សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ៊ីរ៉ង់កំពុងបង្កើនការនាំចេញប្រេងឆៅទៅកាន់ទីផ្សារអន្តរជាតិ
11, Aug 2023 , 5:39 pm        
រូបភាព
រូបភាព AFP ។
រូបភាព AFP ។
ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ លោក Mohammad Reza Farzin បាននិយាយថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់ក្នុងខែកក្កដា ឆ្នាំ២០២៣ បានកើនដល់៤១ ភាគរយ។ គេរំពឹងនឹងបង្កើនផលិតកម្មប្រេងចំនួន ២៥០ពាន់ធុងប៉ារ៉ែលក្នុងមួយថ្ងៃបន្ថែមទៀត ដើម្បីនាំប្រេងចេញទីកាន់ទីផ្សារអន្តរជាតិ។ 

 
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់នៅថ្ងៃទី១០ ខែសីហា បានដកស្រង់សម្តីនាយកប្រតិបត្តិក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC) លោក Mohsen Khojasteh-Mehr ថា អ៊ីរ៉ង់ត្រូវបានគេរំពឹងនឹងបង្កើនផលិតកម្មប្រេងចំនួន ២៥០ពាន់ធុងប៉ារ៉ែលក្នុងមួយថ្ងៃនៅចុងឆ្នាំនេះ ។
 
បើតាមលោក Khojasteh-Mehr ផែនការខាងលើនេះ នឹងនាំឱ្យការផលិតប្រេងឆៅរបស់អ៊ីរ៉ង់នឹងឈានដល់ ៣,៥លានបារ៉ែលក្នុងមួយថ្ងៃនៅចុងរដូវក្តៅ។ វាគឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា អ៊ីរ៉ង់កំពុងបង្កើនការបូមប្រេងរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ បើទោះជាមានសម្ពាធពីទណ្ឌកម្មរបស់អាម៉េរិកក៏ដោយ។
 
ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ ត្រូវបានរឹតបន្តឹងចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ និងបានដាក់ទណ្ឌកម្មឡើងវិញក្នុងគោលបំណងកំណត់ការនាំចេញប្រេងរបស់ទីក្រុងតេហេរ៉ង់ ។
 
របាយការណ៍កាលដើមឆ្នាំនេះបានបង្ហាញថា សមត្ថភាពផលិតប្រេងរបស់អ៊ីរ៉ង់ត្រូវបានស្តារឡើងវិញលើសពី ៣,៨លានបារ៉ែលក្នុងមួយថ្ងៃជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៨។
 
ទន្ទឹមនេះ ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ លោក Mohammad Reza Farzin បាននិយាយថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់ក្នុងខែកក្កដាឆ្នាំនេះ បានកើនឡើង ៤១ភាគរយបើធៀបគ្រាដូចគ្នានៅឆ្នាំមុន ដែលនេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំ៕
 

Tag:
 អ៊ឺរ៉ង់
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com