមាននិរន្តរភាពក៏ដោយ។ ឥណ្ឌូណេស៊ីព្យាករណ៍ថា​ នឹង​មាន​ឱនភាព​ផលិតកម្ម ​ស្រូវ​ប្រហែល ៣ សែនតោន​ ទៅ ១២ សែនតោន​។
 
ប្រធានាធិបតីឥណ្ឌូណេស៊ីលោកចូកូ វីដូដូ នៅថ្ងៃដដែលនោះ បានណែនាំមន្ត្រីឱ្យរៀបចំ និង ធានាភាពអាចរកបានអង្ករ បន្ទាប់ពីកិច្ចប្រជុំទាក់ទងនឹងលទ្ធភាពទទួលបានអង្ករ និងតម្លៃ សមរម្យនៅ ឥណ្ឌូណេស៊ី។
 
មិនខុសពីឥណ្ឌូណេស៊ីឡើយ ប្រទេសផ្សេងទៀតក្នុងតំបន់ កំពុងព្យាយាមទប់ទល់នឹងឥទ្ធិពលគ្រោះ រាំងស្ងួត និងកង្វះទឹកភ្លៀងរបស់ El Nino ដែរ។ នៅម៉ាឡេស៊ីកសិករកំពុងប្រើយុទ្ធសាស្ត្រដូច ជាការដំឡើងបន្ទះប្លាស្ទិកដែលធន់នឹងកាំរស្មីយូវីនៅលើដំណាដើម្បីកាត់បន្ថយផលប៉ះពាល់នៃទិន្នផលដំណាំទាបដោយសារកំដៅកើនឡើង។
 
នៅហ្វីលីពីន ប្រធានាធិបតី Ferdinand Marcos Jr ដែលជាលេខាធិការកសិកម្មផង ដែរនោះបានរាយការណ៍កាលពីខែមិថុនាថា លោកបានដឹកនាំភ្នាក់ងាររដ្ឋាភិបាលទាំងអស់ឱ្យ អនុវត្តវិធានការអភិរក្សទឹកក្រោមឥទ្ធិពលនៃគ្រោះរាំងស្ងួតដ៏យូរដែលកំពុងតែកើតឡើងដោយសារ El Nino ។
 
ទន្ទឹមនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនកំពុងរៀបចំសម្រាប់ ការកើនឡើងនៃការរីករាលដាលនៃមេរោគដូចជា គ្រុនឈាម Zika និង chikungunya ដែលទាក់ទងនឹង El Nino៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com