ជាតិ
សិល្បះ
AFD និង​អង្គការ​ហ្វារពន្លឺសិល្បៈ ដាក់ដំណើរ​ការគម្រោង​សិល្បៈ​បង្កើតថ្មីនៅ​ខេត្ត​បាត់ដំបង
10, Aug 2023 , 6:59 pm        
រូបភាព
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអង្គការហ្វារពន្លឺសិល្បៈ​ បាន​​ប្រកាស​ពីកិច្ចសហការគ្នា​ដើម្បី​ដាក់​ឱ្យដំណើរការគម្រោងសិល្បៈតែមួយគត់ ដែលមានលក្ខណៈបង្កើតថ្មីក្នុងខេត្តបាត់ដំបង។ បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួមកាលពីថ្ងៃទី​៩ ខែសីហា គម្រោងនេះ​មាន​គោលដៅរំលេចឱ្យឃើញពីបញ្ហាប្រឈម និង ចក្ខុវិស័យខេត្ត បាត់ដំបង​តាមរយៈទិដ្ឋភាព​ដ៏គួរឱ្យចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត​នៃសិល្បៈ។

 
គម្រោងសិល្បៈ ដែលមានលក្ខណៈបង្កើតថ្មីក្នុងខេត្តបាត់ដំបងនេះ​ ទទួលបានការគាំទ្រពីមូលនិធិ Métis ដែលជាគំនិតផ្តួចផ្តើមតែមួយគត់​បង្កើតឡើង​ដោយ​ទីភ្នាក់ងារ​ AFD នៅឆ្នាំ​២០២១​។ គម្រោងគឺ​ស្របតាម ទស្សនៈវិស័យនៃគោលដៅ​អភិវឌ្ឍន៍ដោយចីរភាព​របស់​អង្គការ​សហ​ប្រជា​ជាតិដោយ មានទិសដៅបង្កលក្ខណៈ ងាយស្រួលដល់ការអភិវឌ្ឍប្រកបដោយចីរភាព និង​បរិយាប័ន្ន​របស់​ខេត្តបាត់ដំបង តាមរយៈការលើកស្ទួយតម្លៃ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងភាពរស់រវើកនៃ​សិល្បៈ​របស់ខេត្ត​មួយ​នេះ។
 
កាលពី​ដើម​ឆ្នាំ២០២៣ សិក្ខាសាលាមួយ​ដែលមាន​ឈ្មោះថា Phare Design Lab ត្រូវបាន​រៀបចំឡើង​នៅខេត្ត បាត់ដំបង​។ សិក្ខាសាលា​រយៈពេលមួយសប្តាហ៍នេះ បានជួយឱ្យមានការបង្កើតស្នាដៃសិល្បៈចំនួន៧ ដែលត្រូវ បានដាក់បង្ហាញនៅ​ក្នុង​ឧទ្យាន​ស្ថានទូត​បារាំងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាស ខួប៣០ឆ្នាំ នៃវត្តមានរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា។
 


តាមរយៈជោគជ័យនេះ គម្រោង​ថ្មី នឹង​បន្ត​ជួយលើកស្ទួយស្នាដៃសិល្បៈ​ថែម​មួយកម្រិត​ទៀតដោយ ពិព័រណ៍មួយ នឹងត្រូវរៀបចំឡើងក្នុង​ឱកាសមហោស្រព​រយៈពេល​មួយ​ថ្ងៃ​នៅ​កណ្តាល​ក្រុងបាត់ដំបងនៅ​ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ មហោស្រពក៏​នឹងមានការដាក់បង្ហាញ​ស្នាដៃ​សិល្បៈ​ចំនួន៥ និងការសម្តែងទស្សនីយ ភាពសៀកជូន ប្រជាពលរដ្ឋទស្សនាផងដែរ​។  
 
សេចក្តីប្រកាសព័ត៌មាន បាន​បញ្ជាក់ថា គម្រោងខាងលើឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃវិស័យសិល្បៈ ក៏ដូចជាគំនិតច្នៃប្រឌិតរបស់ខេត្តបាត់ដំបង។ គម្រោង​​នេះនឹងជួយពង្រឹងកិច្ចសហការគ្នារវាងសិល្បករ និងសហគមន៍មូលដ្ឋាន ដើម្បីលើកតម្កើងបេតិកភណ្ឌ​ដ៏​សម្បូរបែប និងប្រកបដោយសក្កានុពលរបស់ ខេត្តបាត់ដំបង៕
 


Tag:
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com