អន្តរជាតិ
ចិន ទទូចជាថ្មីឱ្យហ្វីលីពីនអូសនាវាចម្បាំងសល់ពីសង្រ្គាមលោកចេញពីសមុទ្រចិនខាងត្បូង
08, Aug 2023 , 3:09 pm        
រូបភាព
រូបភាពយកពីកងល្បាតសមុទ្រហ្វីលីពីន
រូបភាពយកពីកងល្បាតសមុទ្រហ្វីលីពីន
ក្រសួងការបរទេសចិន នៅថ្ងៃទី៨ ខែសីហា បានអំពាវនាវជាថ្មីឱ្យហ្វីលីពីនដកចេញនូវនាវាចម្បាំងសល់ពីសម័យសង្រ្គាមលោកលើកទីពីរ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានមួយនៅក្នុងសមុទ្រចិនខាងត្បូង។ ហ្វីលីពីនឯណោះ ប្តេជ្ញាមិនបោះបង់ដែនទឹករបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូងឡើយ។

 
ជម្លោះសមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីន នៅតែបន្តកើតមាន ខណៈរដ្ឋាភិបាលក្រុងប៉េកាំង បានទាមទារដែនទឹកមួយនេះស្ទើរតែប្រមាណ ៩០ភាគរយជារបស់ខ្លួន តាមរយៈផែនទី​ខ្សែបន្ទាត់​ប្រាំបួន​ឆ្នូត ដោយផ្អែកលើព័ស្តុតាងប្រវត្តិសាស្រ្ត និងច្បាប់។ 
 
តពីការរារាំងដំណើរកប៉ាល់ហ្វីលីពីន សម្រាប់ផ្គត់ផ្គង់នាវាចម្បាំងសល់ពីសម័យសង្រ្គាមលោកលើកទីពីរ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានមួយនៅក្នុងសមុទ្រចិនខាងត្បូង ទីក្រុងប៉េកាំងទាមទារឱ្យទីក្រុងម៉ានីលយកនាវានេះចេញពីតំបន់ Second Thomas Shoal ដែលចិនចាត់ទុកជាដែនទឹករបស់ខ្លួន។ 
 
«ចិនជាថ្មីម្តងទៀតទទូចឱ្យភាគីហ្វីលីពីន ដកនាវាចម្បាំងចេញពីតំបន់ Second Thomas Shoal និងស្តារឡើងវិញនៅស្ថានភាពដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសណាមួយ»។ ក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៨ ខែសីហា ដោយបន្តថា ចិនបានទំនាក់ទំនងជាមួយហ្វីលីពីនលើបញ្ហានេះជាច្រើនលើក ប៉ុន្តែបំណងដ៏ល្អរបស់ខ្លួន ត្រូវបានហ្វីលីពីនទុកចោល។ 
 
ក្រសួងការបរទេសចិន បានបន្ថែមថា ក្រុងប៉េកាំង មានឆន្ទៈដោះស្រាយបញ្ហាដែនសមុទ្រ តាមរយៈកិច្ចចរចា និងកិច្ចសន្ទនាផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ការប្រឈមមុខដាក់គ្នា បានកើតឡើងប្រមាណ១០ម៉ោង នៅក្បែរតំបន់ Second Thomas Shoal ក្នុងថ្ងៃទី៥ ខែសីហា ដោយនាវាចិន បានបាញ់ទឹកដាក់នាវាហ្វីលីពីនផង។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលក្រុងម៉ានីល បានចាត់ទុកនាវាល្បាតចិន បានបង្ហាញពីសកម្មភាពហួសហេតុ ប្រឆាំងនាវារបស់ខ្លួន។ 
 
មុនសេចក្តីថ្លែងការណ៍ខាងលើ លោក Jonathan Malaya ជំនួយការអគ្គនាយកនៃក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បានបញ្ជាក់នៅថ្ងៃទី៧ ខែសីហាថា ក្រុងម៉ានីល នឹងមិនបោះបង់ដែនទឹក Ayungin Shoal ឡើយ។ ហ្វីលីពីន ហៅតំបន់ Second Thomas Shoal ត្រូវបានហៅ Ayungin Shoal។ 
 
ក្រោយហេតុការណ៍ក្នុងសមុទ្រចិនខាងត្បូងនេះ អាម៉េរិក អូស្រ្តាលី សហភាពអឺរ៉ុប និងជប៉ុនជាដើម សុទ្ធតែគាំទ្រហ្វីលីពីន និងបារម្ភពីសកម្មភាពចិននៅក្នុងសមុទ្រចិនខាងត្បូង។ មិនតែប៉ុណ្ណោះ អាម៉េរិកក៏បានព្រមានចិនផងដែរថា ខ្លួនមានកាតព្វកិច្ចការពារហ្វីលីពីន ប្រសិនបើនាវាសាធារណៈ និងកម្លាំងរបស់ហ្វីលីពីនស្ថិតនៅក្រោមការវាយប្រហារ៕ 
 

Tag:
 ចិន
  ហ្វីលីពីន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com