កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ អូស្ត្រាលីបំបាក់ដាណឺម៉ាកឡើងវគ្គបន្ត ខណៈអង់គ្លេសឈ្នះនីហ្សេរីយ៉ាយ៉ាងលំបាក
08, Aug 2023 , 3:40 pm        
រូបភាព
ក្រុមម្ចាស់ផ្ទះនារីអូស្ត្រាលីបន្តដំណើរឡើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Women’s World Cup 2023 ក្រោយយកឈ្នះការប្រកួតលើក្រុមដាណឺម៉ាក់លទ្ធផល ២-០ នាកីឡដ្ឋាន Australia ថ្ងៃទី៧ ខែសីហា។ ចំណែកក្រុមនារីអង់គ្លេសឆ្លងផុតក្រុមនីហេ្សរីយ៉ា ដោយការយកឈ្នះយ៉ាងលំបាកក្នុងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។



ជ័យជម្នះ ២-០ នៅក្នុងកីឡដ្ឋាន Australia ក្នុងទីក្រុងស៊ីដនី គឺជាភស្តុតាងបន្ថែមទៀតថាក្រុមនារីអូស្ត្រាលី (Matildas) មិនមែនជាក្រុមមួយដែលមិនអាចមើលរំលងបានឡើយក្នុងការប្រកួតប្រជែងមួយនេះ។ កាលពីប្រកួតនៅវគ្គចែកពូល អូស្ត្រាលី បានយកឈ្នះលើក្រុមនារីកាណាដាដែលជាក្រុមដ៏ខ្លាំងមួយក្នុងការប្រកួតលំដាប់ពិភពលោក។
  


គ្រាប់បាល់ទាំង ២គ្រាប់របស់ក្រុម Matildas រកបានដោយកីឡាការិនី Caitlin Foord នៅនាទី២៩ និងកីឡាការិនី Hayley Raso នៅនាទី៧០ ខណៈក្រុមអូស្ត្រាលីស្ថិតក្រោមការមើលការខុសត្រូវពីសំណាក់កីឡាការិនីប្រធានក្រុម Sam Kerr កីឡាការិនីឆ្នើមប្រចាំក្រុម​ Chelsea។ ការប្រកួតរវាងអូស្ត្រាលី និងដាណឺម៉ាក មានអ្នកចូលទស្សនាប្រមាណ ៧៥,០០០នាក់។
 
អូស្ត្រាលីនឹងត្រូវជួបក្រុមដែលឈ្នះការប្រកួតរវាងក្រុមនារីបារាំង ដែលជាក្រុមមួយដែលត្រូវបានគេសម្លឹងមើលឃើញថាជាក្រុមខ្លាំងមួយកំពុងស្ថិតក្នុងការប្រកួតប្រជែង ហើយដែលត្រូវប្រកួតតទល់នឹងក្រុមម៉ារ៉ុក។ 
 
ដោយឡែកក្រុមនារីអង់គ្លេស ក៏ស្ថិតនៅបន្តក្នុងការប្រកួត ដោយពួកគេបានយកឈ្នះការប្រកួតលើក្រុមនារីនីហ្សេរីយ៉ាយ៉ាងបំបាក ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៤-២ ក្រោយការប្រកួតរយៈពេល ១២០នាទី ស្មើ ០-០។ 
 
ការប្រកួតលទ្ធផលស្មើ ០-០ បង្ហាញថាក្រុមតោកំណាច់នារីអង់គ្លេសត្រូវការកែប្រែទម្រង់លេងឱ្យល្អឡើងវិញនៅការប្រកួតបន្ទាប់ ដើម្បីអាចស្វែករកគ្រាប់បាល់បាល់នៅការប្រកួតវគ្គ ៨ក្រុមចុងក្រោយ។ 
 
ក្រុមមានចំណាត់ថ្នាក់លេខ ៤ លើពិភពលោកមួយនេះនឹងត្រូវជួបក្រុមដែលឈ្នះការប្រកួតរវាងក្រុមនារីហ្សាម៉ាអ៊ីត ឬកូឡុំប៊ី ដែលជាក្រុមមកពីទ្វីបអាម៉េរិកខាងត្បូងកំពុងឡើងទម្រង់លេងខ្លាំងនៅការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅថ្ងៃទី១២ ខែសីហា ក្នុងទីក្រុងស៊ីដនី៕
 

Tag:
 World Cup
  Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com