អន្តរជាតិ
បក្ស៦ទៀត ចូលរួមក្នុងសម្ព័ន្ធភាពថ្មីដឹកនាំដោយបក្សភឿថៃ
09, Aug 2023 , 4:09 pm        
រូបភាព
សម្ព័ន្ធបក្សនយោបាយដែលដឹកនាំបក្សភឿថៃ នៅថ្ងៃទី៩ ខែសីហា បានបង្ហាញដៃគូបក្សនយោបាយចំនួន៦បន្ថែមទៀត។​ តាមការប្រកាសរបស់អនុប្រធានបក្សភឿថៃ បក្ស Chart Thai Pattana អាចនឹងចូលរួមក្នុងសម្ព័ន្ធបក្សនយោបាយនេះ នៅថ្ងៃទី១០ ខែសីហា។

 
សម្ព័ន្ធភាពថ្មីដឹកនាំដោយបក្សភឿថៃ កំពុងប្រមូលបក្សនយោបាយបន្ថែមទៀតដើម្បីទទួលបានសំឡេងគ្រប់គ្រាន់ឈានទៅបង្កើតរដ្ឋាភិបាល។ ក្រោយចងសម្ព័ន្ធជាមួយបក្សភូមិចៃថៃដែលមានកៅអីសរុបដល់២១២ សម្ព័ន្ធភាពថ្មីទទួលបានបក្ស៦ទៀត។ បក្សភឿថៃប្រកាសពីការចូលរួមនៅរសៀលថ្ងៃទី៩ ខែសីហា។ 
 
បក្សចំនួន ៦នេះ មានដូចជា បក្ស Prachachart, បក្ស Chart Pattana Kla,​ បក្ស Pheu Tai Ruam Palang, បក្ស Seri Ruam Thai Party, បក្ស Palang Sangkhom Mai និងបក្ស The Party of Thai Counties។ បក្សទាំង៦នេះ មានអាសនៈសរុប១៦កៅអី។ 
 
លោក Phumtham Wechayachai អនុប្រធានបក្សភឿថៃ បានអះអាងថា បក្ស Chart Thai Pattana ដែលមានចំនួន១០អាសនៈនៅក្នុងរដ្ឋសភា អាចចូលរួមក្នុងសម្ព័ន្ធបក្សនយោបាយចំនួន៨ថ្មីនេះ នៅថ្ងៃទី១០ ខែសីហា។ 
 
ក្នុងពេលបច្ចុប្បន្ន សម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃ មានចំនួន២២៨អាសនៈ នៅក្នុងរដ្ឋសភារួចហើយ។ បើសិនបើបក្ស Chart Thai Pattana ចូលរួមទៀត សម្ព័ន្ធបក្សនយោបាយខាងលើ នឹងកើនអាសនៈក្នុងរដ្ឋសភាដល់២៣៨ឯណោះ។ យ៉ាងណាមិញ ចំនួនអាសនៈត្រឹមនេះ មិនអាចធ្វើឱ្យសម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃ មានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាបានទេ។ រដ្ឋសភាថៃ មានអាសនៈសរុប៥០០កៅអី។ 
 
ក្រៅពីបក្សខាងលើ បក្សដែលទទួលសំឡេងច្រើនដូចជា Phalang Pracharat ជាដើម ក៏កំពុងរង់ចាំការអញ្ជើញរបស់បក្សភឿថៃដែរ។​
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer អនុប្រធានបក្សភឿថៃ បានអះអាងថា ក្នុងពេលបច្ចុប្បន្ន សម្ព័ន្ធបក្សនយោបាយរបស់លោក មានសំឡេងភាគច្រើននៅក្នុងរដ្ឋសភារួចទៅហើយ។ យ៉ាងណាមិញ អនុប្រធានបក្សរូបនេះ មិនបានបង្ហាញពីសមាជិករដ្ឋសភាដែលនឹងចូលរួមក្នុងបក្សនយោបាយបន្ថែមទៀតឡើយ។  
 
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃរសៀលថ្ងៃទី៩ ខែសីហាដដែល លោក Chonlanan Srikaew មេដឹកនាំបក្សភឿថៃ បានបញ្ជាក់ជាថ្មីថា លោក Srettha Thavisin នៅតែជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃដដែល។ បើតាមមេដឹកនាំបក្សរូបនេះ លោកជឿថា បក្សនឹងទទួលបានសំឡេងបោះឆ្នោតគាំទ្រដ៏សំខាន់ពីសភាទាំងពីរថ្នាក់ លើបេក្ខជននាយករដ្ឋមន្រ្តីរបស់ខ្លួន។

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com