អន្តរជាតិ
ចិនបញ្ចេញលុយ១០២លានដុល្លារសម្រាប់ស្ដារវិស័យកសិកម្មក្រោយគ្រោះទឹកជំនន់
09, Aug 2023 , 11:59 am        
រូបភាព
រដ្ឋាភិបាលចិននៅថ្ងៃទី៨ ខែសីហាបានបែងចែកមូលនិធិសង្គ្រោះ៧៣២លានយ័ន (១០២លាន​ដុល្លារ​) ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃផលិតកម្មកសិកម្ម បន្ទាប់រងគ្រោះខ្លាំងដោយសារខ្យល់ព្យុះ។

 
ទឹកប្រាក់១០២លានដុល្លារត្រូវបញ្ចេញដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម និងកិច្ចការ ជនបទ ហើយត្រូវបញ្ជូនទៅកាន់តំបន់ខេត្តចំនួនប្រាំបួនរួមមានហឺប៉ី, ជីនលីន, ហីឡុងជាំង និងហ្វូជៀនជាដើម និងឱ្យក្រុមហ៊ុន Beidahuang ដែលជាក្រុមហ៊ុនកសិកម្ម និងកសិពាណិជ្ជកម្មដ៏សំខាន់មួយរបស់ចិន។ 
 
បើយោងតាមក្រសួងហិរញ្ញវត្ថុ ថវិកាទាំងនេះត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់សម្រាប់ការ គ្រប់គ្រង​ទឹកជំនន់ផ្នែកកសិកម្ម និងការងារសង្គ្រោះគ្រោះមហន្តរាយ និងដើម្បីគាំទ្រដល់​ផលិតកម្ម​កសិក​ម្ម​ក្រោយគ្រោះមហន្តរាយ។ ការឧបត្ថម្ភធនសមស្រប ក៏នឹងត្រូវបានអនុវត្តទៅលើការទិញសម្ភារកសិកម្ម ដូចជាគ្រាប់ពូជ សំណាប ជី ថ្នាំសម្លាប់សត្វល្អិត និងសេវាកម្ម ប្រតិបត្តិការដើម្បីបន្តផលិតកម្មកសិកម្ម និងការជួសជុលកន្លែងផលិតកសិកម្មដែលរងការខូចខាត។
 
ខេត្តជាច្រើនរបស់ចិន ពិសេសបណ្ដាខេត្តភាគខាងជើង រងទឹកជំនន់បង្កដោយព្យុះទីហ្វុង Doksuriដែលបំផ្លាញដំណាំ និងកន្លែងផលិតកសិកម្ម ហើយព្រមទាំងនាំឱ្យជន់លិចក្នុងទីក្រុងផងដែរ។ រដ្ឋាភិបាលក្នុងតំបន់ បានចល័តកម្លាំងជួយសង្គ្រោះដើម្បីជម្លៀសប្រជាពលរដ្ឋ ហើយកំពុងជួស​ជុល​ផ្លូវ​ថ្នល់ ស្តារប្រព័ន្ធថាមពល និងប្រព័ន្ធទំនាក់ទំនងឡើងវិញឱ្យបាន​ឆាប់តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
 
ប្រធានាធិបតីចិន ស៊ី ជីនភីង នៅថ្ងៃទី៧ ខែសីហា បានទាមទារឱ្យអាជ្ញាធរបង្កើនការជួយសង្គ្រោះ​បន្ថែមដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន ឬជាប់គាំងដោយសារទឹកជំនន់។ លោក ស៊ី ក៏សង្កត់ធ្ងន់ថា គ្រប់តំបន់ និងស្ថាប័នពាក់ព័ន្ធត្រូវតែពង្រឹងការត្រួតពិនិត្យ ការព្យាករណ៍ ការព្រមានជាមុន និងប​ង្កើន​វិធានការត្រួតពិនិត្យផងដែរ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com