អន្តរជាតិ
ភ្លើងឆេះព្រៃនៅកោះហាវៃ បង្កឱ្យមនុស្សស្លាប់យ៉ាងតិចណាស់៥៣នាក់ និងបំផ្លាញអគារជាង១ពាន់ខ្នង
11, Aug 2023 , 11:29 am        
រូបភាព
ភ្លើងឆេះក្រុង Lahaina លើកោះហាវៃ ដែលបណ្តាលមកពីភ្លើងឆេះព្រៃ។ រូបភាព AFP
ភ្លើងឆេះក្រុង Lahaina លើកោះហាវៃ ដែលបណ្តាលមកពីភ្លើងឆេះព្រៃ។ រូបភាព AFP
ករណីភ្លើងឆេះព្រៃ ដោយរួមផ្សំជាមួយអាកាសធាតុដ៏អាក្រក់ បានបំផ្លាញក្រុង Lahaina យ៉ាងខ្លាំង នៅក្នុងតំបន់Maui នៃកោះហាវៃ។ មនុស្សយ៉ាងហោចណាស់ ៥៣នាក់ បានបាត់បង់ជីវិត ខណៈអគារច្រើនជាង ១ពាន់ខ្នង ត្រូវបានបំផ្លាញ នៅក្នុងគ្រោះមហន្តរាយនេះ។

 
ភ្លើងឆេះព្រៃ ដែលចាប់ផ្តើមចាប់តាំងពីថ្ងៃទី៨ ខែសីហា បានបំផ្លិចបំផ្លាញក្រុងLahaina ដែលស្ថិតនៅភាគខាងលិចនៃតំបន់ Maui នៃកោះហាវៃយ៉ាងខ្លាំង។ ករណីឆេះព្រៃនេះ មានទំហំដ៏ធំបំផុត និងមានមនុស្សស្លាប់ច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់កោះហាវៃ។ 
 
តាមទិន្នន័យចុងក្រោយ មនុស្សយ៉ាងហោចណាស់ ៥៣នាក់​ បានស្លាប់បាត់បង់ជីវិត ខណៈអគារច្រើនជាង ១០០០ខ្នង ត្រូវបានបំផ្លាញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ 
 
អភិបាលរដ្ឋហាវៃ លោក Josh Green បានបញ្ជាក់យ៉ាងច្បាស់ៗថា មនុស្សជាច្រើនពាន់នាក់ ត្រូវការជាចាំបាច់នូវផ្ទះសម្បែង ក្រោយភ្លើងឆេះព្រៃរាលដាលដល់ក្នុងក្រុង Lahaina។ តាមការបញ្ជាក់នៅថ្ងៃទី១០ ខែសីហា អភិបាលរដ្ឋរូបនេះ បានបន្តថា មន្រ្តីរបស់ខ្លួន បន្តស្វែងរកជនរងគ្រោះ និងអ្នកដែលបាត់បង់ជីវិតបន្ថែម រួមទាំងស្រាវជ្រាវរកចំនួន អគារ ដែលត្រូវបានបំផ្លាញ។ 
 
ដើម្បីជួយសង្រ្គោះនៅក្នុងក្រុង Lahaina ក៏ដូចជាករណីភ្លើងឆេះព្រៃ លោក អភិបាលកោះហាវៃ បានចេញសេចក្តីប្រកាសស្ថានភាពអាសន្នរហូតដល់ ៤លើក ដើម្បីជួយសម្រួលដល់ការឆ្លើយតប ការស្តារ និងការកសាងអគារឡើងវិញ នៅតំបន់ Maui។ កោះហាវៃ ជារដ្ឋមួយរបស់អាម៉េរិក ដែលស្ថិតនៅក្រៅដែនដីអាម៉េរិក ហើយស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិក៕ 
 

Tag:
 ភ្លើងឆេះព្រៃ
  កោះហាវៃ
© រក្សាសិទ្ធិដោយ thmeythmey.com