ខណៈដែលអាម៉េរិក និងចិនកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្តើមទីផ្សារ នៅក្នុងវិស័យបន្ទះឈីប អឺរ៉ុបក៏កំពុងវិនិយោគទឹកប្រាក់តម្លៃរាប់ពាន់លានដុល្លារដើម្បីតាមឱ្យទាន់ប្រទេសទាំងពីរនេះ។ អាល្លឺម៉ង់ទើបទទួលបានការវិនិយោគពីក្រុមហ៊ុនតៃវ៉ាន់TSMC ចំនួន ៣,៨៣ពាន់លានដុល្លារដើម្បីផលិតបន្ទះឈីប។
នៅថ្ងៃទី៨ ខែសីហា ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៣,៥ពាន់លានអឺរ៉ូ (៣,៨៣ ពាន់លានដុល្លារ) ដើម្បីសាងសង់រោងចក្រនៅអាល្លឺម៉ង់។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអឺរ៉ុបក្លាយជាមជ្ឈមណ្ឌលនៃវិស័យសឺមីកុងឌុចទ័រពិភពលោក ។
អាម៉េរិក និងចិនកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្តើមភាពលេចធ្លោនៅក្នុង ឧស្សាហកម្មបន្ទះឈីប ហើយអឺរ៉ុបក៏កំពុងវិនិយោគរាប់ពាន់លានដុល្លារដើម្បីតាមទាន់ប្រទេសទាំងពីរនេះផងដែរ។
សឺមីកុងឌុចទ័រ ជាសមាសធាតុដែលមិនអាចខ្វះបាននៅក្នុងគ្រប់ឧបករណ៍អេឡិចត្រូនិក រាប់ចាប់ពីប្រដាប់ក្មេងលេង និងស្មាតហ្វូន ដល់រថយន្តអគ្គិសនី និងអាវុធទំនើបៗ។ ជំងឺកូវីដ-១៩ និងការបិទព្រំដែនជាបន្តបន្ទាប់ បានបណ្តាលឱ្យមានការខ្វះខាតបន្ទះឈីប និងធ្វើឱ្យវិស័យបច្ចេកវិទ្យាជាច្រើនត្រូវបញ្ឈប់នៅឆ្នាំ ២០២០ និង ២០២១។
វិបត្តិនេះបានជំរុញឱ្យអាម៉េរិក និងចិនបានចាត់វិធានការតឹងរ៉ឹង ដើម្បីធានាខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះសៀគ្វី។ ចំណែកអឺរ៉ុបកំពុងស្នើច្បាប់ដើម្បីជំរុញការវិនិយោគក្នុងវិស័យនេះ។
នៅក្នុងដំណើរការនៃការបញ្ចប់នីតិវិធីច្បាប់របស់សហភាពអឺរ៉ុប (EU) ពាក់ព័ន្ធបន្ទះឈីប មានគោលបំណងគៀងគរទុនប្រមាណ៤៣ពាន់លានអឺរ៉ូ (៤៩ពាន់លានដុល្លារ) ដើម្បីវិនិយោគពីវិស័យរដ្ឋ និងឯកជន។
ជាមួយនឹងផែនការនេះ សហភាពអឺរ៉ុបមានបំណងចាប់យកទីផ្សារ ២០ភាគរយនៃផលិតកម្មបន្ទះឈីបសកលនៅឆ្នាំ ២០៣០។ រហូតមកដល់ពេលនេះ អាឡឺម៉ង់នៅតែជាប្រទេសលេចធ្លោក្នុងការទាក់ទាញការវិនិយោគលើវិស័យបន្ទះឈីបនៅអឺរ៉ុប។
គម្រោងវិនិយោគពីក្រុមហ៊ុនតៃវាន់ TSMC នេះ ធ្វើឡើងបន្ទាប់ពីអាល្លឺម៉ង់បានរៀបចំកិច្ចព្រមព្រៀងជាមួយសាជីវកម្ម Intel ដើម្បីសាងសង់រោងចក្រដែលមានតម្លៃ ៣២ពាន់លានអឺរ៉ូកាលពីពីរខែមុន។ អាល្លឺម៉ង់ក៏បានទទួលកិច្ចព្រមព្រៀងដ៏ធំជាមួយក្រុមហ៊ុនអាម៉េរិក Wolfspeed និង Infineon នៅឆ្នាំនេះផងដែរ។
ស្ទើរតែទាំងអស់នៃវត្ថុធាតុដើមដែលត្រូវការដើម្បីផលិតបន្ទះឈីបត្រូវយកមកពីចិន។ តៃវ៉ាន់ដែលជាកន្លែងផលិតបន្ទះឈីបសំខាន់ៗមានច្រើនជាងពាក់កណ្តាលនៃការផលិតបន្ទះឈីបទូទាំងពិភពលោក ខណៈដែលក្រុមហ៊ុនរចនាបន្ទះឈីបល្បីៗដូចជា Nvidia និង Apple មកពីអាម៉េរិក។
សមាគមឧស្សាហកម្មសឺមីកុងឌុចទ័រដែលជាអង្គការពាណិជ្ជកម្មអាម៉េរិកបាននិយាយថា ក្រុមហ៊ុនអាម៉េរិកមានចំនួន ៤៨ភាគរយនៃវិស័យបន្ទះឈីបពិភពលោកកាលពីឆ្នាំមុន។ កូរ៉េខាងត្បូងដែលមានក្រុមហ៊ុនយក្ស Samsung ស្ថិតនៅលំដាប់ទីពីរ ជាមួយនឹងការរួមចំណែកបាន ១៤ភាគរយ។ ហើយអឺរ៉ុបស្ថិតនៅលំដាប់ទីបី ដោយមានចំណែកទីផ្សារ៩ភាគរយ៕