កីឡាអន្តរជាតិ
អន្តរជាតិ
PSG យកបានខ្សែប្រយុទ្ធ Ramos ក្រោមកិច្ចសន្យាខ្ចីជើងពី Benfica
08, Aug 2023 , 1:59 pm        
រូបភាព
ក្លិប Paris Saint Germain បានចុះកិច្ចសន្យានាំយកកីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Goncalo Ramos ពី SL Benfica​ ក្រោមកិច្ចសន្យាខ្ចីជើងរយៈពេលវែង ជាមួយជម្រើសទិញផ្តាច់ផងដែរ។ នេះបើតាមការប្រកាសរបស់ក្របខណ្ឌ Ligue 1 នៅថ្ងៃទី៧ ​ខែសីហា។



«វាជាមោទកភាពដ៏អស្ចារ្យ និងសុភមង្គលដ៏ធំធេងក្នុងការចូលរួមជាមួយនឹងក្លិប Paris Saint Germain។ PSG គឺជាក្លិបដ៏ធំបំផុតមួយក្នុងពិភពលោក និងជាក្រុមដ៏ល្អបំផុត។»។ Ramos ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ជាមួយក្លិបបែបនេះ។
  


Ramos បានបង្ហាញខ្លួនលើកដំបូងបំផុតនៅក្រុម Benfica ក្នុងឆ្នាំ ២០២០ បន្ទាប់បានចូលរួមជាក្រុមឈុតយុវជនរបស់ក្លិបរបស់ព័រទុយហ្កាល់តាំងតែអាយុ ១២ឆ្នាំ។ ខ្សែប្រយុទ្ធរូបនេះរកបានគ្រាប់បាល់ ៤១គ្រាប់ បញ្ជូនបាល់ ១៦គ្រាប់ ពីការបង្ហាញខ្លួន ១០៦ប្រកួតសម្រាប់ក្រុមជើងឯកលីគកំពូលព័រទុយហ្កាល់។
 
​កាល World Cup 2022 កីឡាករវ័យ ២២ឆ្នាំ បានបង្ហាញខ្លួនលើកដំបូងឱ្យក្រុមព័រទុយហ្កាល់ ដោយខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបង្កើតកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង តាមរយៈការស៊ុតបាល់ ៣គ្រាប់ (Hat-Trick) ក្នុងការប្រកួតយកឈ្នះលើក្រុមស្វ៊ីស ដែលជួយឱ្យព័រទុយហ្កាល់ឡើងវគ្គ ៨ក្រុមចុងក្រោយ។
 
Ramos ជាកីឡាករថ្មីមួយរូបបន្ថែមទៀតដែលក្រុម PSG បានចុះកិច្ចសន្យា បន្ទាប់ពីក្លិបយក្សបារាំងបាននាំយកកីឡាករ Marco Asensio, Milan Skriniar, Lee Kang-in, Hugo Ekitike, Lucas Hernandez និង Manuel Ugarte។ PSG បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីសញ្ជាតិអេស្ប៉ាញលោក Luis Enrique។
 
កាលពីពេលថ្មីៗនេះ ក្រុមម្ចាស់ពានរង្វាន់ Ligue 1 បារាំងក៏បានសម្រេចក្នុងការចុះកិច្ចសន្យាជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele ពីក្រុម Barcelona ផងដែរ៕
 

Tag:
 Paris Saint Germain
  Benfica
© រក្សាសិទ្ធិដោយ thmeythmey.com