អន្តរជាតិ
ជប៉ុន នឹងបញ្ចេញទឹកពីរោងចក្រ Fukushima នៅចុងខែសីហានេះ
07, Aug 2023 , 7:29 pm        
រូបភាព
រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ។ រូបថត Xinhua
រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ។ រូបថត Xinhua
រដ្ឋាភិបាលជប៉ុនគ្រោងចាប់ផ្តើមបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រនៅចុងខែសីហានេះ។ ការបង្ហូរនេះ ធ្វើក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅសប្ដាហ៍ក្រោយ។

 
ជប៉ុន ទំនងជាអនុវត្តតាមផែនការរបស់ខ្លួនក្នុងការបញ្ចេញទឹកពីរោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅ Fukushima ដោយមិនថយក្រោយអ្វីឡើយ ព្រោះមានការយល់ព្រមពីទីភ្នាក់ងារអាតូមិកអន្តរជាតិដែរ។ ការបញ្ចេញទឹកអាចធ្វើនៅចុងខែនេះតែម្ដងក្រោយទស្សនកិច្ចប្រមុខរដ្ឋាភិបាលជប៉ុននៅអាម៉េរិក និងមុនការចាប់ផ្ដើមរដូវនេសាទក្នុងខែកញ្ញា។
 
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ត្រូវរំពឹងថានឹងពន្យល់ពីផែនការបញ្ចេញទឹកទៅដល់លោក ចូ បៃឌិន និងលោក យូន សុកយ៉ល នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហានៅនិវេសនដ្ឋាន Camp David នៅរដ្ឋ Maryland ក្បែររដ្ឋធានីវ៉ាស៊ិនតោន។ 
 
បន្ថែមពីលើនេះ លោកនាយករដ្ឋម​ន្រ្តីជប៉ុន គ្រោងនឹងជួបពិភាក្សាដាច់ដោយឡែកជាមួយលោក យូន ដែរ។​ រដ្ឋាភិបាលលោក យូន ទទួលយកការពន្យល់របស់ទីក្រុងតូក្យូលើការបញ្ចេញទឹកនេះ ប៉ុន្តែត្រូវជម្នះការប្រឆាំងរបស់អ្នកនយោបាយក្នុងស្រុកដែលរិះគន់ជំហរនេះឥតស្រាកស្រាន្ត។
 
គួរបញ្ជាក់ថា និយតករនុយក្លេអ៊ែរជប៉ុនបានអនុញ្ញាតឱ្យប្រតិបត្តិកររោងចក្រ Tokyo Electric Power (9501.T)ចាប់ផ្តើមបញ្ចេញទឹកកាលពីខែកក្កដា ស្របពេលដែលរដ្ឋាភិបាលនិងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានទទួលស្គាល់ថាវាមានសុវត្ថិភាព។ ប៉ុន្តែចិនប្រកាសប្រឆាំង ហើយសម្រេចរឹតត្បិតការនាំចូលគ្រឿងសមុទ្រពីជប៉ុន៕
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com