ជាតិ
អ្នកលក់បាយខ្ចប់ដាក់ប្រអប់នៅតាមថ្នល់ លក់ដាច់ជាងក្នុងហាង!
13, Aug 2023 , 7:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ បាយវេចខ្ចប់ហាក់ពេញនិយមសម្រាប់ពលរដ្ឋនៅម្ដុំមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ពលរដ្ឋនៅតំបន់នោះ និងអ្នកដំណើរតាមផ្លូវ ចូលចិត្តពិសាបាយវេចខ្ចប់ ក៏ព្រោះចំណាយពេលតិច និងងាយស្រួលយកទៅតាមខ្លួន។ អ្វីដែលពិសេស  អាជីវករលក់បាយនៅទីនោះ លក់ដាច់ជាងការបើកហាងលក់បាយទៀតផង។


 
អ្នកស្រី ហាក់ លក្ខណា ជាអ្នកលក់បាយជាង១០ឆ្នាំទៅហើយ ប៉ុន្តែអ្នកស្រីទើបចាប់ផ្តើមលក់បាយវេចខ្ចប់នេះ ជាង៦ឆ្នាំតែប៉ុណ្ណោះ។ អ្នកស្រី លក្ខណា មើលឃើញទីផ្សារលក់បាយខ្ចប់ដាក់ប្រអប់ដាច់ជាងការបើកហាងលក់បាយ។ អ្នកស្រី លក្ខណា ក៏មានហាងលក់បាយដែរ តែហាងអ្នកស្រីមិនសូវជាមានភ្ញៀវចូលពិសានោះទេ។

អ្នកស្រី ហាក់ លក្ខណា អ្នកលក់បាយ។
 
ពេលប្ដូរមកលក់វេចខ្ចប់ដំបូង មិនសូវជាដាច់ប៉ុន្មាននោះទេ តែពេលមុនកូវីដ ការលក់បាយរបស់អ្នកស្រីដាច់ជាងមុន។  អាជីវករលក់បាយវេចខ្ចប់រូបនេះបន្តថា ការលក់់បាយវេចខ្ចប់ អាចចំណេញពេល និងមិនសូវហត់ដូចបើកហាងនោះទេ ព្រោះបើកហាងត្រូវការសម្ភារៈជាច្រើន និងត្រូវក្រោកពីព្រឹកដើម្បីធ្វើបាយម្ហូបថែមទៀត។ 
 
ស្រី្តពាក់អាវខ្មៅកំពុងតែមមាញឹកក្នុងការរៀបចំបាយម្ហូប បានបញ្ជាក់ថា៖ «ខ្ញុំលក់បាយនេះជាង១០ឆ្នាំហើយ។ បានជាខ្ញុំសម្រេចចិត្តលក់បាយនេះ ដោយសារមិនមានកន្លែងសម្រាប់ភ្ញៀវអង្គុយ និងផ្ទះនៅមុខពេទ្យទើបលក់បាយបែបហ្នឹង ទើបលក់ដាច់។ ណាមួយនៅគេពេញនិយមពិសារបាយវេចខ្ចប់បែបនេះដែរ ទើបខ្ញុំលក់មកទល់សព្វថ្ងៃ»។
 
ក្នុងមួយថ្ងៃអ្នកលក់បាយរូបនេះ អាចរកប្រាក់ចំណេញប្រមាណជាង២០ម៉ឺនរៀល។ ជាធម្មតាអ្នកស្រី លក់បាយដាច់បំផុតចន្លោះម៉ោង ៨ព្រឹកដល់ម៉ោង ១ថ្ងៃត្រង់។ ពេលខ្លះអ្នកស្រី លក់បាយនេះសល់ ហើយខ្លះទៀតក៏ខាតផងដែរ។ 
 
ពេលមុនកូវីដអ្នកលក់បាយមួយរូបទៀត គឺអ្នកស្រី ឆៀក ស្រីលីវ បានចាប់ផ្តើមលក់បាយវេចខ្ចប់ ព្រោះអ្នកនៅតំបន់នេះ និយមទិញបាយវេចខ្ចប់។ ការលក់បាយនេះ ខុសគ្នាជាងលក់បាយក្នុងហាង ដោយសារតែអ្នកស្រីអាច លក់បាយនេះបានទោះផ្ទះអ្នកស្រីមិនមានកន្លែងអង្គុយក៏ដោយ។ 

អ្នកស្រី ឆៀក ស្រីលីវ អ្នកលក់បាយ
 
អ្នកស្រីលក់បាយនេះពីម៉ោង៦ព្រឹក ដល់ម៉ោង១១យប់។ អ្នកលក់បាយរូបនេះ ត្អូញថាសព្វថ្ងៃពិបាកលក់ដូរជាងពីមុន  ព្រោះទំនីញឡើងថ្លៃ និងមិនសូវចំណេញប៉ុន្មាននោះទេ។ បាយរបស់អ្នកស្រី ក្នុងមួយប្រអប់តម្លៃ ៤០០០រៀល។
 
បើតាមអ្នកលក់បាយវេចខ្ចប់នៅម្តុំពេទ្យរុស្សីរូបនេះ អតិថិជនភាគច្រើនជាអ្នកធ្វើការ ព្រោះពួកគាត់មិនសូវជាមានពេលច្រើន ដើម្បីធ្វើម្ហូបបាយខ្លួនឯង។ 
 
« កន្លែងរបស់ខ្ញុំមិនធំពិបាករៀបចំបើកហាង ទើបសម្រេចចិត្តលក់បាយវេចខ្ចប់នេះទៅ។ បច្ចុប្បន្នស្ងាត់ភ្ញៀវណាស់ មិនសូវជាលក់ដាច់នោះទេ ដោយសារតែមានគេលក់ច្រើនជាងមុនៗ»។ 
 
នៅក្បែរតូបរបស់អ្នកស្រី ស្រីលីវ មានតូបលក់បាយជាច្រើន។ ទោះបីជាតំបន់ពេទ្យរុស្សី មានអ្នកលក់បាយច្រើនពិតមែន តែអ្នកស្រី នៅតែបន្តលក់បាយនេះ និងមិនចង់ដូររបរនោះទេ។ អ្នកស្រី ឆៀក ស្រីលីវ គិតថារបរលក់បាយនេះ អាចផ្តល់ចំណូលមួយផ្នែកទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រី អាចរកចំណូលក្នុងមួយថ្ងៃប្រមាណ ៣០ ទៅ៤០ម៉ឺនរៀល។ 
 
នៅចន្លោះតូបរបស់អ្នកស្រី ស្រីលីវ មានតូបលក់បាយវេចខ្ចប់មួយទៀត គឺតូបអ្នកស្រី ប៉េស ស្រីណាក់   ដែលទើបតែលក់បានជាង ២ខែតែប៉ុណ្ណោះ។ ពីមុនមក ស្រ្តីវ័យ ៣៧ឆ្នាំរូបនេះ លក់មីឆា ប៉ុន្តែដោយសារតែឃើញអតិថិជនពេញនិយមបាយវេចខ្ចប់នេះ ទើបអ្នកស្រីងាកមកលក់បាយវេចខ្ចប់វិញ។ 

អ្នកស្រី ប៉េស ស្រីណាក
 
អ្នកស្រី អាចលក់បាយអស់២០ ទៅ៣០ ប្រអប់ក្នុងមួយថ្ងៃ និងអាចរកចូលប្រមាណជាង១០ម៉ឺនរៀល។ អ្នកស្រីពិតជាសប្បាយចិត្តដែលមកលក់បាយនេះ ទោះបីថ្ងៃខ្លះលក់សល់ក៏ដោយ។ «លក់បានដាក់ប្រអប់ ឬវេចខ្ចប់បែបហ្នឹងទើបលក់ដាច់ ព្រោះបច្ចុប្បន្នមនុស្សមា មិនសូវជាមានពេលច្រើនដើម្បីហូបបាយនោះទេ អ៊ីចឹងត្រូវធ្វើតាមអតិថិជន។ បាយវេចខ្ចប់នេះ មានតម្លៃសមរម្យ និងអាចទុកបានយូរផងដែរ ទើបមានអ្នកចូលចិត្តទិញ»។ 
 
អ្នកស្រី ស្រីណាក់ គិតថាប្រកបរបរនេះរហូត ទោះអ្នកស្រីមិនមានហាងលក់បាយ។ ទន្ទឹមនឹងនោះ ចំណូលដែលអ្នកស្រីរកបានពីការលក់បាយនេះ អ្នកស្រីពិតជារីករាយយ៉ាងខ្លាំង ព្រោះអាចយកឱ្យកូនទៅសិក្សាបាន៕
 


បាយដាក់ប្រអប់ ឬបាយវេចខ្ចប់

 

© រក្សាសិទ្ធិដោយ thmeythmey.com