អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សភឿថៃចាប់ដៃបក្សភូមិចៃថៃ បង្កើតសម្ព័ន្ធភាពថ្មី
08, Aug 2023 , 11:59 am        
រូបភាព
មេដឹកនាំបក្សភឿថៃ (ស្តាំ) និងបក្ស Bhumjaithai (ឆ្វេង) ។ រូបភាព ៖ AP ។
មេដឹកនាំបក្សភឿថៃ (ស្តាំ) និងបក្ស Bhumjaithai (ឆ្វេង) ។ រូបភាព ៖ AP ។
នៅថ្ងៃទី​៨ ខែសីហា គណបក្សភឿថៃ និង Bhumjaithai ដែលមានមានអាសនៈសរុបចំនួន ២១២ បានប្រកាសសម្ព័ន្ធថ្មីមួយ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ។ បក្សទាំង២  អះអាងថា នឹងមានការគាំទ្រច្រើនពីសភាតំណាងរាស្ត្រ។​

 
បក្សភឿថៃដែលជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា ជាមួយអាសនៈចំនួន១៤១ និងបក្សភូមិចៃថៃ ដែលមានអាសនៈ៧១ បានប្រកាសពីការចងសម្ព័ន្ធថ្មីមួយដែលធ្វើឱ្យចំនួនអសនៈកើនដល់២១២។ 
 
សំឡេង២១២នេះ នឹងក្លាយជាមូលដ្ឋានសម្រាប់បង្កើតរដ្ឋាភិបាល​ ដើម្បីទទួលបានការគាំទ្រភាគច្រើននៅក្នុងសភា ដូច្នេះ មិនមានការបារម្ភពីលទ្ធភាពនៃរដ្ឋាភិបាលដែលមានសំឡេងភាគតិចនេះទេ។ នេះជាការអះអាងរបស់លោក Cholnan Srikaew មេដឹកនាំបក្សភឿថៃក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែសីហា។
 
លោក Cholnan Srikaew បានប្រកាសពីគោលបំណងសំខាន់ៗនៃរដ្ឋាភិបាលដែលបានស្នើឡើង ហើយក៏បានលើកពីលទ្ធភាពនៃការកែរដ្ឋធម្មនុញ្ញ។ លោកថ្លែងថា នឹងមានការបោះឆ្នោតប្រជាមតិជុំវិញការសរសេររដ្ឋធម្មនុញ្ញថ្មី។ 
 
លើសពីនេះ បក្សភឿថៃនៅតែប្រកាន់ខ្ជាប់ថា មិនមានវត្តមានបក្សឆ្ពោះទៅមុខទេនៅក្នុងសម្ព័ន្ធថ្មីនេះ។ លោក Cholnan Srikaew បញ្ជាក់ថា សមាជិកសភាព្រឹទ្ធសភា និងបក្សដទៃទៀតនឹងមិនគាំទ្ររដ្ឋាភិបាលចម្រុះនេះទេ ប្រសិនបើបក្សឆ្ពោះទៅមុខចូលរួម។ 
 
មេដឹកនាំបក្សភឿថៃរូបនេះ មិនបានបង្ហាញពីឈ្មោះគណបក្សដទៃទៀតទេដែលត្រូវមកចូលរួមសម្ព័ន្ធជាមួយនោះ ប៉ុន្តែអនុប្រធានបក្សលោក Phumtham Wechayachai បាននិយាយថា អ្នកទាំងអស់គ្នានឹងឃើញថាគណបក្សណាខ្លះនឹងគាំទ្រជាមួយភឿថៃនៅចុងសប្តាហ៍នេះ។ 
 
ចំណែកលោក Anutin Charnvirakul មេដឹកនាំបក្សភូមិចៃថៃបានអះអាងស្រដៀងគ្នាថា ការបង្កើតសម្ព័ន្ធថ្មីនេះអាចធ្វើរួច ហើយគណបក្សចម្រុះប្រាកដជាមានគាំទ្រពីសភាជាងពាក់កណ្តាល៕​
 
 

Tag:
 ភឿថៃ
  Bhumjaithai
© រក្សាសិទ្ធិដោយ thmeythmey.com