កីឡាអន្តរជាតិ
អន្តរជាតិ
ភ្នាក់ងារថា Salah នៅតែបន្តជាមួយ Liverpool ទោះមានការចាប់អារម្មណ៍ពីក្លិបអារ៉ាប៊ីសាអូឌីត
09, Aug 2023 , 9:29 am        
រូបភាព
លោក Ramy Abbas Issa ទីភ្នាក់ងារផ្ទាល់របស់ Mohamed Salah បានច្រានចោលពាក្យចចាមអារ៉ាមដែលថាខ្សែប្រយុទ្ធក្រុម Liverpool នឹងផ្លាស់ទៅកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត។ ភ្នាក់ងាររូបនេះ អះអាងថាកីឡាករវ័យ ៣១ឆ្នាំ នៅតែបន្តស្នាក់នៅជាមួយនឹងក្លិបរហស្សនាមហង្សក្រហម។



បើតាមរយៈការចុះផ្សាយរបស់កាសែតមួយចំនួននៅអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា មានការជជែងរវាងកីឡាករសញ្ជាតិអេហ្ស៊ីប និងក្លិប ​Al-Ittihad ជុំវិញការផ្ទេរដែលមានតម្លៃប្រមាណ ១៥៥លានផោន (១៩៣លានដុល្លារ) លើកិច្ចសន្យារយៈពេល ២ឆ្នាំ។ 
 
កាលពីពេលថ្មីៗនេះអតីតមិត្តរួមក្រុមរបស់ Salah កីឡាករសញ្ជាតិប្រេស៊ីល Fabinho បានសម្រេចចិត្តផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដោយចូលរួមជាមួយនឹងក្រុម Al-Ittihad នេះដែរ ក្នុងតម្លៃនៃការផ្ទេរ ៤០លានផោន (៥១លានដុល្លារ)។
 
ក្រោយមានការលេចលឺព័ត៌មានខាងលើនេះ លោក Ramy Abbas បានបង្ហោះនៅលើបណ្តាញសង្គម X ដោយបដិសេធថា Salah គ្មានគម្រោងចាកចេញពី Liverpool នៅពេលនេះឡើយ។
«ប្រសិនយើងជ្រើសរើសចាកចេញពី ហង្សក្រហមនៅឆ្នាំនេះ យើងនឹងមិនបន្តកិច្ចសន្យានៅរដូវកាលមុនមកឡើយ។ Salah នៅតែបន្តស្នាក់នៅជាមួយក្រុមនៅលីគកំពូលអង់គ្លេស Premier League ដដែល។»។ នេះជាការបញ្ជាក់របស់លោក Abbas​។ Salah បានបន្តកិច្ចសន្យាដល់បញ្ចប់រដូវកាល ២០២៤-២៥។
 
Salah បង្ហាញខ្លួនលេងបាន ២៣១ប្រកួត នឹងរកបានគ្រាប់បាល់ចំនួន ១៣៩គ្រាប់សម្រាប់ Liverpool។ ទោះយ៉ាងណាទីភ្នាក់ងាររបស់ Salah បានចេញមុខអះអាងដោយបាននិយាយថាអតីតខ្សែប្រយុទ្ធក្រុម Chelsea និង Roma គ្មានបំណងចាកចេញពីទឹកដី Anfield ឡើយទោះក្នុងលក្ខខណ្ឌអ្វីក៏ដោយ៕
 
 

Tag:
 Liverpool
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com