អន្តរជាតិ
កូរ៉េខាងត្បូងថាទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅរោងចក្រអាវុធអាចជំរុញការនាំចេញសព្វាវុធ
07, Aug 2023 , 8:29 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាញ់កាំភ្លើង។ រូបភាព KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាញ់កាំភ្លើង។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានធ្វើទស្សនកិច្ចនៅរោងចក្រអាវុធដ៏សំខាន់ៗ ក្នុងប្រទេស នៅសប្តាហ៍មុន គឺមានគោលបំណងជាច្រើន ដោយក្នុងនោះរួមមានការឆ្លើយតបនឹងសមយុទ្ធយោធាអាម៉េរិក-កូរ៉េខាងត្បូង និងការនាំចេញអាវុធជាដើម។ ក្រសួងបង្រួបបង្រួមកូរ៉េ បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែសីហា។

 
លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា បានត្រួតពិនិត្យរោងចក្រអាវុធ៤ ឬ៥កន្លែង ដោយក្នុងនោះមានរោងចក្រផលិតឧបករណ៍បាញ់គ្រាប់រ៉ុក្កែត និងម៉ាស៊ីនសម្រាប់បំពាក់លើមីស៊ីលប្រដេញយុទ្ធសាស្រ្តជាដើម។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី​ និងមន្រ្តីជាន់ខ្ពស់ចិន នៅក្រុងព្យុងយ៉ាង។ 
 
ជុំវិញការត្រួតពិនិត្យខាងលើ កូរ៉េខាងត្បូង អះអាងថា មេដឹកនាំកូរ៉េខាងជើងមានបំណងជាច្រើន ដោយក្នុងនោះរួមមានការនាំចេញអាវុធផង។ 
 
«ការត្រួតពិនិត្យរបស់លោកគីមលើកចុងក្រោយនេះ ទំនងមានគោលបំណងជាច្រើន ក្នុងនោះមានបង្ហាញពីភាពជោគជ័យរបស់ប្រទេសលើវិស័យការពារជាតិ, ឆ្លើយតបនឹងសមយុទ្ធយោធារបស់អាម៉េរិក និងកូរ៉េខាងត្បូង និងការស្វះស្វែងរកការនាំចេញអាវុធ»។ លោក Koo Byoung-sam អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៧ ខែសីហា។ 
 
លោក Koo បានបន្តថា រដ្ឋាភិបាលក្រុងសេអ៊ូល មានការសោកស្តាយយ៉ាងខ្លាំងដែលក្រុងព្យុងយ៉ាង បន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ, មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBMs) និងអាវុធផ្សេងទៀត ជំនួសឱ្យការជួយសង្រ្គោះប្រជាជនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA លោកគីម បានសង្កត់ធ្ងន់ពីតួនាទី និងការទទួលខុសត្រូវដ៏សំខាន់ក្នុងការពន្លឿនការត្រៀមខ្លួនសម្រាប់សង្រ្គាមរបស់យោធាកូរ៉េខាងត្បូង។ បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងជើង ក៏បានបញ្ជាក់ផងដែរ ពីកិច្ចខខិតខំរបស់រោងចក្រអាវុធលើការប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីកែលម្អគ្រាប់កាំភ្លើងធំ។ 
 
ការត្រួតពិនិត្យរបស់លោកគីម នៅរោងចក្រអាវុធធ្វើឡើងស្របពេល កូរ៉េខាងត្បូង និងអាម៉េរិក កំពុងរៀបចំធ្វើសមយុទ្ធយោធាដ៏សំខាន់មួយនៅក្នុងខែសីហានេះ។ កូរ៉េខាងជើង បានចាត់ទុកសមយុទ្ធរបស់ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ជាការត្រៀមខ្លួនសម្រាប់សង្រ្គាមឈ្លានពានខ្លួន ហើយថែមទាំងព្រមានចាត់វិធានការសងសឹកថែមទៀត។
 
បភាពដែលផ្តល់ពីទីភ្នាក់ងារព័ត៌មានរដ្ឋ កូរ៉េខាងជើង បានបង្ហាញពីរូបភាពលោកគីម ដើរកាត់រថយន្តសម្រាប់បាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបដែលអាចវាយប្រហារដែនដីអាម៉េរិកបានគ្រប់កន្លែង រួមទាំងរូបភាពដែលលោកគីម បាញ់កាំភ្លើងផង៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com