អន្តរជាតិ
អូស្ត្រាលី ឱ្យអាទិភាពការងារក្នុងស្រុកនិងបញ្ហាអាកាសធាតុក្នុងកម្មវិធីជំនួយអន្តរជាតិ
08, Aug 2023 , 10:05 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី​ Penny Wong ។
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី​ Penny Wong ។
អូស្ត្រាលី នឹងដាក់បញ្ហាអាកាសធាតុ និងការបង្កើនការងារក្នុងស្រុកជាចំណុចកណ្តាលនៃកម្មវិធី​ជំនួយ​អន្តរជាតិរបស់ខ្លួន ដែលនេះជាផ្នែកមួយនៃការផ្លាស់ប្តូរគោលនយោបាយការបរទេសដែល​ត្រូវ​បានរៀប​ចំឡើងដើម្បីប្រកួតប្រជែងជាមួយនឹងឥទ្ធិពលរបស់ចិន។

 
ចាប់ពីឆ្នាំក្រោយទៅ ពាក់កណ្តាលនៃការជំនួយថ្មីរបស់អូស្ត្រាលីដែលមានទំហំច្រើនជាង៣លានដុល្លារ​អូស្ត្រាលី (២លានដុល្លារ) នឹងរួមបញ្ចូលគោលដៅដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។ ចាប់ពីឆ្នាំ២០២៨ ការផ្ដល់ជំនួយ៨០ភាគរយ នឹងត្រូវបញ្ចូលគោលដៅដូចគ្នា ដោយបន្ថែមការសម្រេចគោលដៅសមភាពយេនឌ័រផង។
 
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong និយាយនៅថ្ងៃទី៧ ខែសីហា ថា ការផ្ដល់​ជំនួយ​ចាំបាច់ត្រូវដើរទន្ទឹមជាមួយផ្នែកការទូត ផ្នែកការពារជាតិ និងសេដ្ឋកិច្ចរបស់​អូស្ត្រាលី​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។
 
«អូស្ត្រាលីកំពុងប្រើប្រាស់ធាតុទាំងអស់នៃអំណាចរបស់យើងដើម្បីជំរុញផលប្រយោជន៍របស់យើង និងរៀបចំពិភពលោកឱ្យកាន់តែប្រសើរឡើង។ ការអភិវឌ្ឍ និងវិបុលភាពកើតឡើងពីការគាំទ្រសន្តិភាព និងស្ថិរភាព»។ លោកស្រី Wong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហាញគោលនយោបាយថ្មី។
 
ឯរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិកអូស្ត្រាលី លោក Pat Conroy បាននិយាយថា ជំនួយ​របស់អូស្ត្រាលីគួរតែបង្កើ​តចំនួនការងារក្នុងស្រុកដែលទាញផលប្រយោជន៍​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ថែម​ទៀត។
 
ក្នុងរបាយការណ៍គោលនយោបាយដែលបង្ហាញខាងលើ បំណុលសាធារណៈត្រូវបានព្យាករណ៍​ថានឹ​ង​កើនឡើងទ្វេដងនៅក្នុងចំណោមប្រទេសប្រជុំកោះប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥ ហើយ​ប្រទេស​ចំនួន៧ត្រូវ​បានវាយតម្លៃថាមានហានិភ័យខ្ពស់។  អូស្ត្រាលីកត់សម្គាល់ដែរថា ការទូទាត់សងបំណុលខ្ពស់ កំហិតសមត្ថភាពសម្រាប់ការខ្ចីបន្ថែមដែលវានឹងរួមចំណែកដល់ឱនភាពច្រើននៅក្នុង​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ និងប៉ះពាល់ដល់សេវាកម្មចាំបាច់ដូចជាទឹក អគ្គិសនី និងការដឹកជញ្ជូន។
 
ដូចនេះ រដ្ឋាភិបាលអូស្ត្រាលី ដាក់គោលដៅផ្តល់ជម្រើសមួយដល់ដៃគូរបស់ខ្លួនដោយមិនបង្កើតបន្ទុក​បំណុល​ដែលមិនស្ថិតស្ថេរឡើយ៕
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com