សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនដកពន្ធមួយចំនួន លើការនាំចូលអង្ករពីអូស្ត្រាលី
04, Aug 2023 , 8:59 pm        
រូបភាព
រូបភាពពី Xinhua ។
រូបភាពពី Xinhua ។
នៅថ្ងៃទី៤ ខែសីហានេះ ចិនបានប្រកាសដកពន្ធមួយចំនួនពីអង្ករនាំចូលអូស្ត្រាលី ដែលខ្លួនបានដាក់ពន្ធតាំងពីខែឧសភា ឆ្នាំ២០២០។



ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ខ្លួនដកពន្ធមួយចំនួនដែលប្រឆាំងការនាំចូលអង្ករពីអូស្ត្រាលីចាប់ពីថ្ងៃទី៥ ខែសីហាតទៅ។ មុននេះ ចិនក៏បានចោទប្រកាន់អូស្ត្រាលីថាលក់អង្ករបង្ខូចថ្លៃ បើទោះបីជាមានការបដិសេធពីទីក្រុងកង់បេរ៉ាក៏ដោយ។
 
ក្រោយពីការប្រកាសនេះភ្លាម ប្រាក់ដុល្លារអូស្រ្តាលីបានហក់ឡើងថ្លៃពី ០,៣៤ភាគរយ ក្នុង១ដុល្លារអូស្រ្តាលីប្តូរបាន ០,៦៥៧១៥ដុល្លារ ដែលស្ទុះងើបឡើងវិញពីកម្រិតទាបបំផុតក្នុងរយៈពេលពីរខែនេះ។ 
 
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលីអស់រយៈពេលជាងមួយទសវត្សរ៍កន្លះ ដែលស្មើនឹងមួយភាគបីនៃពាណិជ្ជកម្ម។ ក្នុងឆ្នាំ ២០២០-២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន ២៦៧ពាន់លានដុល្លារអូស្ត្រាលី (១៧៥ពាន់លានដុល្លារ)។
 
កាលពីខែឧសភា ឆ្នាំ២០២០ ចិនបានដាក់ពន្ធជាង ៨០ភាគរយលើអង្កររបស់អូស្ត្រាលីសម្រាប់រយៈពេល ៥ឆ្នាំ ដែលអាចធ្វើឱ្យខាតបង់ពាណិជ្ជកម្មដល់ទៅ ១,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។
 
ក្រោយមក នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 កាលពីខែមីនាឆ្នាំនេះ អតីតរដ្ឋមន្ត្រីការបរទេសចិនលោក ឈីន កាង បានសន្ទនាជាមួយសមភាគីរដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី  Penny Wong ដោយប្តេជ្ញាជំរុញការសន្ទនាក្នុងកម្រិតផ្សេងៗ ដើម្បីឆ្ពោះទៅរកស្ថិរភាព និងការកែលម្អទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ៕
 
 

Tag:
 ចិន
  អូស្រ្តាលី
  អង្ករ
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com