សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក គីម ជុងអ៊ុន ដកតំណែងមេទ័ពកំពូលម្នាក់ ហើយប្រាប់ឱ្យរៀបចំសម្រាប់សង្រ្គាម
× កូរ៉េខាងជើង បានដកតំណែងអគ្គសេនាធិការកងទ័ព ស្របពេលមេដឹកនាំកំពូល គីម ជុងអ៊ុន អំពាវនាវឱ្យបង្កើនការត្រៀមលក្ខណៈសម្រាប់លទ្ធភាពបង្កសង្គ្រាម។
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានតែងតាំងអនុប្រធានគណៈកម្មការយោធាមជ្ឈិមលោក Ri Yong-gil ឱ្យកាន់តំណែងជាអគ្គសេនាធិការ ជំនួសឧត្តមសេនីយ៍ Pak Su-il ។ មូលហេតុនៃការបណ្តេញលោក Pak មិនត្រូវបានគេបង្ហាញឲ្យដឹងទេ។
ការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការមជ្ឈិមយោធានៃបក្សពលករកូរ៉េ។ លោក គីម និងបណ្តាមេបញ្ជាការយោធាកំពូលបានពិភាក្សាអំពីផែនការឆ្លើយតបសត្រូវផងដែរ។
ក្នុងកិច្ចប្រជុំនេះ មេដឹកនាំកូរ៉េខាងជើង បានស្នើឱ្យពង្រឹងការត្រៀមលក្ខណៈសម្រាប់ហានិភ័យនៃសង្គ្រាម រួមទាំងការពង្រីកសមត្ថភាពផលិតអាវុធ និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ជាមួយនឹងអាវុធទំនើបចុងក្រោយបំផុត។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យរោងចក្រផលិតអាវុធ កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា។ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានទៅទស្សនាកន្លែងផលិតយន្តហោះគ្មានមនុស្សបើក (UAVs) គ្រាប់រ៉ុក្កែតដ៏ធំទំនើប និងឧបករណ៍បាញ់បង្ហោះចល័តដែលប្រើដើម្បីបាញ់មីស៊ីលផ្លោង។
ការត្រួតពិនិត្យរបស់លោកគីម នៅរោងចក្រអាវុធធ្វើឡើងស្របពេល កូរ៉េខាងត្បូង និងអាម៉េរិក កំពុងរៀបចំធ្វើសមយុទ្ធយោធាដ៏សំខាន់មួយនៅក្នុងខែសីហានេះ។ កូរ៉េខាងជើង បានចាត់ទុកសមយុទ្ធរបស់ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ជាការត្រៀមខ្លួនសម្រាប់សង្រ្គាមឈ្លានពានខ្លួន ហើយថែមទាំងព្រមានចាត់វិធានការសងសឹកថែមទៀត។
កាលពីចុងខែមុន ទីក្រុងព្យុងយ៉ាងបានប្រារព្ធពិធីព្យុហយាត្រាយោធាដ៏ធំមួយដើម្បីប្រារព្ធទិវាជ័យជំនះ ដែលជាខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ។ ប្រទេសនេះបានបង្ហាញមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរចុងក្រោយបំផុតរបស់ខ្លួន ព្រមទាំងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ និងវាយប្រហារ៕
Tag:
គីម ជុងអ៊ុន
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com