អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនប្រាប់ហ្វីលីពីនឱ្យ​ដក​នាវាចម្បាំង​ពីសមុទ្រ​ចិន​ខាងត្បូង​
07, Aug 2023 , 5:59 pm        
រូបភាព
នៅថ្ងៃទី៧ ខែសីហា ចិនបានប្រាប់ទៅហ្វីលីពីនឱ្យដកនាវាចម្បាំងចេញពីតំបន់ Second Thomas Shoal ដែលស្ថិតនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីខ្លួនបានរារាំងកប៉ាល់របស់ទីក្រុងម៉ានីលចំនួនពីរគ្រឿង ដោយប្រើកាណុងបាញ់ទឹកកាលពីចុងសប្តាហ៍។ ភាគីទាំងពីរបានអះអាងថា តំបន់ទាំងនោះគឺជាដែនគ្រប់គ្រងរបស់ខ្លួន ។

 
ហ្វីលីពីន បានចោទឆ្មាំឆ្នេរសមុទ្ររបស់ចិនពីការរារាំងដំណើរ និងការបាញ់ទឹកលើកប៉ាល់ផ្គត់ផ្គង់យោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ទីក្រុងម៉ានីលចាត់ទុករឿងនេះជាសកម្មភាពហួសហេតុ។
 
បើតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំសមុទ្រចិន ខ្លួនបានប្រាប់ហ្វីលីពីនកុំឱ្យបញ្ជូនកប៉ាល់ទៅកាន់តំបន់ទីពីរ Thomas Shoal និងសម្ភារៈសំណង់ដែលប្រើសម្រាប់ការជួសជុលទៅកាន់នាវាចម្បាំងនេះឱ្យសោះ នៅពេលដែលបានដឹងពីផែនការផ្គត់ផ្គង់នាពេលថ្មីៗនេះ។ 
 
ចិនក៏បានជំរុញហ្វីលីពីនជុសជុលឡើងវិញនូវនាវានៅតំបន់ទីពីរ Thomas Shoal ដែលខ្លួនអនុញ្ញាតឱ្យដឹកជញ្ជូនតែសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងអាហារប៉ុណ្ណោះ។​ លើសពីនេះ ខ្លួនបានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីជៀសវាងការប៉ះទង្គិចពីការស្ទាក់ចាប់ដោយផ្ទាល់។
 
ចិនកាលពីចុងសប្តាហ៍បាននិយាយថា ខ្លួនមានអធិបតេយ្យភាព មិនអាចប្រកែកបាននៃតំបន់នេះ ហើយបានជំរុញឱ្យហ្វីលីពីនបញ្ឈប់សកម្មភាពរំលោភបំពាននៅក្នុងដែនទឹកនេះ។
 
ភ្លាមៗនេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានលើកឡើងថា ហ្វីលីពីននៅតែបន្តអះអាងអធិបតេយ្យភាព និងសិទ្ធិដែនដីរបស់ខ្លួន ទោះបីជាមានបញ្ហាប្រឈមនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។ ហ្វីលីពីន ក៏បានកោះហៅអគ្គរដ្ឋចិនប្រចាំទីក្រុងម៉ានីលដើម្បីបង្ហាញការមិនពេញចិត្តផងដែរ។
 
លោក Marcos បាន​សង្កត់ធ្ងន់ថា ៖ « ​ហ្វីលីពីននៅតែ​​បន្ត​ការ​តវ៉ា​របស់​ខ្លួន ​ប្រឆាំង​នឹង​​ចិន» ។
 
ចិនទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងដែលជាផ្លូវដឹកជញ្ជូនសំខាន់ៗ។ ក្រៅពីប្រទេសទាំងពីរ ដែនទឹកទាំងនោះក៏ត្រូវបានទាមទារដោយវៀតណាម តៃវ៉ាន់ ព្រុយណេ និងម៉ាឡេស៊ីផងដែរ៕
 

Tag:
 ហ្វីលីពីន
  ចិន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com