កីឡាអន្តរជាតិ
អន្តរជាតិ
Women’s World Cup បំបែកកំណត់ត្រាអ្នកចូលទស្សនាច្រើនបំផុតត្រឹមវគ្គ១៦ក្រុម
08, Aug 2023 , 8:39 am        
រូបភាព
ការប្រកួត FIFA Women’s World Cup 2023 បានបំបែកកំណត់ត្រាចំនួនអ្នកចូលទស្សនាផ្ទាល់ច្រើនបំផុត នៅត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្នុងជំនួបរវាងអាម៉េរិក ទល់ស៊ុយអែត នៅថ្ងៃទី៦ ខែសីហា។ ការប្រកួតនាកីឡដ្ឋាន Melbourne Rectangular រវាងក្រុមទាំងពីរ មានចំនួនអ្នកទស្សនា ២៧,៧០៦នាក់ ដែលធ្វើឱ្យចំនួនអ្នកទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៣ កើនដល់ចំនួន ១,៣៦៧​,០៣៧នាក់ បំបែកកំណត់ត្រាឆ្នាំ២០១៥ នៅកាណាដា។



កំណត់ត្រាមុន បានកាន់កាប់ដោយប្រទេសកាណាដាមានចំនួនអ្នកចូលទស្សនាការប្រកួតសរុបចំនួន ១,៣៥៣,៥០៦នាក់ អំឡុងឆ្នាំ ២០១៥ ដែលកាលនោះ ការប្រកួតមានត្រឹម ២៤ក្រុមប៉ុណ្ណោះ។ ក្រុមនារីអាម៉េរិកគ្រងជើងឯក World Cup លើកទីបី នៅឆ្នាំ២០១៥ ដែលកាណាដាធ្វើជាម្ចាស់ផ្ទះនោះ។
 
ការប្រកួតពានរង្វាន់ World Cup នារីឆ្នាំ ២០១៩ នៅប្រទេសបារាំង មានចំនួនអ្នកចូលទស្សនាការប្រកួតសរុបប្រមាណ ១,១៣១,៣១២នាក់ ទូទាំងការប្រកួតចំនួន ៥២។ ការប្រកួតដែលមានចំនួនអ្នកទស្សនាចូលមើលច្រើនបំផុតមានចំនួន ២១,៧៥៦នាក់។
  


ចំនួនអ្នកទស្សនាជាមធ្យមនៅក្នុងការប្រកួត World Cup នារីក្នុងឆ្នាំ២០២៣នេះ មានចំនួន ២៦,២៨៩នាក់ សម្រាប់ការប្រកួត ៥២លើករួចមកត្រឹមថ្ងៃទី៦ ខែសីហា។ តួលេខដែលទំនងជានឹងកើតឡើងជាមួយនឹងចំនួនអ្នកទស្សនាបន្ថែមទៀត ត្រូវបានគេរំពឺងថានឹងសម្រុកទៅកាន់កីឡដ្ឋានធំៗជាងនេះសម្រាប់ការប្រកួត ១២ប្រកួតចុងក្រោយ ពីវគ្គ ៨ក្រុមរហូតដល់​វគ្គផ្តាច់ព្រ័ត្រ។
 
ការចូលរួមទស្សនាច្រើនបំផុតជាមធ្យម គឺនៅក្នុងព្រឹត្តិការណ៍ Women’s World Cup ឆ្នាំ ២០០៧ នៅក្នុងប្រទេសចិនដែលមានចំនួនក្រុមត្រឹម ១៦ ហើយឆ្លងកាត់ការប្រកួតត្រឹម ៣២ប្រកួតទូទាំងព្រឹត្តិការណ៍ប៉ុណ្ណោះ។ ចំនួន ១៦ក្រុម កាលនោះត្រឹមតែពាក់កណ្តាលនៃក្រុមដែលបានចូលរួមការប្រកួតឆ្នាំ ២០២៣ ដែលស្ថិតនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ធ្វើជាម្ចាស់ផ្ទះតែប៉ុណ្ណោះ។
 
​ការប្រកួតដែលមានចំនួនអ្នកចូលទស្សនាច្រើនបំផុតនៅក្នុងឆ្នាំ ២០២៣ សម្រាប់ Women’s World Cup គឺនៅកីឡដ្ឋាន Australia ដែលមានចំនួនអ្នកទស្សនាប្រមាណ ៧៥,៧៨៤នាក់ ដែលជាការប្រកួតថ្ងៃបើកឆាកសម្រាប់ម្ចាស់ផ្ទះអូស្ត្រាលីទល់នឹងក្រុមអៀរឡង់។ ការប្រកួតដែលមានអ្នកទស្សនាតិចបំផុតមានចំនួន ៦,៩៩២នាក់ក្នុងកីឡដ្ឋាន Dunedin ប្រទេសនូវែលសេឡង់ ក្នុងជំនួបរវាងជប៉ុនយកឈ្នះលើកូស្ត្រារីកា កាលពីថ្ងៃទី២៦ ខែកក្កដា។
 
​មកដល់ពេលនេះ ការប្រកួត World Cup ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់បានបំបែកកំណត់ត្រានៃការលក់សំបុត្រសម្រាប់ព្រឹត្តិការណ៍ Women’s World Cup ដែលសំបុត្រចំនួន ១,៧១៥,០០០សន្លឹកត្រូវបានលក់អស់ លើសពីការរំពឹងទុករបស់អ្នករៀបចំដែលមានត្រឹម ១,៣លានសន្លឹក៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com