កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ បារាំងទម្លាក់ម៉ារ៉ុកយ៉ាងងាយ ខណៈកូឡុំប៊ីឆ្លងផុតវគ្គ១៦ក្រុមលើកដំបូង
09, Aug 2023 , 2:49 pm        
រូបភាព
ក្រុមបាល់ទាត់នារីបារាំង ដែលជាក្រុមត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុតក្នុងការប្រកួត FIFA Women’s World Cup 2023 បានបន្តដំណើរឡើងទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះម៉ារ៉ុកយ៉ាងងាយស្រួលក្នុងលទ្ធផល​ ៤-០ នាការប្រកួតថ្ងៃទី៨ ខែសីហា។ រីឯក្រុមនារីកូឡុំប៊ីឡើងវគ្គ ៨ក្រុមលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុម ក្រោយយកឈ្នះហ្សាម៉ាអ៊ីកក្នុងលទ្ធផល ១-០។



ក្រុមនារីបារាំងនឹងឆ្លងទៅជួបក្រុមម្ចាស់ផ្ទះនារីអូស្ត្រាលី នៅវគ្គ ៨ក្រុមចុងក្រោយនៃ Women’s World Cup 2023។ បើទោះបីជាម៉ារ៉ុក បានបំបាក់ក្រុមខ្លាំងដូចជាអាល្លឺម៉ង់នៅក្នុងវគ្គចែកពូលក៏ដោយសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនក្នុង World Cup តែពួកគេមិនអាចឆ្លងកាត់ក្រុមនារីបារាំង ដែលមានគ្រូបង្វឹកជាលោក Herve Renard បានឡើយនៅវគ្គ ១៦ក្រុម។
  


៤គ្រាប់ជ័យជម្នះសម្រាប់បារាំងធ្វើបានដោយកីឡាការិនី Kadidiatou Diani នាទី១៥ កីឡាការិនី Kenza Dali នាទី២០ កីឡាការិនី Eugenie Le Sommer នាទី២៣ នៅក្នុងវគ្គទីមួយ ១គ្រាប់ និងគ្រាប់ទីពីររបស់នាងនៅនាទី៧០។ បារាំងស្ថិតក្រោមការដឹកនាំរបស់លោក Renard ដែលជាអតីតគ្រូបង្វឹកក្រុមអារ៉ាប៊ីសាអូឌីតដែលប្រកួតឈ្នះក្រុមម្ចាស់ជើងឯកអាហ្សង់ទីននៅ World Cup 2022 កំពុងសម្លឹងរកមើលការឈ្នះពានរង្វាន់លំដាប់ពិភពលោកលើកដំបូងរបស់ខ្លួន។
 
ចាប់តាំងពីក្រុមខ្លាំងៗមួយចំនួនបានធ្លាក់ចេញជាបន្តបន្ទាប់រួមមានអាម៉េរិក, ដាណឺម៉ាក, ស្វ៊ីស, កាណាដា ជាដើម ក្រុមមាន់គកនារីបារាំងបានក្លាយជាក្រុមត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅក្នុងដំណើរនៃការប្រជែងពានរង្វាន់ World Cup មួយនេះ។ World Cup 2023 ធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលជាសហម្ចាស់ផ្ទះ។
  


ចំណែកកូឡុំប៊ី កីឡាការិនីប្រធានក្រុម Catalina Usme បានជួយសង្គ្រោះកូឡុំប៊ីឱ្យឈានជើងឡើងទៅកាន់វគ្គ ៨ក្រុម ហើយជាលើកដំបូងប្រចាំប្រវត្តិសាស្ត្ររបស់ខ្លួន។ កីឡាការិនី Usme រកបានគ្រាប់បាល់ជ័យជម្នះនៅនាទី៥១ ដែលជួយឱ្យក្រុមពួកគេគឺជាក្រុមតែមួយគត់មកពីទ្វីបអាម៉េរិកដែលនៅបន្តប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ World Cup 2023 ខណៈក្រុមផ្សេងទៀតបានធ្លាក់ចេញដោយភាពភ្ញាក់ផ្អើល។
 
ក្រុមនារីកូឡុំប៊ីនឹងត្រូវបន្តដំណើររបស់ខ្លួនទៅជួបក្រុមតោកំណាចនារីអង់គ្លេសនៅវគ្គ ១/៤ ដើម្បីប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។ 
 
ខាងក្រោមនេះជាក្រុមនារីដែលត្រូវប្រកួតប្រជែងនៅវគ្គ ៨ក្រុមចុងក្រោយផ្សេងទៀត ៖ 
 
អេស្ប៉ាញ ជួប ហូឡង់ ថ្ងៃទី១១ ខែសីហា វេលាម៉ោង ៨ព្រឹក (ម៉ោងនៅកម្ពុជា)
ជប៉ុន ជួប ស៊ុយអែត ថ្ងៃទី១១ ខែសីហា វេលាម៉ោង ២:៣០រសៀល (ម៉ោងនៅកម្ពុជា)៕


Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com