រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី ត្រូវបានជាប់ឈ្មោះម្តងទៀតក្នុងបញ្ជីទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក។
ទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់របស់ស្វីស បង្ហាញថា ទីក្រុងហ្សាការតាគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង១០ ដែលមានការបំពុលខ្លាំងបំផុតនៅទូទាំងពិភពលោកIQAirចាប់តាំងពីខែឧសភា។ ដូច្នេះហើយ រដ្ឋធានីដែលមានប្រជាជនជាង ១០លាននាក់បានកត់ត្រាកម្រិតបំពុលខ្យល់ដែលបង្កគ្រោះថ្នាក់ដល់សុខភាពស្ទើរតែរាល់ថ្ងៃ។
លោក Rizky Putra ដែលជាអ្នករស់នៅតំបន់នោះបានត្អូញត្អែរថា គុណភាពខ្យល់កាន់តែអាក្រក់ កំពុងធ្វើឱ្យសុខភាពកូនរបស់លោកមានគ្រោះថ្នាក់។ លោកប្រាប់ Reuters ថា « ខ្ញុំគិតថាស្ថានភាពគួរឱ្យព្រួយបារម្ភណាស់។ កុមារជាច្រើនឈឺដែលមានរោគសញ្ញាស្រដៀងគ្នាគ្នាដូចជា ក្អក និងផ្តាសាយ»។
ប្រជាជនដែលរស់នៅទីក្រុងហ្សាការតា បានត្អូញត្អែរជាយូរមកហើយអំពីខ្យល់ពុល ដែលកើតចេញការធ្វើចរាចរណ៍ ផ្សែងឧស្សាហកម្ម និងរោងចក្រថាមពលដើរដោយធ្យូងថ្ម។ អ្នកស្រុកមួយចំនួនបានប្តឹងទៅតុលាការនៅឆ្នាំ២០២១ សុំឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីគ្រប់គ្រងការបំពុលខ្យល់។ តុលាការនៅពេលនោះបានសម្រេចថា ប្រធានាធិបតីត្រូវតែបង្កើតស្តង់ដារគុណភាពខ្យល់ជាតិដើម្បីការពារសុខភាពមនុស្ស ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលក្រុងហ្សាការតាត្រូវតែបង្កើតយុទ្ធសាស្រ្តដើម្បីគ្រប់គ្រងគុណភាពខ្យល់ដែលបំពុលបរិយាកាស។
ទន្ទឹមនេះ លោក Nathan Roesstandy សហស្ថាបនិកនៃកម្មវិធីគុណភាពខ្យល់ Nafas Indonesia បាននិយាយថា កម្រិតនៃការបំពុលនៅតែបន្តកាន់តែអាក្រក់ទៅៗ ហើយមនុស្សដកដង្ហើមច្រើនជាង ២០ពាន់ដងក្នុងមួយថ្ងៃ។ ប្រសិនបើយើងដកដង្ហើមនៅក្នុងខ្យល់ដែលបំពុលជារៀងរាល់ថ្ងៃ វាអាចនាំឱ្យកើតជំងឺផ្លូវដង្ហើម និងសួត សូម្បីតែជំងឺហឺត វាអាចប៉ះពាល់ដល់ការអភិវឌ្ឍការយល់ដឹងរបស់កុមារ ឬសូម្បីតែសុខភាពផ្លូវចិត្ត។
ឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថា នឹងជ្រើសរើសតំបន់ Nusantara ជារដ្ឋធានីថ្មីរបស់ខ្លួននៅឆ្នាំក្រោយ ហើយយ៉ាងហោចណាស់មន្ត្រីរាជការ យោធា និងប៉ូលីសយ៉ាងហោចណាស់ ១៦ពាន់នាក់នឹងផ្លាស់ទៅទីនោះ។
ក្រៅពីទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី ទីក្រុងដែលបំពុលបំផុតលើពិភពលោកទាំង៩ទៀតមានដូចជា ទីក្រុង ឡាហ័រ ( ប៉ាគីស្ថាន) , ឌូបៃ ( អេមីរ៉ាត់អារ៉ាប់រួម ), ដូហា (កាតា) , ប៉េកាំង (ចិន) , ដាកា ( បង់ក្លាដែស , សាន់ត្យាហ្កោ (ស៊ីលី) , ហាណូយ (វៀតណាម) និង កលកត្តា ( ឥណ្ឌា) ។
យ៉ាងណាមិញ នៅក្នុងរបាយការណ៍របស់ IQAir គេមិនឃើញមានការបញ្ជាក់ពីទីក្រុងណាមួយរបស់កម្ពុជានោះទេ។ ប៉ុន្តែបើតាមក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែសីហា កម្រិតគុណភាពខ្យល់នៅទីក្រុងភ្នំពេញ ស្ថិតនៅកម្រិតវាយតម្លៃល្អណាស់ ៕