អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក គ្រោងបំពេញទស្សនកិច្ចនៅវៀតណាម
09, Aug 2023 , 11:19 am        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៨ ខែសីហា បានអះអាងថា លោកគ្រោងនឹងបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗ សម្រាប់កិច្ចខិតខំកែលម្អទំនាក់ទំនងទ្វេភាគី។

 
ក្នុងសុន្ទរកថាពីក្រុង Albuquerque រដ្ឋNew Mexico លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់បំណងចង់បំពេញទស្សនកិច្ចនៅវៀតណាមដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។ 
 
«ខ្ញុំនឹងទៅវៀតណាមក្នុងពេលឆាប់ៗ ដោយសារវៀតណាមចង់ផ្លាស់ប្តូរទំនាក់ទំនង និងក្លាយជាដៃគូមួយរបស់យើង»។ លោក បៃឌិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី៨ ខែសីហា។ សុន្ទរកថាត្រង់ចំណុចនេះ មិនត្រូវបានថតជាប់ឡើយ ប៉ុន្តែត្រូវបានបញ្ចេញដោយអ្នកសារព័ត៌មានដែលចូលរួមកម្មវិធីខាងលើ។
 
គម្រោងទស្សនកិច្ចរបស់មេដឹកនាំអាម៉េរិកនៅវៀតណាមបែបនេះ ធ្វើឡើងស្របពេលប្រទេសទាំងពីរ បានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយរយៈពេល ១០ឆ្នាំ។ លោកបៃឌិន មិនបានបញ្ជាក់ឡើយ ថាតើលោកនឹងបំពេញទស្សនកិច្ចនៅពេលណា។ ប៉ុន្តែប្រធានាធិបតីអាម៉េរិកអាចនឹងយកឱកាសណាមួយ ក្នុងពេលចូលរួមទស្សនកិច្ចនៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងខែកញ្ញា ដើម្បីធ្វើទស្សនកិច្ចនៅវៀតណាម។ 
 
ការបញ្ជាក់ក្នុងសុន្ទរកថា ធ្វើឡើងស្របពេលអាម៉េរិក កំពុងស្វះស្វែងរកការទប់នឹងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។ 
 
នៅឆ្នាំមុន លោកបៃឌិន ជាមួយមេដឹកនាំបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផ្សេងទៀតដូចជាវៀតណាម ថៃ អូស្រ្តាលី ព្រុយណេ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម បានសម្ពោធក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ក្នុងពេលបំពេញទស្សនកិច្ចនៅជប៉ុន។ ក្របខណ្ឌមួយនេះ ផ្តោតលើសសរស្តម្ភចំនួន៤ ដូចជា ការតភ្ជាប់សេដ្ឋកិច្ចជាមួយដៃគូ, ការស្តារសេដ្ឋកិច្ចឡើងវិញ,​ សេដ្ឋកិច្ចដើរដោយថាមពលស្អាត និងសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ។
 
សមាជិកIPEF ភាគច្រើនសុទ្ធតែមានភាពតានតឹងជាមួយចិនដូចជា អាម៉េរិក ឥណ្ឌា ជប៉ុន និងអូស្រ្តាលី ខណៈបណ្តាប្រទេសអាស៊ានមួយចំនួន មានជម្លោះជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង។ 
 
សូមបញ្ជាក់ថា វៀតណាម និងអាម៉េរិក ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ នៅក្នុងតំបន់អាស៊ាន ដោយទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរមានចំនួន ប្រមាណ១២៧,៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២។ វៀតណាមនាំទៅអាម៉េរិកមានទំហំ ១២៧,៥ពាន់លានដុល្លារ ខណៈអាម៉េរិកនាំចេញទៅវៀតណាមមានត្រឹម ១១,៣ពាន់លានដុល្លារប៉ុណ្ណោះ៕ 
 

Tag:
 អាម៉េរិក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com