កីឡាអន្តរជាតិ
អន្តរជាតិ
Varane ថា FA មិនខ្វល់ពីមតិកីឡាករ ជុំវិញច្បាប់កំណត់ពេលវេលាការប្រកួតថ្មី
08, Aug 2023 , 7:39 pm        
រូបភាព
Raphael Varane ខ្សែការពារក្រុម Manchester United ថ្ងៃទី៧ ខែសីហា បាននិយាយថាច្បាប់បាល់ទាត់ថ្មីដែលចែងដោយសមាគមបាល់ទាត់អង់គ្លេស ​FA ដើម្បីជៀសវាងការខ្ជះខ្ជាយពេលវេលា នឹងបង្កើនបន្ទុកដល់កីឡាករ។ បើទោះមានការតវ៉ានឹងច្បាប់ថ្មីនេះ  ប៉ុន្តែ FA ធ្វើព្រងើយកន្តើយចំពោះមតិរបស់កីឡាករ។



ផ្នែកមួយនៃបទប្បញ្ញត្តិបាល់ទាត់ថ្មីក្នុងលីគកីឡាបាល់ទាត់អង់គ្លេស អាជ្ញាកណ្តាលនឹងបូកបន្ថែមពេលវេលាពិតប្រាកដដែលបានបាត់បង់នៅក្នុងការអបអរពេលស៊ុតបាល់ចូលទី ការផ្លាស់ប្តូរកីឡាករ ឬរបួស ដើម្បីបន្ថែមម៉ោងប្រកួតបន្ត។ 
  


ជាក់ស្តែងក្នុងការប្រកួតពានរង្វាន់បើករដូវកាល Community Shield រវាងក្រុម Arsenal ទល់នឹងក្រុម Manchester City មានការបន្ថែមពេលវេលបង្គ្រប់រយៈពេល ៨នាទី។ Arsenal តាមស្មើលទ្ធផល ១-១ នាទី៩០+៧ ហើយបានឈានជើងដល់វគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៤-១។ 
 
ការប្រកួតមួយចំនួននៅក្នុងក្របខណ្ឌទីពីររបស់អង់គ្លេស Championship ជុំទីមួយនាទីបូកបន្ថែមក្នុងការប្រកួតមានរយៈពេលដល់ទៅ ១០នាទី ឬលើសពីនេះ ក្នុងការប្រកួត។
 
Varane បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X អតីត ​​Twitter ដោយបង្ហាញក្តីបារម្ភពីការបន្ថែមពេលវេលាកាន់តែច្រើន ស្របពេលការប្រកួតកាន់តែមមាញឹកសម្រាប់កីឡាករអាជីពសព្វថ្ងៃ។ ខ្សែការពារបារាំងរូបនេះ ចាត់ការផ្លាស់ប្តូរពេលវេលាក្នុងការប្រកួតជាសម្ពាធសម្រាប់កីឡាករ។
  


ខ្សែការពារក្រុម Manchester United រូបនេះបានអះអាងបន្ថែមទៀតថា កីឡាករទាំងអស់ចង់បានកម្លាំងពេញ ១០០ភាគរយនៅលើទីលានដើម្បីអាចផ្តល់ការប្រកួតស្ទើរតែ ១០០ភាគរយនៃកម្លាំងដើម្បីក្រុម ព្រមទាំងអ្នកគាំទ្រ។ ខ្សែការពារសញ្ជាតិបារាំងបន្ថែមទៀតថា មតិរបស់កីឡាករទាំងអស់មិនត្រូវបាន FA យកចិត្តទុកដាក់ឡើយ។
 
ក្រៅពីនេះលោក Pep Guardiola ក៏បានរិះគន់ចំៗចំពោះការផ្លាស់ប្តូរនៃការបន្ថែមពេលវេលាក្នុងការប្រកួតបែបនេះ ក្រោយក្រុមរបស់លោកបានរបូតគ្រាប់បាល់នៅក្នុងនាទីបន្ថែមបង្គ្រប់រហូតដល់ជាង ១១នាទី​ដែលបានចាញ់ក្រុម Arsenal។
 
ការប្រកួតក្នុងពានរង្វាន់ Community Shield ពេលថ្មីនេះ ក៏បានបង្ហាញអំពីច្បាប់ថ្មី ដែលក្រុមមន្ត្រីអាជ្ញាកណ្តាលបានប្រើក្នុងការប្រកួត ដោយក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវអាកប្បកិរិយារបស់កីឡាករ អ្នកចាត់ការ និងអ្នកគាំទ្រជាដើម។ តែយ៉ាងណាអ្នកចាត់ការក្រុម Arsenal លោក Mikel Arteta ត្រូវបានពិន័យកាតលឿងសម្រាប់ការតវ៉ាចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ដោយការបន្ថែមពេលវេលាលើសលុប៕
 

Tag:
 Raphael Varane
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com