សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កាសែតអាល្លឺម៉ង់៖ ​វៀតណាម​ជា​គោលដៅ​ទេសចរណ៍​ថ្មីនៅអាស៊ីអាគ្នេយ៍
14, Aug 2023 , 11:59 am        
រូបភាព
 រូបភាពពីកាសែតវៀតណាម bao lao dong ។
រូបភាពពីកាសែតវៀតណាម bao lao dong ។
កាសែត DW News របស់អាល្លឺម៉ង់រាយការណ៍ពីវិស័យទេសចណ៍វៀតណាម ដែលក្លាយជាគោលដៅជាទីពេញនិយមនៅក្នុងតំបន់ ជាមួយនឹងល្បឿននៃការអភិវឌ្ឍន៍ដ៏លឿនដែលបានទាក់ទាញវិស័យដ៏ច្រើន ប៉ុន្តែមិនអាចវ៉ាដាច់ថៃនាពេលខាងមុខនោះទេ។

 
ភាពរឹងមាំរបស់ទេសចរណ៍វៀតណាមគឺទេសភាពបែបចម្រុះរាប់ចាប់ពីឆ្នេរសមុទ្រ តំបន់ទំនាប ភ្នំ រហូតដល់ទីក្រុងដែលមានភាពអ៊ូអរជាមួយនឹងសេវាកម្មគ្រប់ប្រភេទ។
 
បើតាមរបាយការណ៍ Google Destination Insights វៀតណាមគឺជាគោលដៅស្វែងរកច្រើនបំផុតទី៧ ចាប់ពីខែមីនាដល់ខែមិថុនា និងជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ក្នុងគោលដៅស្វែងរកច្រើនបំផុតទាំង ២០នៅលើពិភពលោក។
 
ភាពទាក់ទាញនៃទេសចរណ៍វៀតណាមនាពេលថ្មីៗនេះ គឺឆ្លុះបញ្ចាំងពីចំនួនភ្ញៀវអន្តរជាតិក្នុងឆមាសទី១នៃឆ្នាំនេះ។ DW News បានដកស្រង់ទិន្នន័យពីនាយកដ្ឋានទេសចរណ៍វៀតណាម ត្រឹមពាក់កណ្តាលឆ្នាំនេះបានស្វាគមន៍ភ្ញៀវបរទេសជាង ៥,៥លាននាក់ លើសពីចំនួនភ្ញៀវអន្តរជាតិសរុបក្នុងឆ្នាំ២០២២ ។ វិស័យទេសចរណ៍វៀតណាមបានកំណត់គោលដៅចំនួន ៨លាននាក់ភ្ញៀវទេសចរនៅឆ្នាំ២០២៣។ ប៉ុន្តែនាយកដ្ឋានទេសចរព្យាករថាចំនួននេះអាចកើនឡើងដល់ ១០លាននាក់។
 
លោក Bobby Nguyen ប្រធានក្រុមហ៊ុនទេសចរណ៍ Rustic Hospitality Group បាននិយាយថា ចំនួនភ្ញៀវបរទេសមកវៀតណាមភាគច្រើនជាជនជាតិកូរ៉េ ចិន និងឥណ្ឌា។
 
លោក​បាន​បន្ត​ថា​៖ «​​ចិន​បាន​បើក​ទីផ្សារ​ក្រៅ​ប្រទេស​ឡើង​វិញ​ទៅ​កាន់​​វៀតណាម ​ហើយ​ទីផ្សារ​ឥណ្ឌា​បាន​កើនឡើង​តាំងពី​ឆ្នាំ​ ២០២២​មក​»​។
 
ទេសចរណ៍វៀតណាមត្រូវបានប្រជាជនជាច្រើនស្គាល់មួយផ្នែកតាមរយៈការចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម និងឥទ្ធិពលនៃក្រុមទេសចរណ៍ធំៗ។ នេះ​ជួយ​លើក​កម្ពស់​ប្រជាប្រិយភាព​របស់​វៀតណាម​ក្នុង​ឆាក​អន្តរជាតិ។ 
 
ការប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Instagram, TikTok បណ្តាញផ្សាយពាណិជ្ជកម្មនៅលើ Google ឬបណ្តាញផ្សេងទៀតក៏ជាមធ្យោបាយមួយដើម្បីផ្សព្វផ្សាយរូបភាពរបស់វៀតណាមទៅកាន់ពិភពលោកយ៉ាងឆាប់រហ័សផងដែរ។ នេះបើតាមលោក​ Bobby Nguyen ។ 
 
បើតាម DW ភាពខ្លាំងនៃវិស័យទេសចរណ៍វៀតណាមក៏កើតចេញពីគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការផងដែរ។ ភ្ញៀវមកពីប្រទេសមួយចំនួននឹងរីករាយជាមួយនឹងការបង្កើនរយៈពេលដោយគ្មានទិដ្ឋាការចាប់ពី ១៥ថ្ងៃទៅ ៤៥ថ្ងៃ។
 
សម្រាប់ភ្ញៀវមកពីបណ្តាប្រទេសដែលមានសិទ្ធិដាក់ពាក្យសុំទិដ្ឋាការអេឡិចត្រូនិកទៅកាន់វៀតណាម ទិដ្ឋាការមានសុពលភាពរហូតដល់ ៩០ថ្ងៃជាមួយការចេញ-ចូលច្រើនដង។ ការផ្លាស់ប្តូរទាំងនេះនឹងចូលជាធរមាននៅថ្ងៃទី ១៥ខែសីហា។
 
លោក Gary Bowerman អ្នកវិភាគទេសចរណ៍មានមូលដ្ឋាននៅទីក្រុងកូឡាឡាំពួរបាននិយាយថា ការផ្លាស់ប្តូរទិដ្ឋាការនឹងជំរុញវិស័យទេសចរណ៍។ ចំនួនភ្ញៀវអន្តរជាតិទៅកាន់វៀតណាមនឹងកើនឡើងជាបណ្តើរៗចាប់ពីខែមិថុនា។
 
បើតាមលោក Bowerman អ្នកទេសចរមកវៀតណាមមិនត្រឹមតែស្វែងរកវិស្សមកាលប៉ុណ្ណោះទេ។ នេះ​ក៏​ជា​ដំណើរកំសាន្តក្នុងការឈប់សម្រាក​ដើម្បី​បង្កើត​ឱកាស​អភិវឌ្ឍន៍​អាជីវកម្ម​ជាច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ក្មេងផងដែរ។
 
លោក Max Lambert ម្ចាស់ Fuse Hostels & Travel ដែលជាអាជីវកម្មទេសចរណ៍នៅទីក្រុង Hoi An ទន្ទឹងរង់ចាំការជំរុញថ្មីនៅពេលដែលគោលនយោបាយទិដ្ឋាការផ្លាស់ប្តូរ។ ក្នុងរយៈពេលបីខែកន្លងមក អាជីវកម្មនេះបានកត់ត្រាការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវអន្តរជាតិដែលស្នាក់នៅសណ្ឋាគារ។ ការកក់បន្ទប់គឺត្រលប់ទៅដូចកម្រិតឆ្នាំ ២០១៩វិញ។
 
ទោះបីជាមានសញ្ញាវិជ្ជមានច្បាស់លាស់ក៏ពិតមែន ប៉ុន្តែចំនួនភ្ញៀវអន្តរជាតិទៅកាន់វៀតណាមមិនទាន់ឈានដល់កម្រិតមុនការរាតត្បាតជំងឺនៅឡើយទេ។ ក្នុងឆ្នាំ ២០១៩ វៀតណាមបានស្វាគមន៍ភ្ញៀវបរទេសជិត ១៩លាននាក់។
 
លោក Lambert បាននិយាយថា វៀតណាមនៅតែមានផ្លូវវែងឆ្ងាយទៀត ប្រសិនបើខ្លួនចង់ប្រកួតប្រជែងដណ្ដើមភ្ញៀវជាមួយថៃ។ ជាការពិតថៃនៅតែជាប្រទេសដែលមានទាក់ទាញទេសចរណ៍ធំបំផុតនៅក្នុងតំបន់ ជាមួយនឹងចំនួនភ្ញៀវអន្តរជាតិកើនឡើងជាលំដាប់។
 
លោក Bobby Nguyen បាននិយាយថា វៀតណាមត្រូវតែកែលម្អលើវិស័យមួយចំនួន ដើម្បីពង្រីកសក្តានុពលរបស់ខ្លួន។ ទេសចរណ៍​ជា​សេដ្ឋកិច្ច​រួម​គ្នា ការ​សម្រប​សម្រួល​រវាង​ក្រសួង​និង​សាខា​ត្រូវ​តែ​មាន​ភាព​ជិតស្និទ្ធ។ ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងប្រព័ន្ធផ្លូវល្បឿនលឿន ផ្លូវដែក និងផ្លូវថ្នល់ មិនទាន់ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅឡើយ។
 
អ្នកជំនាញទេសចរណ៍វៀតណាមបានលើកឡើងថា ជាការចាំបាច់ក្នុងការបណ្តុះបណ្តាលឡើងវិញ និងបណ្តុះបណ្តាលបុគ្គលិកថ្មីដែលធ្វើការក្នុងវិស័យនេះ ដើម្បីបំពេញតាមគុណភាពនៃសេវាកម្មដែលផ្តល់ដល់ភ្ញៀវទេសចរចង់បាន។
 
បើពិនិត្យរវាង​ទេសចរណ៍​ទៅកាន់វៀតណាម និង​ថៃ នឹង​ឃើញ​យ៉ាង​ច្បាស់​នូវ​ភាព​ខុស​គ្នា​នៃ​ចំនួន​ភ្ញៀវ​អន្តរជាតិ​ដែល​រំពឹង​ទុក។ ថៃត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២០លាននាក់ក្នុងឆ្នាំនេះ។ បច្ចុប្បន្ននេះ វិស័យទេសចរណ៍របស់ប្រទេសនេះមានគោលបំណងត្រលប់ទៅកម្រិតឆ្នាំ ២០១៩វិញ ដោយស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣៩លាននាក់។
 
អ្នកវិភាគ Bowerman បាននិយាយថា សម្រាប់អនាគតដ៏ខ្លី ថៃនឹងនៅតែគ្របដណ្តប់លើវិស័យទេសចរណ៍អាស៊ីអាគ្នេយ៍។ ប្រទេស​នេះ​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​គេ សូចនាករ​កំពុង​កើន​ឡើង​ជា​លំដាប់ និង​មិន​មាន​សញ្ញា​នៃ​ការ​ថយ​ចុះ​ឡើយ។
 
លោក Bowerman សង្កត់ធ្ងន់ថា មុនពេលជំងឺរាតត្បាត វៀតណាមមិនត្រូវបានចាត់ទុកថាជាគូប្រជែងជាមួយថៃឡើយ។ យ៉ាងណាមិញ ប្រសិនបើមានការអភិវឌ្ឍន៍ក្នុងសន្ទុះដូចបច្ចុប្បន្ន នេះពិតជាតំបន់ទេសចរណ៍ថ្មីនៃអាស៊ីអាគ្នេយ៍៕ 
 

Tag:
 វៀតណាម
  ថៃ
  អាល្លឺម៉ង់
  ទេសចរណ៍
  អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com