សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
គុយបាដាក់កម្រិតប្រតិបត្តិការសាច់ប្រាក់ និងហាមការដកប្រាក់ពីទូ ATM
04, Aug 2023 , 6:19 pm        
រូបភាព
ធនាគារកណ្តាលគុយបាបានប្រកាសពីច្បាប់ថ្មីដែលនឹងកំណត់ការប្រតិបត្តិការសាច់ប្រាក់ដោយអាជីវកម្មរដ្ឋ និងឯកជន ដើម្បីទប់ស្កាត់អតិផរណា និងគ្រប់គ្រងសេដ្ឋកិច្ចក្រៅផ្លូវការ ស្របពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

 
បើតាមសារព័ត៌មានរ៉យទ័រ ច្បាប់ដែលបានចូលជាធរមានកាលពីថ្ងៃទី៣ ខែសីហា បានដាក់កម្រិតលើប្រតិបត្តិការសាច់ប្រាក់ត្រឹម ៥០០០ប៉េសូ (ប្រហែល ៤១,៦ដុល្លារក្នុងអត្រាប្តូរប្រាក់ពាណិជ្ជកម្មផ្លូវការ) ក្នុងមួយប្រតិបត្តិការរយៈពេល៦ខែ សម្រាប់ការទូទាត់រវាងក្រុមហ៊ុន វិស័យឯកជននិងរដ្ឋ ។ 
 
លោក Alberto Quiñones អនុប្រធានធនាគារកណ្តាលបានពន្យល់ថា ប្រតិបត្តិការដែលលើសពីចំនួននោះ នឹងត្រូវបានអនុវត្តតាមរយៈឧបករណ៍ទូទាត់ និងឧបករណ៍ឥណទានផ្សេងពីសាច់ប្រាក់ តាមរយៈបណ្តាញអេឡិចត្រូនិច។ មានតែកាតដែលភ្ជាប់ជាមួយប្រាក់សោធន គណនីសន្សំ ប្រាក់ខែ និងប្រាក់រង្វាន់ប៉ុណ្ណោះ ដែលអាចប្រើបានក្នុងការដកប្រាក់តាមរយៈទូ ATM ។ 
 
ការរឹងបន្តឹងប្រតិបត្តិការសាច់ប្រាក់នេះ មានគោលបំណងជំរុញការទូទាត់តាមរយៈអេឡិចត្រូនិក ដោយកាត់បន្ថយការប្រើប្រាស់បង្កាន់ដៃ និងប្រតិបត្តិការផ្សេងៗមិនមែនជាសាច់ប្រាក់។ លើសពីនេះ គឺដើម្បីទប់ស្កាត់អតិផរណាដែលនៅក្នុងខែមិថុនាឆ្នាំនេះ មានចំនួនជិត ៤៥ភាគរយបើធៀបឆ្នាំមុន។ 
 
យ៉ាងណាមិញ បទប្បញ្ញត្តិនេះអាចឆ្លើយតបទៅនឹងកង្វះទំនុកចិត្តលើប្រព័ន្ធធនាគារ របស់រដ្ឋដែលកំពុងខ្វះខាតសាច់ប្រាក់នៅតាមទូ ATM ។​ ​
 
គុយបា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្រោយការរាតត្បាតជំងឺកូវីដ-១៩ រួមទាំងការដាក់ទណ្ឌកម្មរបស់អាម៉េរិក។ សេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចុះ ១១ភាគរយក្នុងឆ្នាំ ២០២០ និង ៨ភាគរយនៅឆមាសទីមួយឆ្នាំ ២០២១៕
 

Tag:
 គុយបា
  សាច់ប្រាក់
  ATM
© រក្សាសិទ្ធិដោយ thmeythmey.com