សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីលក់ប្រេងឱ្យឥណ្ឌាថោកបំផុត ចាប់តាំងពីមានជម្លោះជាមួយអ៊ុយក្រែន
08, Aug 2023 , 10:19 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
​ប្រេង​រុស្ស៊ី​ដែល​នាំចេញទៅ​ឥណ្ឌា​ក្នុង​ខែ​មិថុនា ​មានតម្លៃ​ទាប​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​កាល​ពី​ដើម​ឆ្នាំ​មុន ដែលជាមធ្យមមានតម្លៃ៦៨,១៧ដុល្លារក្នុងមួយបារ៉ែល។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Bloomberg ។

 
តួលេខចុងក្រោយរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឥណ្ឌាបង្ហាញថា ក្នុងខែមិថុនា ប្រេងដែលនាំចូលពីរុស្ស៊ីបូកជាមួយនឹងថ្លៃដឹកជញ្ជូនមានតម្លៃជាមធ្យម ៦៨,១៧ដុល្លារក្នុងមួយធុងប៉ារ៉ែល។ តម្លៃនេះគឺធ្លាក់ចុះពី៧០,១ដុល្លារកាលពីខែឧសភា។
 
នេះក៏ជាកម្រិតថ្លៃទាបបំផុតចាប់តាំងពីដើមឆ្នាំ២០២២។ តម្លៃដែលលោកខាងលិចដាក់លើប្រេងរុស្ស៊ីនាពេលបច្ចុប្បន្នគឺ ៦០ដុល្លារក្នុងមួយបារ៉ែល (មិនរាប់បញ្ចូលថ្លៃដឹកជញ្ជូន)។
 
ក្រោយសង្គ្រាមនៅអ៊ុយក្រែន ឥណ្ឌា និងចិនបានក្លាយជាអ្នកប្រើប្រាស់ប្រេងរុស្ស៊ីច្រើនជាងគេ ដោយសារផលិតផលនេះត្រូវបានលោកខាងលិចដាក់ទណ្ឌកម្ម ។ ក្រុមហ៊ុនទិន្នន័យ Kpler បានលើកឡើងថា ការនាំចូលប្រេងរបស់ឥណ្ឌាបានធ្លាក់ចុះក្នុងរយៈពេលពីរខែកន្លងមកនេះ។ ចំនួន​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​ នឹង​ធ្លាក់​ចុះ​បន្តទៀត​នៅ​ពេល​ដែល​រុស្ស៊ី​ កាត់​បន្ថយ​ការ​នាំ​ចេញ ។
 
យ៉ាងណាមិញ Kpler ព្យាករថា ការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ីនឹងកើនឡើងម្តងទៀតចាប់ពីខែតុលា។ ឥណ្ឌាជាធម្មតាទិញប្រេងពីរុស្ស៊ីក្នុងទម្រង់ជាអ្នកលក់ដែលទទួលខុសត្រូវលើការដឹកជញ្ជូន ការធានារ៉ាប់រង និងការចំណាយផ្សេងៗផ្សេងទៀត។
 
យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ឥណ្ឌា តម្លៃ​ប្រេង​ដែល​បាន​នាំ​ចូល​ពី​អ៊ីរ៉ាក់​ក្នុង​ខែ​មិថុនា​គឺមានតម្លៃ ៦៧,១ដុល្លារ​ក្នុង​មួយ​បារ៉ែល។ ប្រេង​ពី​អារ៉ាប៊ីសាអូឌីត​មាន​តម្លៃ​ខ្ពស់​ជាងគឺ ៨១,៧ ដុល្លារ។ បច្ចុប្បន្នឥណ្ឌាត្រូវនាំចូល ៨៨ភាគរយនៃប្រេងដែលខ្លួនកំពុងប្រើប្រាស់ប្រចាំថ្ងៃ។
 
កាល​ពី​ចុង​សប្តាហ៍​មុន រដ្ឋមន្ត្រី​ប្រេង និងឧស្ម័នធម្មជាតិ​ឥណ្ឌា Hardeep Singh Puri បាន​និយាយ​ថា ប្រេង​រុស្ស៊ី​មិន​ត្រូវ​បាន​បញ្ចុះ​តម្លៃ​ច្រើន​ដូច​ឆ្នាំ​មុន​ទេ។ ឥណ្ឌាក៏បានធ្វើពិពិធកម្មប្រភពប្រឹងដែរ ដោយបានទិញពី២៧ទៅ៣៩ប្រទេសផ្សេងគ្នា។
 
តម្លៃប្រេងពិភពលោកបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបានប្រកាសកាត់បន្ថយការផ្គត់ផ្គង់ ដើម្បីទាញទីផ្សារប្រេងកើនឡើង។ ក្នុងខែកញ្ញា អារ៉ាប៊ីសាអូឌីតបន្តកាត់បន្ថយផលិតកម្មប្រេងមួយលានបារ៉ែលក្នុងមួយថ្ងៃ ខណៈរុស្ស៊ីគ្រោងកាត់បន្ថយការនាំចេញប្រេងចំនួន ៣០០ពាន់បារ៉ែលក្នុងមួយថ្ងៃ៕ 
 

Tag:
 ឥណ្ឌា
  រុស្ស៊ី
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com