អន្តរជាតិ
ចិន ប្រាប់រុស្ស៊ីថា ខ្លួនមិននៅខាងភាគីណាមួយឡើយ បើទោះចូលរួមកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត
08, Aug 2023 , 8:59 pm        
រូបភាព
លោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន ជាមួយលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅក្រុងមូស្គូ ក្នុងខែកុម្ភៈកន្លងទៅ។ រូបភាព AFP
លោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន ជាមួយលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅក្រុងមូស្គូ ក្នុងខែកុម្ភៈកន្លងទៅ។ រូបភាព AFP
ក្រោយចូលរួមកិច្ចប្រជុំក្រុង Jeddah ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន រដ្ឋាភិបាលក្រុងប៉េកាំង បានប្រាប់ក្រុងមូស្គូថា ខ្លួនមិនជ្រើសយកភាគីណាឡើយ ហើយបន្តប្រកាន់យកជំហរឯករាជ្យលើវិបត្តិនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសចិន បានអះអាងថា សំឡេងរបស់ចិន នឹងមិនរងឥទ្ធិពលពីប្រទេសណាមួយឡើយ។

 
មន្រ្តីជាន់ខ្ពស់មកពីប្រទេសប្រមាណ ៤០ នៅសប្តាហ៍មុន បានចូលរួមកិច្ចប្រជុំថ្នាក់ទីប្រឹក្សាសន្តិសុខជាតិ និងមន្រ្តីផ្សេងទៀត នៅក្រុង Jeddah អារ៉ាប៊ីសាអូឌីត ដោយក្នុងនោះមានចិន អាម៉េរិក ឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀត។ 
 
តាមរយៈសេចក្តីថ្លែងការណ៍របស់អារ៉ាប៊ីសាអូឌីត កិច្ចប្រជុំស្វែងរកសន្តិភាពនៅអ៊ុយក្រែននេះ មិនមានលទ្ធផលអ្វីទេដោយបានត្រឹមតែឯកភាពបន្តកិច្ចសន្ទនាស្វែងរកសន្តិភាព។ មន្រ្តីមកពីប្រទេសប្រមាណ៤០នេះ បានយល់ព្រមរៀបចំកិច្ចប្រជុំមួយទៀត ក្នុងរយៈពេល៦សប្តាហ៍ខាងមុខ។ 
 
ទោះជាយ៉ាងណា វត្តមានចិនក្នុងកិច្ចប្រជុំនេះ ជារឿងគួរកត់សម្គាល់ព្រោះរុស្ស៊ីអវត្តមាន។ ក្រោយកិច្ចប្រជុំខាងលើ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក៏បានជជែកតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ។
 
លោក វ៉ាង ប្រាប់លោក ឡាវរ៉ូវ ថា រដ្ឋាភិបាលក្រុងប៉េកាំង នៅតែបន្តប្រកាន់យកតួនាទីមិនជ្រើសយកភាគីណាមួយឡើយ ហើយរក្សជំហរឯករាជ្យលើអ៊ុយក្រែន ដើម្បីស្វែងរកការដោះស្រាយវិបត្តិបញ្ហានយោបាយនៅប្រទេសតំបន់អឺរ៉ុបខាងកើតមួយនេះ។ 
 
បើតាមលោកវ៉ាង សំឡេងរបស់ចិន នឹងប្រកបដោយហេតុផល រួមទាំងមិនរងឥទ្ធិពលពីប្រទេសណាមួយឡើយ នៅលើឆាកអន្តរជាតិ និងចូលរួមលើកតម្កើងកិច្ចចរចាប្រកបដោយសន្តិភាព។ 
 
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង មិនបានរិះគន់លើរុស្ស៊ី ក្នុងការឈ្លានពានអ៊ុយក្រែនឡើយ ដោយបានត្រឹមតែជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះ ដោយសន្តិវិធី និងតាមរយៈតុចរចា។ មិនតែប៉ុណ្ណោះ ចិន ក៏បានស្នើផែនការស្វែងរកសន្តិភាពចំនួន ១២ចំណុចទៅអ៊ុយក្រែន និងរុស្ស៊ី ដើម្បីដោះស្រាយវិបត្តិផង។​
 
ចំណែកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏តែងតែលើកយកពីផែនការសន្តិភាពចំនួន ១០គោលការណ៍ ដើម្បីបញ្ចប់សង្រ្គាម ដែលរុស្ស៊ីបានឈ្លានពានខ្លួនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក៕
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com