អន្តរជាតិ
អ៊ុយក្រែនប្រកាសច្រករបៀងមនុស្សធម៌ថ្មីសម្រាប់កប៉ាល់ ដែលជាប់គាំងនៅសមុទ្រខ្មៅ
11, Aug 2023 , 2:43 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អ៊ុយក្រែនបានប្រកាសច្រករបៀងមនុស្សធម៌នៅថ្ងៃទី១០ ខែសីហា ដើម្បីអនុញ្ញាតឱ្យកប៉ាល់ ដឹកទំនិញរាប់សិបគ្រឿងដែលជាប់គាំងនៅក្នុងកំពង់ផែសមុទ្រខ្មៅ ចាប់តាំងពីការផ្ទុះសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនកាលពីឆ្នាំមុន ស្របពេលរុស្ស៊ីបានចាកចេញពីកិច្ចព្រម ព្រៀងអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិ។

 
យ៉ាងហោចណាស់ ច្រករបៀងនេះហាក់ដូចជាអនុវត្តចំពោះនាវាផ្ទុកកុងតឺន័រដែលបាន ជាប់គាំងនៅកំពង់ផែអ៊ុយក្រែន ចាប់តាំងពីការលុកលុយខែកុម្ភៈឆ្នាំ ២០២២ ហើយ មិនត្រូវ បានគ្របដណ្តប់លើកិច្ចព្រមព្រៀងបើកច្រកសម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិកាលពីឆ្នាំមុននោះទេ។ ប៉ុន្តែវាអាចជាការសាកល្បងដ៏ធំនៃសមត្ថភាពរបស់អ៊ុយក្រែនក្នុងការបើកផ្លូវសមុទ្រ ឡើងវិញ ខណៈដែលរុស្ស៊ីបានដើរចេញពីកិច្ចព្រមព្រៀងនាំចេញ​គ្រាប់ធញ្ញជាតិកាលពីខែមុន។
 
«ថ្ងៃនេះច្រករបៀងមនុស្សធម៌បណ្តោះអាសន្នថ្មីមួយ បានចាប់ផ្តើមដំណើរការ»។ អ្នកនាំពាក្យ កងទ័ពជើងទឹកអ៊ុយក្រែនលោក Oleh Chalyk បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរ ស័ព្ទបែបនេះរួចបន្តថា ច្រករបៀងនឹងមានតម្លាភាព ហើយពួកគេនឹងដាក់កាមេរ៉ានៅលើនាវា ព្រមទាំងមានការផ្សាយ ដើម្បីបង្ហាញថានេះគ្រាន់តែជាបេសកកម្មមនុស្សធម៌ និងមិនមាន គោលបំណងយោធាទេ។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយកងទ័ពជើងទឹកបានបញ្ជាក់ថា ផ្លូវត្រូវបានស្នើឡើងដោយ អ៊ុយក្រែនរួចហើយដោយផ្ទាល់ទៅកាន់អង្គការដែនសមុទ្រអន្តរជាតិ (IMO)។ ផ្លូវនោះនឹង ប្រើប្រាស់ជាចម្បងសម្រាប់នាវាស៊ីវិលដែលស្ថិតនៅក្នុងកំពង់ផែអ៊ុយក្រែន Chornomorsk, Odesa និង Pivdenny។ 
 
សេចក្តីថ្លែងការណ៍ដដែលសម្គាល់ថា នាវាដែលម្ចាស់ ឬប្រធានក្រុមបញ្ជាក់ជាផ្លូវការថា ពួកគេ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការនាវាចរក្រោមលក្ខខណ្ឌបច្ចុប្បន្ន នឹងត្រូវបានអនុញ្ញាត ឱ្យឆ្លងកាត់។ យ៉ាងណាមិញ ហានិភ័យនៅតែមានពីគ្រាប់មីននៅក្នុងតំបន់សមុទ្រខ្មៅ និងការគំរាមកំហែងផ្នែកយោធាពីរុស្ស៊ី។
 
ពាណិជ្ជករគ្រាប់ធញ្ញជាតិអាឡឺម៉ង់បានប្រាប់ Reuters ថា ប្រជាជនចង់បានព័ត៌មានលម្អិត បន្ថែមអំពីបណ្តាញដឹកជញ្ជូនបណ្តោះអាសន្នរបស់អ៊ុយក្រែនដែលទើបតែប្រកាសនេះព្រោះវាមិនអាចដំណើរការបានទេលុះត្រាតែរុស្ស៊ីផ្តល់ការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការមិនវាយ ប្រហារនាវាទាំងនោះ ខណៈលោក Chalyk មិនបានបង្ហាញថាច្រករបៀងនេះត្រូវបាន យល់ព្រមជាមួយរុស្ស៊ីឬយ៉ាងណាទេ។
 
ក្រុងមូស្កូបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្រោមហេតុផលការជួយសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិនិងជីរបស់រុស្ស៊ីមិនត្រូវបានអនុវត្តក្នុងកិច្ចព្រមព្រៀងទេ។
អង្គការសហប្រជាជាតិបាននិយាយថាការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការចាកចេញពីកិច្ចព្រម ព្រៀងនេះប្រថុយនឹងបង្កើតវិបត្តិស្បៀងអាហារពិភពលោកធ្វើឱ្យប៉ះពាល់ដល់ប្រទេសក្រីក្រ បំផុតដោយរក្សាគ្រាប់ធញ្ញជាតិពីប្រទេសនាំចេញដ៏ធំបំផុតមួយរបស់ពិភពលោកចេញពីទីផ្សារ៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  សមុទ្រខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com