កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ៣៩ឆ្នាំ Iniesta បន្តអាជីពជាមួយក្លិប Emirates Club នៅអេម៊ីរ៉ាតអារ៉ាប់រួម
09, Aug 2023 , 5:19 pm        
រូបភាព
​​អតីតខ្សែបម្រើក្រុម Barcelona និងជម្រើសជាតិអេស្ប៉ាញ Andre Iniesta ទៅចូលរួមក្រុម Emirates Club លីគកីឡាបាល់ទាត់ក្នុងប្រទេសអេម៊ីរ៉ាតអារ៉ាប់រួម។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតនៅក្នុងក្របខណ្ឌ UAE Pro League ថ្ងៃទី៨ ខែសីហា។



បើតាមការបង្ហោះរបស់ក្លិប Emirates Club នៅលើបង្ហាញសង្គម X អតីត Twitter បានសរសេរដូច្នេះថា«ស្វាគមន៍ Iniesta»។
 
ក្លិបដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Ras Al-Khaimah បានបង្ហោះសារលាយឡំជាមួយរូបភាពរបស់អតីតខ្សែបម្រើក្រុម Barcelona បានពាក់អាវក្រុម Emirates Club។ តាមរយៈការប្រកាសរបស់ក្លិបដដែលនោះ សន្និសីទកាសែតដំបូងរបស់គេនឹងធ្វើឡើងនៅថ្ងៃទី៩ ខែសីហា។
 
កីឡាករវ័យ ៣៩ឆ្នាំ បានចាកចេញពីក្រុម Vissel Kobe ប្រទេសជប៉ុន កាលពីខែកក្កដាកន្លងទៅបន្ទាប់ពីរួមរស់អស់រយៈពេល ៥ឆ្នាំ។ នៅប្រទេសជប៉ុន Iniesta បានចំណាយពេលវេលាក្នុងការលេងបាល់ទាត់ ក៏ដូចជាបានបើកនូវក្រុមហ៊ុនផលិតសម្ភារៈកីឡាផ្ទាល់ខ្លួនផងដែរ។
 
កាលអាជីពនៅទឹកដីប្រទេសអេស្ប៉ាញ មុនផ្លាស់មកប្រទេសជប៉ុន ខ្សែបម្រើវ័យ ៣៩ឆ្នាំ បានឈ្នះពានរង្វាន់ La Liga ចំនួន ៩លើក និងពានរង្វាន់ ​Champions League ចំនួន ៤លើក ជាមួយ Barcelona។ ចំណែកជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ Iniesta បានឈ្នះពានរង្វាន់ FIFA World Cup 2010 និងពានរង្វាន់ UEFA Euro ឆ្នាំ ២០០៨ និង ២០១២។
 
ចាប់តាំងពីការចាកចេញពីប្រទេសអេស្ប៉ាញនៅក្នុងឆ្នាំ ២០១៨ ហើយទៅចូលរួមក្លិប Vissel Kobe រូបគេក៏បានជួយក្រុមគ្រងជើងឯកលីគកំពូលជប៉ុននៅឆ្នាំដំបូង និងបានឈ្នះពាន Emperor’s Cup ក៏ដូចជាជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League ដែលជាការបង្ហាញខ្លួនលើកដំបូងនៅលើឆាកតំបន់៕
 

Tag:
 Andre Iniesta
  Emirates Club
© រក្សាសិទ្ធិដោយ thmeythmey.com