សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បន្ទាប់ពីអង្ករ ឥណ្ឌាអាចនឹងហាមឃាត់ការនាំចេញស្ករមួយទៀត
08, Aug 2023 , 5:59 pm        
រូបភាព
កសិករលីបាច់អំពៅបន្ទាប់ពីប្រមូលផលនៅឥណ្ឌា ។ រូបភាព Xinhua ។
កសិករលីបាច់អំពៅបន្ទាប់ពីប្រមូលផលនៅឥណ្ឌា ។ រូបភាព Xinhua ។
ភ្លៀងធ្លាក់មិនស្មើគ្នានៅទូទាំងតំបន់កសិកម្មរបស់ឥណ្ឌា បានធ្វើឱ្យមានការព្រួយបារម្ភថាផលិតកម្មស្ករនឹងធ្លាក់ចុះ។ ឥណ្ឌាអាចហាមឃាត់ការនាំចេញស្ករនេះមួយទៀតក្រោយពីប្រកាសបិទការនាំចេញអង្ករ។ 

 
បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃទី ២០ ខែកក្កដាបានហាមឃាត់ការនាំចេញអង្ករប្រភេទមួយចំនួនដើម្បីគ្រប់គ្រងតម្លៃក្នុងស្រុក ពាណិជ្ជករជាច្រើនមានការព្រួយបារម្ភថាទំនិញម្ហូបអាហារផ្សេងទៀត​ អាចនឹងត្រូវហាមឃាត់ដែលនោះគឺ ស្ករ។
 
ពិភពលោកពឹងផ្អែកកាន់តែខ្លាំងឡើងលើការនាំចេញស្ករពីប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈដែលការផ្គត់ផ្គង់ពិភពលោកកាន់ពិបាក។ បរិមាណទឹកភ្លៀងធ្លាក់មិនគ្រប់គ្រាន់ នៅទូទាំងប្រទេសឥណ្ឌាបានបង្កការព្រួយបារម្ភពីផលិតកម្មស្ករនឹងធ្លាក់ចុះ។ ទិន្នផលស្ករបានធ្លាក់ចុះរយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលនេះអាចកំណត់សមត្ថភាពនៃនាំចេញរបស់ឥណ្ឌា។
 
លោក Henrique Akamine ប្រធានផ្នែកស្រាវជ្រាវស្ករ និងអេតាណុលនៅ Tropical Research Service ដែលមានមូលដ្ឋាននៅប្រេស៊ីលបានឱ្យដឹងថា ការហាមឃាត់ការនាំចេញអង្ករ គឺជាសញ្ញាច្បាស់លាស់សម្រាប់រដ្ឋាភិបាលឥណ្ឌាដែលមានការព្រួយបារម្ភអំពីសន្តិសុខស្បៀង និងអតិផរណា។ 
 
លោក​បាន​បន្ត​ថា​៖ « ​ការ​ព្រួយ​បារម្ភ​នៅ​ពេល​នេះ​គឺ​ថា ​រដ្ឋាភិបាល​ប្រហែល​ជា​នឹង​ធ្វើ​តាម​និង​​អ្វី​ស្រដៀង​គ្នា​ទាក់ទង​នឹង​ស្ករ »។
 
បើតាមលោក Aditya Jhunjhunwala ប្រធានសមាគមរោងចក្រផលិតស្ករឥណ្ឌា ចម្ការអំពៅនៅក្នុងតំបន់ផលិតសំខាន់នៃរដ្ឋ Maharashtra និងរដ្ឋ Karnataka មិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ទេក្នុងខែមិថុនា ដែលនាំឲ្យមានការព្រួយបារម្ភអំពីទិន្នផលនៅឆ្នាំនេះ។ 
 
សមាគមរំពឹងថាការផលិតស្ករសនឹងធ្លាក់ចុះ ៣,៤ភាគរយបើធៀបឆ្នាំមុនមកត្រឹម ៣១,៧លានតោនក្នុងឆ្នាំ ២០២៣-២០២៤។ យ៉ាងណាមិញលោក Jhunjhunwala បាន​បញ្ជាក់​ថា ការ​ផ្គត់​ផ្គង់​អាច​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុកបាន។
 
ទន្ទឹមនឹងនេះ ឥណ្ឌានឹងប្រើប្រាស់ស្ករបន្ថែមទៀតសម្រាប់ជីវសាស្ត្រ។ សមាគមបានរកឃើញថារោងម៉ាស៊ីនបានបង្វែរ ៤,៥លានតោនស្ករទៅជាផលិតកម្មអេតាណុលដែលកើនឡើង ៩,៨ភាគរយធៀបនឹងឆ្នាំមុន៕
 
 

Tag:
 ស្ករ
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com